ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បង្ក្រាបល្បែង​បញ្ជល់អាគក…ជា​ល្បិច​មន្ត្រីខូចទេ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបាត់ដំបង ហាក់​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ចំពោះ​អនុ​សាសន៍​​សម្ដេច​ក្រឡាហោម ស ខេ​ង ដែល​សម្ដេច​បាន​ចេញ​សេចក្ដីណែនាំ ឬ​បទបញ្ជា​ដដែល​ៗ ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបាត់ដំបង ហាក់​មិន​ទាន់​បាន​អនុវត្ត​ឱ្យ​​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ចំពោះ​អនុ​សាសន៍​​សម្ដេច​ក្រឡាហោម ស ខេ​ង ដែល​សម្ដេច​បាន​ចេញ​សេចក្ដីណែនាំ ឬ​បទបញ្ជា​ដដែល​ៗ ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ដែល​គ្មាន​ច្បាប់ទម្លាប់​ ។ ផ្ទុយ​ទៅ​វិញ​ បន​ល្បែង​កាន់តែ​កើនឡើង ហាក់​ផ្គើន​នឹង​អនុ​សាសន៍​​សម្ដេច ហើយ​អ្នកបើកប​ន​ល្បែង​ និង​អ្នក​លេង​​ល្បែង​មួយ​ចំនួន ​ក៏​ជា​មន្ត្រី​នគរបាល​ផង​ដែរ រីឯ​លោកស្នងការ​ខេត្ត​ ហាក់​ធ្វើ​ព្រងើយកន្តើយ​គ្មាន​ចំណាត់​ការ​សោះ​ ចំពោះ​សកម្មភាព​មន្ត្រី​ខិលខូច​នៅ​ក្នុង​អង្គភាព​នេះ​ ។

ជាក់ស្ដែង​ មន្ត្រី​នគរបាល​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ ឈ្មោះ​នូ រ​ដ្ឋា បាន​បើក​សង្វៀន​បញ្ជល់​មាន់ ​ដោយ​ចំហ​​នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ថែម​ទាំង ​មាន​មន្ត្រី​នគរបាល​មួយ​ចំនួន​ ក៏​បាន​ចូលរួម​ប្រព្រឹត្ត​ល្បែង​នេះ​យ៉ាង​វក់វី​ផង​ដែរ​ ។ ប្រភព​ពី​អ្នក​ភ្នាល់​ល្បែង​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​វិច្ឆិកា គេ​ឃើញ​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល មួយ​ក្រុម​បាន​ចុះ​ទៅ​កាន់​ទីតាំង​សង្វៀនមាន់​របស់​មន្ត្រី​ឈ្មោះ​នូ រ​ដ្ឋា ធ្វើ​ឲ្យ​អ្នកលេង​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់​ ផ្អើល​រត់​ពេញ​ស្រែ​។ អ្នកលេង​បាន​ប្រាប់​ថា អ្នក​បើក​ល្បែង​ជា​មន្ត្រី​នគរបាល រីឯ​អ្នកលេង​ពី​៥​ទៅ​៦​នាក់​ នៅ​ក្នុង​ចំណោម​នោះ​ក៏​ជា​មន្ត្រី​នគរបាល​នៅ​ស្នងការ​ខេត្ត​ដែរ​។

ប្រភព​ដដែល​​​បញ្ជាក់​ថា សមត្ថកិច្ច​ប៉ុន្មាន​នាក់​នោះ មិន​បាន​រំខាន​ដល់​ដំណើរការ​ល្បែង​នេះ​យូរ​ទេ ​។ ពួក​គេ​បាន​ដកថយ​វិញ​ភ្លាម​ៗ បន្ទាប់​ពី​ច​ចារ​ត្រូវ​រូ​វ​គ្នា​ជាមួយ​មន្ត្រី​ឈ្មោះរ​ដ្ឋា រីឯ​ដំណើរការ​បញ្ជល់មាន់​ក៏​ចាប់​ផ្ដើម​វិញ​ដែរ ដែល​ចាត់ចែង​ដោយ​ផ្ទាល់​របស់​មន្ត្រី​ឈ្មោះ​នូ រ​ដ្ឋា តែ​ម្ដង​ ។ តាម​ការ​ស្រង់​សំដី​ថា កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ដល់​សង្វៀនមាន់​នេះ គឺជា​កូនចៅ​របស់​លោក​សោម គោ​វិត នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។ ប្រភព​ក៏​បាន​ស្រង់​សំដី​ម្ចាស់​សង្វៀន​ឈ្មោះ​នូ រ​ដ្ឋា ដែរ ដោយ​មន្ត្រី​រូប​នេះ​បាន​និយាយ​ថា មុន​ពេល​បើក​សង្វៀនមាន់​នេះ ខ្លួន​បាន​ទាក់ទង​ប្រាប់​លោក​សោម គោ​វិត រួច​ហើយ តែ​មិនដឹង​យ៉ាងម៉េច​បានជា​បញ្ជា​ឲ្យ​កម្លាំង​ចុះ​មក​កន្លែង​ខ្លួន​ទៀត​… ឬ​ក៏​ច្រឡំ​កន្លែង​ទេ​ដឹង?​។

លោក​សោម គោ​វិត នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​វិច្ឆិកា ជុំវិញ​កិច្ច​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទីតាំង​សង្វៀនមាន់​របស់​មន្ត្រី​ឈ្មោះ​នូ រ​ដ្ឋា ខាងលើ​នេះ​។ ដោយឡែក​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បំភ្លឺ​អំពី​ករណី​នេះ​ដែរ​ថា លោក​សោម គោ​វិត នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​រាយ​ការ​ណ៏​ប្រាប់​លោក​ដែរ​អំពី​ការ​ចុះ​ទៅ​កាន់​ទី​ទាំង​សង្វៀនមាន់​ខាងលើ​នេះ តែ​រហូត​ដល់​ពេល​នេះ មិនឃើញ​មាន​លទ្ធផល​អ្វី​ទេ​។ លោកស្នងការ​រង​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​នឹង​សួរនាំ​មន្ត្រី​ដែល​បើក​ល្បែង​នេះ ព្រោះ​ខ្លួន​ជា​សមត្ថកិច្ច​មិន​គួរ​ពាក់ព័ន្ធ​នឹង​បន​ល្បែង​ដូច្នេះ​ឡើយ​។

គួរ​កត់សម្គាល់​ដែរ​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​ហាក់​កំពុង​កើត​មាន​ស្ទើរ​គ្រប់​តាម​បណ្ដា​ស្រុក និង​ក្រុង ក្នុង​ខេត្តបាត់ដំបង ដែល​ទីតាំង​ល្បែង​ខ្លះ​ត្រូវ​គេ​សង្ស័យ​ថា ការពារ​ដោយ​មន្ត្រី​ខិលខូច​មួយ​ចំនួន​យ៉ាង​ពេញ​ទំហឹង​​តែ​ម្ដង​។ ឧ​ទា​ហរ​ណ៍ ដូច​ជា​សង្វៀន​បញ្ជល់មាន់ អាប៉ោង បៀរ និង​ហ្គេ​ម​បាញ់​ត្រី ដែល​កំពុង​បើក​ដំណើរ​យ៉ាង​គ​គ្លើ​ន ជ្រោក​ក្រោម​កន្ទុយ​ស្លាក​កាស៊ីណូ និង​ក្រោម​ក្លៀក​សមត្ថកិច្ច​ស្រុក​សំពៅ​លូន ជាដើម ដែល​គ្មាន​ការ​បង្ក្រាប​ឡើយ​។

ជុំវិញ​បទល្មើស​ល្បែងស៊ីសង​គ្មាន​ច្បាប់​ដែល​កំពុង​ជ្រោក​ក្រោម​ក្លៀក​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន ដែល​មន្ត្រី​ថ្នាក់​ក្រោម​ព្យាយាម​បិត​បាំង​ទាំងនេះ លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ធ្លាប់​លើកទឹកចិត្ត​ដល់​អ្នក​សារ​ព័​ត៌មាន​នានា តាម​រយៈ​កោះសន្តិភាពឱ្យជួយ​ផ្ដល់​ព័​ត៌​មាន ឬរាយ​ការ​ណ៍អំពី​ទីតាំង​បទល្មើស​ផ្សេង​ៗភាព​អសកម្ម​របស់​សមត្ថកិច្ច មន្ត្រី​ទាំងឡាយ​ណា ​ដែល​នៅ​ពីក្រោយ​នៃ​បន​ល្បែងស៊ីសង ដល់​រូប​លោក​ឲ្យ​បាន​ដឹងផង ព្រោះ​លោក​មិន​អាច​មើល​សព្វគ្រប់​ទេ​ ។

លោក​អ៊ុ​ច សុ​ខុន បាន​មាន​ប្រសា​ស​ន៍​បែប​នេះ ក្រោយ​ពេល​លោក​ទើប​ចូល​កាន់​ដំណែង​ស្នងការ​ខេត្តបាត់​ដំបង ទើបបាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ កាលនោះ​ លោកស្នងការ​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ខេត្តបាត់ដំបង​នេះ​លោក គ្មាន​សាច់ញាតិ គ្មាន​បក្សពួក​គេ គឺ​មក​តែ​២​នាក់​តៃកុង​ឡាន​របស់​លោក​តែ​ប៉ុណ្ណោះ​។ លោក​ស្គាល់​ឬ​ដឹង​មិន​សព្វ​ទេ ដូច្នេះ​លោក​សុំ​ឲ្យ​អ្នក​សារ​ព័​ត៏​មាន​ជួយ​ផ្ដល់​ព័​ត៏​មាន​ឬ​រាយ​ការ​ណ៏​ឲ្យ​លោក​បាន​ដឹងផង ប្រសិនបើ​ដឹង​អំពី​បទល្មើស​អ្វីមួយ ដែល​មន្ត្រី​របស់​លោក​លាក់បាំង​មិន​រាយ​ការ​ណ៍​។ ប៉ុន្តែ​យ៉ាងនេះ​ក្ដី ជុំវិញ​បទល្មើស​ល្បែងស៊ីសង​គ្មាន​ច្បាប់ទម្លាប់​នេះ បច្ចុប្បន្ន​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​ជា​ហូរហែរ​តាម​បណ្ដា​អង្គភាព​សារ​ព័​ត៏​មាន​ផង ទាំង​នៅ​តាម​បណ្ដាញ​សង្គម​នានា ប៉ុន្តែ​ហាក់ដូចជា​មិន​បាន​ជ្រាប​ដល់​លោក​ស្នង​ការ​ខេត្ត​ឡើយ​។ ផ្ទុយ​ទៅ​វិញ​បន​ល្បែង​កាន់​រីក​ធំធាត់ រហូត​អ្នក​ប្រព្រឹត្ត​មួយ​ចំនួន​មាន​សមាសភាព​ជា​មន្ត្រី​របស់​លោកស្នងការ​ទៀត​ផង​។

គេ​រង​ចាំ​មើល​ថា តើ​លោកស្នងការ​ខេត្ត​នឹង​មាន​វិធានការ​បែប​ណា​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ល្បែង​ស៊ីសង​ដែល​កំពុង​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​បទល្មើស​«​អំពើ​ចោរកម្ម​» ស្ទើរ​គ្រប់​ទីកន្លែង​នេះ ? មតិ​នានា​បាន​លើក​ឡើង​ថា បន​ល្បែង​គ្រប់​ទីកន្លែង​ដែល​កំពុង​ដំណើរ​សព្វថ្ងៃ បើ​គ្មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​កាង​ពី​ក្រោយ​ទេ គ្មាន​កន្លែង​ណាមួយ​អាច​ដំណើរការ​បាន​ឡើង​។ ចំពោះ​ផែនការ​លុប​បំបាត់​ល្បែងស៊ីសង ដែល​សម្ដេច​ក្រឡាហោម​ស ខេ​ង តែង​ក្រើនរំលឹក​ជា​រឿយ​ៗ ដល់​លោក​អភិបាលខេត្ត ឬ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​នោះ ទំនង​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​តែ​ថ្នាក់​ក្រោម​មិន​ស្ដាប់​និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​អនុវត្ត​៕

អត្ថបទសរសេរ ដោយ