ខេត្តប៉ៃលិន ៖ តម្លៃស្វាយកែវរមៀតចុងរដូវនៅឆ្នាំនេះហាក់ធ្លាក់ចុះបន្តិច បើធៀបនឹងតម្លៃពេលចាប់ប្រមូលផលដំបូង ខណៈការដឹកចេញទៅប្រទេសថៃ ត្រូវបង់ថ្លៃសេវាទាំងខាងសតម្ថកិច្ចខ្មែរ និងខាងភាគីថៃផងដែរ ។
អ្នកដើរម៉ៅស្វាយតាមចម្ការរបស់កសិករនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងថា តម្លៃផ្លែស្វាយកែវរមៀតនៅចុងរដូវនេះ មានការធ្លាក់ចុះជាងនៅដើមរដូវ ដោយ១គីឡូក្រាម តម្លៃ៦បាតប្រាក់ថៃ ឬស្មើនឹងជាង៦០០រៀល និងយកទៅលក់ឲ្យឈ្មួញថៃ បាន១គីឡូក្រាម តម្លៃ៨បាត ឬស្មើនឹងជាង៨០០រៀលទេ ។
អ្នកស្រី ម៉ៅ ធឿន អ្នកដើរម៉ៅចម្ការស្វាយរូបនេះបន្ដថា ៖« កាលពីដើមរដូវ ផ្លែស្វាយកែវរមៀត អាចលក់បានរហូតដល់១គីឡូក្រាម តម្លៃពី២០ទៅ២៥បាតឯណោះ ប៉ុន្ដែអាស្រ័យលើស្វាយល្អ ឬស្វាយអន់ដែរ ។ ទោះយ៉ាងនេះក្ដី ក៏នៅតែខ្ពស់ជាងតម្លៃសព្វថ្ងៃដែរ »។ អ្នកស្រីបន្ថែមថា ៖« នៅចុងរដូវនេះ ថ្វីបើតម្លៃធ្លាក់ចុះ តែតម្លៃឈ្នួលកម្មករនៅដដែល ។ ជាស្ដែង ថ្ងៃនេះ (ថ្ងៃទី៨ ធ្នូ) ខ្ញុំជួលកម្មករឱ្យបេះស្វាយបានចំនួនជាង២តោន ដោយកម្មករម្នាក់ជួលថ្លៃ៤ម៉ឺនរៀល ទាំងបេះ និងច្រកដាក់ថង់ »។ អ្នកស្រីកត់សម្គាល់ថា នៅឆ្នាំនេះ បើទោះជាតម្លៃធ្លាក់ចុះ តែនៅតាមចម្ការនីមួយៗ សង្កេតឃើញប្រជាពលរដ្ឋនាំគ្នាសម្រុកដាំដំណាំផ្លែស្វាយកែវរមៀតច្រើន ដោយម្នាក់ៗរំពឹងថា ទីផ្សារកសិផលមួយនេះនឹងប្រសើរនៅឆ្នាំខាងមុខ ខណៈមានក្រុមហ៊ុនមួយចំនួនគ្រោងនាំចេញស្វាយទៅកូរ៉េ និងអឺរ៉ុបជាដើម ។ អ្នកស្រីថា ៖« ប្រសិនបើយើងមានលទ្ធភាពនាំចេញដោយខ្លួនឯង នោះទីផ្សារស្វាយនឹងល្អ ហើយខ្ញុំក៏ចង់ឱ្យតម្លៃវាមានលំនឹងដែរ ព្រោះមិនចង់ឱ្យឈ្មួញថៃដាក់តម្លៃឡើងចុះស្រេចតែចិត្ត »។
បច្ចុប្បន្ននេះ ទូទាំងប្រទេសកម្ពុជាមានចម្ការស្វាយជាង១០ម៉ឺនហិកតា ក្នុងនោះគ្រាន់តែនៅខេត្តកំពង់ស្ពឺមានផ្ទះដីដំណាំស្វាយជាង៤៥.០០០ហិកតា ហើយក្នុង១ឆ្នាំ កម្ពុជាអាចផលិតស្វាយបានពី៧០ម៉ឺនទៅ១លានតោន ។
ប្រធានសមាគមស្វាយកំពង់ស្ពឺ លោក អុិន ឆៃវ៉ាន បានឲ្យដឹងថា តម្លៃផ្លែស្វាយរបស់កសិករ មានឡើងមានចុះទៅតាមដូវ ហើយមានពេលខ្លះទៀត ដោយសារតែពួកឈ្មួញខិលខូច ចង់ទម្លាក់តម្លៃទីផ្សារ ក៏បានយកស្វាយអន់ៗ ឬផ្លែដែលមានផ្ទុកសារធាតុហាមឃាត់ខ្ពស់ទៅកាន់ទីផ្សារប្រទេសជិត ហើយនៅពេលគេមិនទទួលយក ក៏យកស្វាយទាំងនោះទៅចាក់ចោល រួចថតបង្ហោះតាមបណ្ដាញសង្គមធ្វើឲ្យមហាជនយល់ច្រលំថាស្វាយកម្ពុជាគ្មានទីផ្សារ ។
បើតាមអ្នកជំនាញនិយាយថា ដើម្បីរក្សាតម្លៃផ្លែស្វាយឲ្យនៅខ្ពស់លើទីផ្សារ កសិករ ឬកម្មករត្រូវប្រមូលផលដោយប្រុងប្រយ័ត្ន។ ជាក់ស្ដែង នៅពេលបេះត្រូវតែថ្នម និងស្ទើរតែមិនឲ្យប៉ះផ្ទាល់នឹងដី ឬប៉ះទង្គិចគ្នា ព្រោះនៅពេលនាំចេញទៅកាន់ទីផ្សារឆ្ងាយៗ គឺស្វាយខ្ចីមិនទាន់ទុំ តែនៅពេលទៅដល់ប្រទេសនោះ ស្វាយនឹងទុំល្មម។ ដូចនេះ បើសិនជាស្វាយនោះប៉ះដោយប្រើកម្លាំងខ្លាំង ប៉ះទង្គិចគ្នា ឬធ្លាក់ផ្ទាល់ដី វានឹងត្រូវជាំសាច់ ហើយគេនឹងលែងទិញ ឬក៏អាចវាយតម្លៃផលិតផលយើងទៀតផង ៕
ចែករំលែកព័តមាននេះ