ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ស្រូវ អង្ករ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្នើ​វៀតណាម​ទិញ​តាម​តម្លៃ​ទីផ្សារ​នៅ​វៀតណាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បញ្ហា​ស្រូវ អង្ករ កំពុង​តែ​មាន​តម្លៃ​ទាប រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​ស្នើ​ដល់​វៀតណាម​ជួយ​ដោះស្រាយ​ដោយ​ទិញ​ស្រូវ អង្ករ​ឲ្យ​តាម​តម្លៃ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​បញ្ហា​ស្រូវ អង្ករ កំពុង​តែ​មាន​តម្លៃ​ទាប រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​ស្នើ​ដល់​វៀតណាម​ជួយ​ដោះស្រាយ​ដោយ​ទិញ​ស្រូវ អង្ករ​ឲ្យ​តាម​តម្លៃ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ។

បញ្ហា​តម្លៃ​ស្រូវ អង្ករ ត្រូវ​បាន​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន និង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​ស្ថានភាព​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៣០ មក​រា នៅ​ទីស្តីការក្រសួង​ដោយ​មាន​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ថ្នាក់​ទឹក​នាំ​ក្រសួង លោក​ឧកញ៉ា លោក​អគ្គនាយក​ធនាគារ AGRI BANK តំណាង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ស្រូវ​-​អង្ករ​វៀតណាម មន្ត្រី​ស្ថានទូត និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត ។ បាន​ពិភាក្សា​លើ​បញ្ហា​សំខាន់​ចំនួន​ពីរ​គឺ ទី​១- ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជា​រួម​លើ​ស្ថានភាព​តម្លៃ​ស្រូវ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទី​២-​រួម​គ្នា​ដោះស្រាយ និង​ដាក់​ចេញ​នូវ​យន្តការ​នៃ​ការ​ប្រមូល​ទិញ​ស្រូវ​-​អង្ករ​ពី​កម្ពុជា​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ។

ប្រភព​បាន​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​រួច​មក​កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​យន្តការ​ដោះស្រាយ​នូវ​បញ្ហា​តម្លៃ​ស្រូវ​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​ដូច​ខាងក្រោម ១- ភាគី​វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​ពាណិជ្ជករ​វៀតណាម​បន្ទាប់​មក​នឹង​ធ្វើ​របាយការណ៍​លម្អិត​ជូន​នាយក​រដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ ។

២- ធនាគារ AGRI BANK នឹង​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​សម្រួល​បែបបទ​ផ្សេង​ៗ ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម​សម្រាប់​ជា​ទុន​ប្រមូល​ទិញ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​នេះ​ព្រមទាំង​គាំទ្រ​ដល់​ការ​ផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា​ដែល​ខ្វះ​ទុន​ក្នុង​ការ​ប្រមូល​ទិញ​កសិផល ។ ៣- ភាគី​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា​ឱ្យ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាព​ជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ ។ ៤- ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ។

៥-​ទូរទស្សន៍​វៀតណាម​នឹង​ចុះ​ទៅ​កន្លែង​ប្រមូល​ផល​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ​នៃ​ប្រជុំ​នេះ​ជូន​ដល់​ពាណិជ្ជករ​វៀតណាម​ឱ្យ​ជួយ​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ ។ ៦-​ភាគី​វៀតណាម​បាន​បញ្ជាក់​ជូន​ថា នឹង​ជំរុញ​ឱ្យ​មានការ​ចុះ​អនុស្សរណ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ​-​អង្ករ​ដោយ​អត្រាពន្ធ​សូន្យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ