ខេត្តព្រះសីហនុ ៖ មនុស្សក្លែងពាក់ស្បង់ចីវរជាលោកសង្ឃចំនួន5នាក់រួមទាំងវត្ថុតាងពាក់ព័ន្ធសេពគ្រឿងញៀនមួយចំនួនត្រូវបានកម្លាំងអធិការនគរបាលស្រុកព្រៃនប់នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកនៅល្ងាចថ្ងៃទី08 ខែធ្នូ ឆ្នាំ2018 នៅចំណុចផ្ទះសំណាក់ ហ្វីលីតា ស្ថិតក្នុងភូមិអូតាប៉ាង អូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៌ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើលោកបានចាត់លោកវរសេនីយ៍ត្រីយ៍ ឈុន រតនៈ ទទួលបន្ទុកគ្រឿងញៀនចុះទៅដល់ទីតាំងផ្ទាល់ ហើយក្រោមការចង្អុលបង្ហាញសហការល្អពីលោក ហួត បូរ៉ា ម្ចាស់ផ្ទះសំណាក់យីហោហ្វីលីតា ដល់បន្ទប់សង្ស័យហើយជាក់ស្តែងឃើញលោកសង្ឃចំនួន5អង្គ(ក្លែងក្លាយ)រួមទាំងវត្ថុតាំងពាក់ព័ន្ធការសេពសារធាតុញៀនក៏បាននាំទៅកាន់អធិការដ្ឋានដើម្បីសួរនាំ ។
លោក ហួរ យ៉ៃ បានបន្តថា តាមរយៈនៃការសើបអង្កេត និងមានការនិមន្តចូលរួមពិនិត្យពីព្រះតេជគុណ ឈឹម យុត ព្រះអនុគុណស្រុកព្រៃនប់ និងជាព្រះចៅអធិការវត្តវសលមាសទាំងប្រាំនាក់គឺជាជនក្លែងបន្លំជាសង្ឃដើរសុំលុយក្នុងគោលបំណងទិញគ្រឿងញៀនប្រើប្រាស់ផ្ទាល់ខ្លួន ។
លោកអធិការបន្ថែមថា សង្ឃក្លែងក្លាយទាំងនោះមាន ទី១-ឈ្មោះ សូវ មិត្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ទី២-ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចអ្នកទី១, ទី៣-ឈ្មោះ មាស ស៊ីរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅដូចអ្នកទី១ ។
ទី៤-ឈ្មោះ ជី ភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ដូចអ្នកទី១ និងទី៥-ឈ្មោះ ខាត យន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ សម្ភារដកហូតរួមមាន ស្បង់ចីវរចំនួន៥កំភ្លេរ, បាទចំនួន៣ ទាំងប្រាំអ្នកត្រូបានផ្សឹកដោះស្បង់ចេញពីសំណាក់ព្រះអនុគុណស្រុកហើយកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ