រាជធានីភ្នំពេញ ៖ លោក រឿម រ៉ាម៉ូ មួយរយៈនេះកំពុងតែលេចធ្លោក្នុងការសម្តែង ជាក់ស្តែងជារៀងរាល់រាត្រីថ្ងៃចន្ទ ដល់ពុធ លោកមានវត្តមានក្នុងខ្សែភាពយន្តរឿង «ម្តាយក្មេករើសកូនប្រសា» ដែលបញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័នព័ត៌មាន ។ លោករ៉ាម៉ូ ដែលជាតួអង្គសំខាន់ម្នាក់ដែរក្នុងរឿងនោះមិនហ៊ានទទួលយកកិច្ចសន្យាថតរឿងថ្មីទេ ព្រោះលោកត្រៀមទៅប្រទេសបារាំងដើម្បីសម្តែងក្នុងរយៈពេល៣ខែ ។
ឆ្នាំ២០១៣នេះ អាជីពសិល្បៈរបស់លោក រឿម រ៉ាម៉ូ ហាក់កាក់កបគ្រាប់បើ បើធៀបនឹងមួយរយៈមុន ព្រោះក្រៅពីមានមុខជាតួអង្គសំខាន់ ថែមទាំងមានវត្តមានតាមកញ្ចក់ទូរទស្សន៍មួយចំនួនជាញឹកញាប់ រាប់ទាំងការចូលលេងហ្គេមកម្សាន្តនានារបស់ទូរទស្សន៍ទៀត ផង ។ ក្រៅពីនេះ លោករ៉ាម៉ូ ដែលមានទម្រង់មុខបែបបុរសខ្មែរអង្គរ ក៏ជាបេក្ខជនម្នាក់ចូលប្រកួតប្រជែងដណ្តើមពានរង្វាន់អប្សរាប្រចាំឆ្នាំ២០១៣នេះផងដែរ ។
តារាសម្តែងដែលត្រូវប៉ាន់តែតួអង្គស្តេច និងតួអង្គអ្នកក្លាហាន ព្រោះមានដងខ្លួនមាំ សាច់ដុំធំរូបនេះ ជិតចេញទៅប្រទេសបារាំងហើយ បន្ទាប់ពីសម្រេចទទួលសំណើពីអ្នករៀបចំនៅទីនោះ ដើម្បីបំពេញបំណងចង់ឃើញមុខលោកផ្ទាល់របស់ខ្មែរយើងនៅទីនោះ ។ ការចេញដំណើរមួយគ្រានេះ លោករ៉ាម៉ូ ចាត់ទុកថាជាជំហានជោគជ័យមួយទៀតក្នុងទំព័រសិល្បៈ ដោយសារក្រៅពីបានទៅបារាំង លោកអាចនឹងឆ្លងដល់ប្រទេសអឺរ៉ុបមួយចំនួនទៀត ដែលជាប្រទេសនៅក្បែរខាងបារាំង ហើយមានបងប្អូនខ្មែរយើងរស់នៅ។
ក្នុងជំនួបមួយនៅពេលថតបញ្ចប់ខ្សែវីដេអូភាគរឿង «ម្តាយក្មេករើសកូនប្រសា» កាលពីពេលថ្មីៗនេះ លោករ៉ាម៉ូ បញ្ជាក់ទាំងទឹកមុខញញឹមរាក់ទាក់ថា លោកមិនទាន់យកការងារថ្មីៗនៅពេលនេះទៀតទេ ព្រោះនៅសល់ពេលខ្លីប៉ុណ្ណោះ យ៉ាងយូរចុងខែនេះលោកចាកចេញទៅសម្តែងនៅប្រទេសបារាំងរយៈពេល៣ខែ ដែលចាត់ទុកថា ជាដំណើរចាកចេញយូរគួរសមសម្រាប់ការសម្តែងលើកនេះ ។ ការពិតបើនិយាយពីការចេញទៅក្រៅប្រទេស លោកធ្លាប់ចេញទៅអាមេរិក អូស្ត្រាលីរួចហើយ ទើបតែផ្អាកនៅសម្តែងក្នុងស្រុកមួយរយៈធំ គឺពីរឆ្នាំ ទើបមានតម្រុយបានទៅសាងកេរ្តិ៍ឈ្មោះនៅក្រៅស្រុកបន្តទៀតនាពេលឆាប់ៗនេះ ។
ការចេញដំណើរតាមអាកាសលើកនេះមានចំនួន៣នាក់ គឺរូបលោកផ្ទាល់ លោក មុត ឧត្តម និងតារាស្រីថ្មីម្នាក់ទៀត ដែលលោកមិនចាំឈ្មោះ ។ លោករ៉ាម៉ូ រំពឹងថា ក្រុមសម្តែងរបស់លោកនឹងទទួលបានការគាំទ្រពីបងប្អូនខ្មែរយើងនៅឯនាយសមុទ្រ ដោយសារតែបានសម្រិតសម្រាំងយកអ្វីដែលជារបស់ខ្មែរទៅបង្ហាញ ពិសេសបទចម្រៀងពីដើមៗមានរាំវង់ រាំក្បាច់ និងឆ្លៀតបញ្ចូលការសម្តែងឈុតឆាកតាមបទចម្រៀងទៀតផង ។
ទាក់ទិននឹងការត្រឡប់មកស្រុកកំណើតវិញ លោករ៉ាម៉ូ អះអាងថា លោកមិនទាន់ដឹងថា ក្រោយពីវិលមកកាន់ស្រុកយើងវិញ មានកម្មវិធីសម្តែងថ្មីនៅឡើយទេ ចាំមកវិញគិតទៀត ព្រោះរឿងទទួលយកអ្វីដែលពាក់ព័ន្ធនឹងសិល្បៈ គឺលោកបានផ្អឹបចោលទាំងអស់ ដើម្បីកុំឱ្យប៉ះពាល់ការងារគេមិនមែនជារឿងល្អឡើយ ។ មហាជនរំពឹងថា ក្រោយពីលោករ៉ាម៉ូ ត្រឡប់មកវិញ ច្បាស់ជាមានអ្នកគាំទ្រដូចដើម និងច្បាស់ជាមានរឿងថ្មីៗសម្តែងបន្តមិនខាន ៕
ចែករំលែកព័តមាននេះ