រាជធានីភ្នំពេញ ៖ សំណុំរឿងឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី១៦ ខែមករា លើកពេលសវនាការទៅថ្ងៃទី១២-១៣ ខែកុម្ភៈ បន្ទាប់ពីបើកសវនាការបាន២ថ្ងៃរួចមកហើយ ។
អ្វីដែលអ្នកចូលរួមស្តាប់សវនាការជាសាធារណៈនោះ មានចម្ងល់ថា ហេតុអី្វបានជាសវនាការរយៈពេល២ថ្ងៃមិននាំខ្លួន ឧកញ៉ា ថោង សារ៉ាត់ មកសាកសួរនៅរង្វង់ក្រចកសេះ ព្រោះថោង សារ៉ាត់ គឺជាជាមេខ្លោងពាក់ព័ន្ធនឹងអំពើឃាតកម្មមួយនោះ ។
ចំពោះចម្ងល់បែបនេះ ត្រូវបានគេទម្លាយជាសាធារណៈថា មានលិខិតចេញពីពន្ធគារជម្រាបមកប្រធានក្រុមប្រឹក្សាជំនុំជម្រះ បញ្ជាក់ពីមូលហេតុជនត្រូវចោទ ថោង សារ៉ាត់ មានសុខភាពមិនល្អ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ មិនបានចូលរួមសវនាការទេ ។ នេះមិនមែនជាលើកទី១ទេ ដែលជនជាប់ចោទ ថោង សារ៉ាត់ មិនបានចូលមកឈរនៅមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការសាកសួរដេញដោលក្នុងសំណុំរឿងឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ នោះ ។
ការលើកពេលសវនាការសំណុំរឿងឃាតកម្មនេះ ទៅថ្ងៃទី១២ និងទី១៣ ខែកុម្ភៈខាងមុខ គឺមូលហេតុមេធាវីការពារក្តីឲ្យជនជាប់ចោទជាប់រវល់ ដោយដាក់ពាក្យស្នើសុំមិនបានចូលរួម ទើបដំណើរសវនាការរឿងក្តីឃាតកម្មមួយនេះមិនអាចធ្វើទៅបាន ។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែមករាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណំុរឿងក្តីឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ មកបើកសវនា
ការតាមការកំណត់ដែលតាមគម្រោងគឺមានរយៈពេល៣ថ្ងៃ ។ សំណុំរឿងនេះមានជនជាប់ចោទ៦នាក់ តែម្នាក់បានស្លាប់ក្នុងពន្ធនាគារហើយ ដូច្នេះនៅ៥នាក់ត្រូវឈរនៅមុខរង្វង់ក្រចកសេះ ។ ប៉ុន្តែ ជាក់ស្តែងឧកញ៉ាថោង សារ៉ាត់ ជាមេខ្លោង មិនដែលមានវត្តមានក្នុងសវនាការទេ ។
សំណុំរឿងឃាតកម្មមួយនេះ មានឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស៥នាក់ពាក់ព័ន្ធទៅនឹងអំពើបាញ់ប្រហារសម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ ដែលសាលាដំបូងរាជធានីភ្នំពេញ បានកប់ទុកអស់រយៈជិត៥ឆ្នាំមកហើយនោះ ពេលនេះត្រូវបានគេដឹងថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូង លើកយកមកបើកសវនាការជំនុំជម្រះទោសនៅថ្ងៃទី១៥ ទី១៦និងទី១៧ ខែមករា ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌមួយនេះគឺដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។សេចក្តីជូនដំណឹង បានតម្រូវឲ្យអនុរក្សពន្ធនាគារព្រៃស នាំជនត្រូវចោទទាំង៥នាក់ មកឈរនៅមុខរង្វង់ក្រចកសេះ ដើម្បីឱ្យអង្គសវនាការធ្វើការសាកសួរដេញដោលតាមនីតិវិធី និងសម្រេចលើអង្គសេចក្តី ដើម្បីវិនិច្ឆ័យទោសទៅតាមអំពើដែលពួកគេបានប្រព្រឹត្ត ។
ជនត្រូវចោទមាន ៖
១-ឧកញ៉ា ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន៩៩៩ ជាប់ចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន
២-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនដៃដល់
៣-ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ ជាជនដៃដល់តែបានស្លាប់ក្នុងពន្ធនាគារហើយ ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន
៤-ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ
៥-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និង ៦-ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
ក្នុងសំណុំរឿងនេះមានជនរងគ្រោះ គឺឧកញ៉ា អុឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់កាលពីវេលាម៉ោងជាង៧ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខតូបលក់ផ្លែឈើស្រស់យីហោ«ឡោ តិចសេង» ក្បែរអាងទឹកអូឡាំពិក ខណៈជនរងគ្រោះចុះពីរថយន្តទំនើបមួយគ្រឿង ។
គួរបញ្ជាក់ថា សំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កន្លងមកក្រុមប្រឹក្សាជំនុំជម្រះធ្លាប់បានលើកយកមកបើកសវនាការជំនុំជម្រះទោសច្រើនលើកហើយ ហើយក៏បានប្រកាសសាលក្រមម្តងរួចហើយដែរ តែសាលក្រមនោះបានប្រកាសចាត់របៀប ពោលគឺបង្វិលសំណុំរឿងឲ្យចៅក្រមសើុសួរបើកការសើបអង្កេតឡើងវិញ ព្រោះមានចំណុចមួយចំនួនស្ថិតនៅមានការសង្ស័យ និងនៅសេសសល់មិនទាន់សួរគ្រប់ជ្រុងជ្រោយ ។ ដូច្នេះហើយ ការសើុបសួរនោះបានអូសបន្លាយពេលជិត១ឆ្នាំ ទើបចៅក្រមសម្រេចបិទការសើុបសួរ និងចាត់បញ្ជូនឲ្យចៅក្រមបើកសវនាការជាថ្មីនេះ ។
អ្នកតាមដានបានសង្កេតឃើញថា សំណុំរឿងក្តីឃាតកម្មមួយនេះ ហាក់ដូចជាមានភាពចម្រូង
ចម្រាសប្រឈមចំពោះមុខដូចជា ៖
១-រាល់ពេលសវនាការ មិនសូវឃើញវត្តមានឧកញ៉ា ថោង សារ៉ាត់ ឈរមុខរង្វង់ក្រចកសេះទេ ដែលជារឿងព្រហ្មទណ្ឌនោះ ។
២-សវនាការបានធ្វើឡើងជាច្រើនលើក ទីបញ្ចប់ការសាកសួរដេញដោលនៅតែសេសសល់ចំណុចសង្ស័យ។
៣-ជនត្រូវចោទគឺឧកញ៉ា ថោង សារ៉ាត់ ទោះបីចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាន្ន តែជនត្រូវចោទរូបនេះមិនស្ថិតក្នុងពន្ធនាគារទេ ពោលគឺដេកនៅបន្ទប់មា៉សុីនត្រជាក់ក្នុងមន្ទីរពេទ្យរហូត ក្រោមរូបភាពមានជំងឺប្រចាំកាយ ៕
ចែករំលែកព័តមាននេះ