រាជធានីភ្នំពេញ ៖ អ្នកនាងគឹម សុគន្ឋា នាពេលបច្ចុប្បន្នស្ងប់ស្ងាត់ពីអាជីពចម្រៀងងាកទៅធ្វើជាអ្នកស្មូត្រតាមកម្មវិធីបុណ្យ និងតាមវត្តអារាមនានាវិញ ។ច្រើនឆ្នាំមកហើយគឹម សុគន្ឋា មិនសូវឃើញចេញមុខតាមកញ្ចក់ទូរទស្សន៍ទេ ។ ឃើញនាងបង្ហាញវត្តមានតែក្នុងឱកាសបុណ្យជាតិម្តងម្កាលដូចជាសម្តែងឲ្យសមាគមទូរទស្សន៍ពេលចូលឆ្នាំថ្មី ឬកម្មវិធីបុណ្យ៧មករាតែប៉ុណ្ណោះ ។ ដូច្នេះហើយអ្នកស្រឡាញ់សំឡេងរបស់អ្នកនាងសុគន្ធា សោកស្តាយដែលមិនបានស្តាប់បទ ថ្មីៗរបស់នាង ។ អ្នកគាំទ្រមួយចំនួនចង់ឲ្យបណ្តាស្ថានីយទូរទស្សន៍ គួរតែផ្តល់ឱកាសដល់គឹម សុគន្ឋា ដើម្បីបង្ហើរសំនៀង ។

ខណៈទីផ្សារផ្នែកចម្រៀងសម័យស្ងប់ស្ងាត់ អ្នកនាងគឹម សុគន្ឋ បានងាកទៅហាត់ស្មូត្រដែលជាវិធីមួយផ្សេងទៀតដើម្បីរកប្រាក់ចំណូល។ អ្នកនាងសុគន្ធា បានប្រឹងប្រែងឈ្វេងយល់បែបបទកំណាព្យដើម្បីប្រើឲ្យច្បាស់ពេលចេញទៅស្មូត្រតាមវត្តអារាម និងរោងបុណ្យនានា។

នៅលើហ្វេសប៊ុករបស់អ្នកនាងគឹម សុគន្ឋា តែងតែបង្ហោះរាល់រូបភាពស្មូត្រនៅតាមខេត្តរហូតដល់ក្រៅប្រទេស។អាចបញ្ជាក់បានថាអាជីពថ្មីរបស់គឹម សុគន្ឋា មានភាពមមាញឹកដោយសារតែការស្មូត្ររបស់អ្នកនាងមានភាពផ្អែមស្រទន់គួរឲ្យចង់ស្តាប់ ជាពិសេសត្រូវចិត្តលោកតាលោកយាយ ។

អ្នកនាងគឹម សុគន្ឋា ហាក់យល់ដឹងពីពុទ្ឋចក្រច្រើន ពិសេសធម៌អាថ៌ គឺជ្រាបយល់ដូចជាអ្នកកាន់សីលម្នាក់ដែរ ។ ដំណើរវិវឌ្ឍថ្មីនេះរំពឹងថាធ្វើឲ្យនាងលេចធ្លោជាមួយការស្មូត្រ ។ លោកតាលោកយាយមួយចំនួនដែលធ្លាប់ស្តាប់អ្នកនាងគឹម សុគន្ធា ស្មូត្រនៅតាមរោងបុណ្យ បានសរសើរថាទឹកដមសំឡេងស្មូត្ររបស់នាងពីរោះដូចច្រៀងដែរ ។

អ្នកធ្លាប់គាំទ្រអ្នកនាងគឹម សុគន្ធា ម្នាក់កាលពីពេល ថ្មីៗកន្លងមកនិយាយថា នាងខកខានឃើញមុខអ្នកនាងគឹម សុគន្ធា នៅតាមកម្មវិធីប្រគំតន្ត្រីទូរទស្សន៍នានាជាយូរមកហើយ តែមិនដឹងថាមកពីហេតុអ្វីទេ ។ ទោះជាយ៉ាងណាក្តីនាងកាត់យល់ថាមកពីអ្នកនាងគន្ធា វ័យកាន់តែច្រើន ហើយទន្ទឹមនេះតារាចម្រៀង ក្មេងៗ ស្រស់ស្អាតមានច្រើន ។ បច្ចុប្បន្នតារាចម្រៀងបែបយុវវ័យមានទីផ្សារជាងតារាចម្រៀង ចាស់ៗ ។
ទោះជាយ៉ាងណាក្តីអ្នកគាំទ្រដដែលនេះមិនបានដឹងថាអ្នកនាងគឹម សុគន្ធា ងាកទៅចាប់អាជីពស្មូត្រតាមកម្មវិធីបុណ្យទានទេ ។

អ្នកនាងគឹម សុគន្ធា បានចូលរួមប្រលងចម្រៀងថ្នាក់ជាតិជាប់ចំណាត់ថ្នាក់លេខ១ កាលពីអំឡុងទសវត្ស៩០ ហើយតាំងពីពេលនោះមកនាងល្បីឈ្មោះជាតារាចម្រៀងមនោសញ្ចេតនា ។ ទឹកដមសំឡេងរបស់នាងទទួលបានការកោតសរសើរថាពីរោះលំនាំរាជិនីសំឡេងមាសរស់ សេរីសុទ្ធា ។ បច្ចុប្បន្នអ្នកនាងគឹម សុគន្ធា ស្រអាប់រស្មីពីអាជីពចម្រៀង តែនាងរីករាយនឹងអាជីពស្មូត្រវិញ ៕
ចែករំលែកព័តមាននេះ