រាជធានីភ្នំពេញ ៖ លួន សុខេង អ្នកប្រដាល់ចាស់វស្សាមកពីក្លិបសិង្ហកីឡា បានណាត់ជួបឈាន ហុង អ្នកប្រដាល់មកពីក្លិបអាជ្ញាធរជាតិអាវុធគីមី សាកកម្លាំងគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ នាថ្ងៃសៅរ៍ទី៣ សីហា ខាងមុខនេះ ធ្វើឱ្យអ្នកទស្សនាភាគច្រើនមានចិត្តអន្ទៈសាចង់ដឹងយ៉ាងខ្លាំង តើសុខេងអាចមានលទ្ធភាពផ្តួលឈាន ហុង បានឬអត់? សុខេង មានប្រវត្តិឡើងសង្វៀនមុន ឈាន ហុង ប៉ុន្តែបើនិយាយពីល្បិចប្រយុទ្ធនៅលើសង្វៀនវិញមិនមានអ្វីអស្ចារ្យប៉ុន្មានឡើយ ។ សុខេងល្អបានតែស្នៀតកណ្តាប់ដៃ និងស្នៀតជើងបន្តិចប៉ុណ្ណោះ ចំណែកស្នៀតកែង និងជង្គង់គាំងចេញមិនរួចឡើយ រីឯចិត្តក៏មិនសូវសឿងទៀត ។ សម្រាប់ការមកប៉ះឈាន ហុង លើកនេះគេមិនហ៊ានធានាទុកមុនពីលទ្ធផលចាញ់-ឈ្នះឡើយ ។
និយាយពីកីឡាករ ឈាន ហុង វិញគេជាជើងខ្លាំងមួយរូបដែលមានស្នៀតកែងនិងជង្គង់ល្អ ឯចិត្តក៏សឿងទៀត មិនងាយកោតញញើតនរណាម្នាក់ផ្តាសឡើយ ប៉ុន្តែលើកនេះមិនហា៊នក្អេងក្អាងទេ ដោយសារតែគេមិនទាន់ស្គាល់ពីសមត្ថភាពគូប្រកួតច្បាស់លាស់នៅឡើយ ។ វៀត ប៊ុនឌឿន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។ គូនេះក៏ជាជើងខ្លាំងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយសារតែពួកគេទាំង២មានល្បិចប្រយុទ្ធនៅលើសង្វៀនល្អដូចគ្នា និងមានចិត្តសឿងទៀតផង ។ ស្នៀងកែងនិងជង្គង់របស់វៀត ប៊ុនឌឿន អាចធ្វើការវាយចេញបានរហ័សនិងចំគោលដៅបានល្អ ។ ចំណែកឯង៉ែត រដ្ឋា និយមប្រើស្នៀតកែងច្រើនជាងជង្គង់ ហើយការម៉ាត់ចេញរបស់គេភាគច្រើនមិនសូវខុសគោលដៅទៀតផង ។ ទោះបីជាយ៉ាងណា គូនេះអត់មានអ្នកណាហា៊នទស្សន៍ទាយលទ្ធផលចាញ់-ឈ្នះទុកមុនទេ ។
នៅលើសង្វៀនដដែលកីឡាករ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ ត្រូវបានផ្គូផ្គងឱ្យជួបជាមួយកីឡាករ ឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ។ កីឡាករពុទ្ធ ខុនណាត មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន ជួបជាមួយកីឡាករសល់ ប៊ុនហូវ មកពីក្លិបអាស៊ីកីឡា និងកីឡាករម៉ន រដ្ឋា មកពីក្លិបវិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ជួបជាមួយកីឡាករខឹម រតនី មកពីក្លិបបញ្ជាការដ្ឋានទ័ពជើងទឹក ៕
ចែករំលែកព័តមាននេះ