ខេត្ដស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអំពើឃាតកម្មដ៏រន្ធត់មួយ ដោយស្ត្រីវ័យចំណាស់ម្នាក់ត្រូវឃាតករអារ.កសម្លាប់ចោលក្នុងថ្លុកឈាមនៅក្នុងផ្ទះ ដែលបានកើតឡើងកាលពីម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិឬស្សីលាប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ស្ត្រីជាជនរងគ្រោះមានឈ្មោះ ចាប ប៉ាក អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនដៃដល់បានគេចខ្លួនបាត់ស្រមោល ។
សេចក្តីរាយការណ៍បន្តថា ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញសហការជាមួយនគរបាលស្រុក បានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពដោយបានឃើញថា ជនរងគ្រោះមានស្លាកស្នាមអារ.កនឹងកាំបិត ។ ហើយក្នុងនោះក៏មានបន្សល់ទុកលុយខ្មែរ២៣៤.០០០រៀល លុយដុល្លារ៦៥ដុល្លារ លុយវៀតណាម១លាន៤សែនដុង និងទូរស័ព្ទ១គ្រឿងផងដែរ ។
សេចក្តីរាយការណ៍បន្តទៀតថា បន្ទាប់ពិនិត្យរួចរាល់ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា ករណីខាងលើនេះជាករណីឃាតកម្ម តែទោះជាយ៉ាងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕

ចែករំលែកព័តមាននេះ