រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ច័ន្ទសម្ផស្ស ដែលបានរៀបការជាមួយបុរសពោះម៉ាយជាថៅកែចម្ការកៅស៊ូ នៅខេត្តបន្ទាយមានជ័យ ជាច្រើនខែមកហើយនោះ នៅតែមិនព្រមបង្ហាញមុខស្វាមីឱ្យសាធារណជនបានស្គាល់ទេ ។ តារាចម្រៀងរូបនេះនៅតែប្រកាន់ជំហរមិនបង្ហាញមុខស្វាមីដដែល ដោយសំអាងថា ជាជីវិតផ្ទាល់ខ្លួន ហើយនាងបានបង្ហាញតែគម្រោងអាជីពសិល្បៈប៉ុណ្ណោះ ។ ពេលនេះនាងកំពុងត្រៀមចេញទៅសម្តែងនៅប្រទេសកាណាដា ។
កែវ ច័ន្ទសម្ផស្ស ទោះជាមានស្វាមីមែន តែអ្នកមិនដឹងស្មានតែនៅលីវ ព្រោះមង្គលការនាងធ្វើឡើងនៅជាយដែនឯណោះ ។ តារាចម្រៀងបែបមនោសញ្ចេតនា ដែលមានសំឡេងធ្ងន់ល្អ ហើយមានមុខច្រៀងប្រចាំក្រុមតន្ត្រីរាជវាំង និងពិធីបែបធំដុំ កែវ ច័ន្ទសម្ផស្ស នៅតែធ្វើឱ្យគេងឿងឆ្ងល់ សូម្បីតែអ្នកសិល្បៈក៏យល់បែបនេះដែរថា ហេតុអ្វីនាងរៀបការមិនប្រាប់គេឱ្យដឹង ។ មានការលើកឡើងថា ដោយសារតែសម្ផស្សយល់ថា បើបង្ហាញមុខស្វាមីខ្លាចប៉ះពាល់ដល់អាជីពសិល្បៈ និងមុខរបររកស៊ី ព្រោះតារាស្រីមួយចំនួនយល់ថា បើមានស្វាមី មានអ្នកគ្រងបេះដូងច្បាស់ជាអាជីពសិល្បៈមិនដូចជាកាលពីនៅលីវទេ ។ អុីចឹងហើយបានជាសម្ផស្សសុខចិត្តជ្រើសរើសយកផ្លូវលាក់ស្វាមីមិនឱ្យគេស្គាល់ សូម្បីតែកាលពីប៉ុន្មានខែមុននាងបណ្តើរស្វាមីចូលហាងមួយ ហើយអ្នកសារព័ត៌មានប្រទះឃើញសុំថតរូបនាង និងប្តី តែនាងទទូចសុំមិនឱ្យបញ្ចេញរូបថតនោះឡើយ ។ ទោះជាយ៉ាងណាក្តី មហាជននៅរង់ចាំ និងសង្ឃឹមថា វេលាណាមួយនាងនឹងបើកចិត្តលាតត្រដាងរឿងមួយនេះជូនសាធារណជនឱ្យស្រឡះ សមជាតារារបស់មហាជនដែលទទួលស្គាល់ពីទេពកោសល្យរបស់នាង មិនខាន ។
កែវ ច័ន្ទសម្ផស្ស និយាយកាលពីពេលថ្មីៗនេះថា «រាល់ថ្ងៃខ្ញុំឡើងចុះបន្ទាយមានជ័យ និងភ្នំពេញ ទៅមកៗជាប្រចាំ និងមានពេលខ្លះនៅភ្នំពេញផង ខេត្តផង បើមានការងារសិល្បៈច្រើនជាប់ៗគ្នា នាងខ្ញុំមិនទៅបន្ទាយមានជ័យទេ ព្រោះមានផ្ទះនៅភ្នំពេញស្នាក់នៅដែរ ។ ជីវិតផ្ទាល់ខ្លួនរបស់នាងខ្ញុំគឺមិនទាន់ចង់បើកកកាយច្រើនទេ ព្រោះយល់ថា បុគ្គលណាក៏មានរឿងខ្លះលាក់ដែរ មិនអាចប្រាប់អ្នកណាបានតាមចិត្តឡើយ ។ ម៉្យាងរឿងស្វាមីនោះ នាងខ្ញុំមិនលាក់ថាមិនទាន់រៀបការទេ ពោលមុននឹងរៀបការ គឺប្រាប់បងប្អូនជាមុនហើយថា នាងខ្ញុំរៀបការ គ្រាន់តែធ្វើនៅឆ្ងាយ បើនៅក្រុងវិញច្បាស់ជាមិនផុតពីដៃអ្នកកាសែតឡើយ» ។
អតីតតារាចម្រៀងដែលធ្លាប់រងព័ត៌មានស្នេហាជាមួយលោក គង់ សុទ្ធារិទ្ធិ កាលពីមិនទាន់រៀបការរូបនេះបញ្ជាក់ថា ឥឡូវនេះនាងកំពុងតែជាប់រវល់ច្រើនក្នុងអាជីពសិល្បៈ ព្រោះក្រៅពីច្រៀង នាងបានចាប់យកអាជីពជាពិធីការិនីមួយទៀតនៅស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ គឺកម្មវិធី «K4ខារ៉ាអូខេ» ដែលចាប់ដៃគូជាមួយលោក អ៊ុក ណារីម ។ ក្រៅពីនេះ នៅពេលឆាប់ៗនេះ នាងគ្រោងចេញទៅប្រទេសកាណាដា រយៈពេល១ខែកន្លះ ដោយមិនហ៊ានទៅច្រើនខែទេ ខ្លាចប៉ះពាល់ដល់ការងារក្នុងស្រុក ព្រោះនៅចុងឆ្នាំ នាងមានការងារច្រើនបន្តទៀត ៕
ចែករំលែកព័តមាននេះ