ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានរេចង្កូតធ្លាក់ចេញពីផ្លូវមកខាងឆ្វេងដៃ បណ្តាលឱ្យរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីថ្ងៃទី១ ធ្នូ ២០១៨ លើដងផ្លូវជាតិលេខ៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៦០ និងលេខ១៦១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្ត១គ្រឿងខាងលើម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ ២M-០១៤៣ ពណ៌ សំបកឪឡឹក បើកបរ
ដោយឈ្មោះពេជ្រ គឹម ស្រាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេការបិទក្រដាស និងលាបថ្នាំ មានទីលំនៅភូមិថ្មគោល ឃុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានរងរបួសស្រាល។
អ្នករួមដំណើរជិះក្នុងរថយន្តមានចំនួន៤នាក់ ក្នុងនោះ២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ បានរងរបួសស្រាល ចំណែក២នាក់ទៀតរួមមាន ១-ឈ្មោះស្រាង ឡៃហួ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកូនជាង មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ បានរងរបួសធ្ងន់ ២-ឈ្មោះធឹម ភស្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកូនជាង មានទីលំនៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានរងរបួសធ្ងន់ ។
ក្រោយកើតហេតុ អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅគ្លីនិកឯកជនវាលរេញ រីឯរថយន្តត្រូវបានប្រគល់អោយប៉ូលិសរដ្ឋបាលឃុំតានៃ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ