ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ក្រោម​លេស​ស្តារ​បាត​អាង​និង​ជួសជុល​ទំនប់​កុមារ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ធ ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្រោម​លេស​ស្តារ​បាត​អាង និង​ជួសជុលទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ធ ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្រោម​លេស​ស្តារ​បាត​អាង និង​ជួសជុលទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​មិន​ទាន់​មានច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ពី​មន្ទីរ ក្រសួង​ពាក់ព័ន្ធ​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​និង​ដឹក​ជញ្ជូន​ចេញ​ជា​រៀងរាល់ថ្ងៃ ។

សូម​រំឭក​ថា ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ធ បាន​ដាក់​គ្រឿងចក្រ​មក​បូម​ខ្សាច់​នៅ​ទំនប់​កុមារ ក្រោមហេតុផល ​ជួសជុល​ទំនប់​ទ្វារ​ទឹក និង​ស្តារ​បាត​អាង តាម​ការ​ស្នើ​សុំ​របស់​សហគមន៍​ដែល​មាន​លោក ស៊ិ​ន សា​រ៉ាត់ ដែល​តាំងខ្លួន​ជា​ប្រធាន​សហគម​ន៍ (​ក្នុង​ពាក្យ​ស្នើ​សុំ​ដាក់​ជា​ប្រធាន​សហគមន៍​) តែ​ក្រោយមក​ថា ជា​តំណាង​ប្រជាពលរដ្ឋ ប៉ុន្តែសហគមន៍​នេះ​មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នៅឡើយ​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​បានអាជ្ញាប័ណ្ណ​ជួសជុល​ទំនប់ ស្ដារ​បាត​អាង និង​ទ្វារ​ទឹក​នៅ​ចំណុច​ខាងលើ​រួច​មក ក្រុមហ៊ុន រឿ​ន ថាវរិ​ទ្ធ បែរជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម ទៅ​វិញ គឺ​ខុស​នឹង​ច្បាប់​ស្ដី​ពី​រ៉ែ​និង​ថាមពល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ពេល​កន្លង​ទៅ លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថា​មពល​ខេត្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រឿងជួសជុល​ទំនប់ ស្ដារ​បាត​អាង​នៅ​ទំនប់​កុមារ គឺ​គេ​មានច្បាប់​វា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រឿង​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​គឺ​ខុស​នឹង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រ៉ែ និង​ថាមពល ។ ហេតុនេះ ក្រុមហ៊ុន​ត្រូវ​តែ​ធ្វើ​ច្បាប់​សុំ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល ដើម្បី​បង់​សួយសារអាករ​ឱ្យ​បាន​ត្រឹមត្រូវ ។

កាល​ណោះ លោក អ៊ុ​ក រស់ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​បូម​ខ្សាច់​ខាងលើ ក៏​បាន​ប្រាប់​ថា បើ​មានច្បាប់​ស្តា​បរាត​អាង​គឺ​អាច​បូម​បាន តែ​ហាម​ធ្វើ​អាជីវកម្ម មាន​ន័យ​ថា បូម​បាន​តែ​ហាម​ដឹក​ខ្សាច់​ចេញ​យក​ទៅ​លក់​ធ្វើ​អាជីវកម្ម​! ចំណុច​សំខាន់​គឺ​នៅ​ត្រង់​ហ្នឹង ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នៅ​តែ​បូម​ខ្សាច់​ដឹក​ចេញ​ទៅ​លក់​ដោយ​រលូន​ជា​រៀងរាល់ថ្ងៃ ទាំង​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ ។ ជុំវិញ​បញ្ហា​នេះ នៅ​រសៀល​ថ្ងៃ​ទី ៥​ខែធ្នូ ឆ្នាំ​២០១៨ លោក អ៊ុ​ករស់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ធ ពិតជា​មិន​ទាន់​មានច្បាប់​នៅឡើយ​ទេ និង​កំពុង​តែ​រត់​ច្បាប់ (sic) ។ ទោះជា​យ៉ាងនេះ​ក្តី មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​ហើយ​នៅ​មិន​ទាន់​បាន​ច្បាប់​នៅឡើយ ហើយ​បើ​បែប​នេះ​មែន​គឺ​ប្រៀប​បាន​នឹង​អត្ថន័យ​ថា ក្រុម​ហុ​៊​ន​ខាងលើ​នេះ​កំពុង​កាត់​ក្បាល​តម្រូវ​មួក គឺ​មិនមែន​កាត់​មួក​តម្រូវ​ក្បាល​នោះ​ទេ ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ភូមិ​អ្នកតា​ហាង សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិសេស​ក្រសួង​ពាក់ព័ន្ធ​ខាងលើ ជួយ​ពិនិត្យ​លើ​ច្បាប់​របស់​ក្រុមហ៊ុន​រឿ​ន ថា​វរិ​ទ្ធ នេះ​ឡើង​វិញ​ផង ។ ម្យ៉ាងវិញទៀត តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​និង​សហគមន៍​នេសាទ ដែល​មានច្បាប់​ត្រឹមត្រូវ កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​អាង​ទំនប់​ទឹក​កុមារ ព្រោះ​មាន​ពាក្យ​លេចឮ​មក​ខាងក្រៅ​ថា សហគមន៍​គ្មាន​ច្បាប់​ខាងលើ​បាន​ចាត់ចែង​លក់​ដី​អាង​ជា​ប្រភេទ​ព្រៃ​លិច​ទឹក នៅ​ចំណុច​ខាងលើ​ប្រមាណ​២២​ហិ​កតា ដោយ​ក្នុង​មួយ​ហិ​កតា​មាន​តម្លៃ​ពី​១២.០០០​ដុល្លារ ទៅ​១៥.០០០​ដុល្លារ ។

ជុំវិញ​ព័ត៌មាន​នេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺពី​លោក ស៊ិ​ន សា​រ៉ាត់ ដែល​អះអាង​ថា​ជា​តំណា​ង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ បើ​មានការ​ឆ្លើយ​តប​ណាមួយ​យើង​នឹង​បន្ត​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ