ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC៖​ក្នុង​1​ខែ​ត្រូវ​ចំណាយ​ជាង​200​លាន​ដុល្លារ​បើក​ជូន​កម្មករ​កម្មការិនី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នៅ​តែ​ឈរ​លំដាប់​កំពូល ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឬ​អាច​ហៅ​បាន​ថា ជា​ឆ្អឹងខ្នង​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច ហើយ​ក្នុង​វិស័យ​នេះ​ក៏​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត​១​លាន​នាក់​ផង​ដែរ ដោយ​ក្នុង​១​ខែ…

រាជធានី​ភ្នំពេញ ៖ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នៅ​តែ​ឈរ​លំដាប់​កំពូល ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឬ​អាច​ហៅ​បាន​ថា ជា​ឆ្អឹងខ្នង​សំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច ហើយ​ក្នុង​វិស័យ​នេះ​ក៏​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត​១​លាន​នាក់​ផង​ដែរ ដោយ​ក្នុង​១​ខែ ត្រូវ​ចំណាយ​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បើក​ជូន​កម្មករ​កម្មការិនី ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ហៅ​កាត់​ថា (GMAC) ។

យោង​តាម​ប្រសាសន៍​លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​នេះ​បាន​ឲ្យ​ដឹង បច្ចុប្បន្ន​នេះ កម្មករ កម្មការិនី​ដែល​កំពុង​បំរើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​តាម​រោងចក្រ​ដែល​ជា​សមាជិក​រប​ស់មាគម ទាំង​អ្នកបម្រើ​ការ​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​សរុប​ទាំងអស់​ប្រមាណ​៩០​ម៉ឺន​នាក់ ហើយ​ក្នុង​១​ខែ​ៗ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បើក​ជូន​ពួក​គាត់ ព្រោះថា ប្រាក់ខែ​គោល​ពួក​គាត់​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក្នុង​១​ខែ​ៗ ពួក​គាត់​ក៏​ទទួល​បាន​ប្រាក់​ថែម​ម៉ោង និង​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ៗ ។
លោក​ឧកញ៉ា​បញ្ជាក់​ថា ៖« ប្រាក់ខែ​កម្មករ កម្មការិនី បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៧ ប្រាក់ខែ​គោល​របស់​ពួក​គាត់​មាន​ចំនួន​១៥៣​ដុល្លារ​អា​មេ​រិ​ក ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ ប្រាក់ខែ​គោល​បាន​កើនឡើង​ដល់​១៧០​ដុល្លារ និង​ត្រៀម​ឡើង​ដល់​១៨២​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដូចនេះ​ឃើញ​ថា​បាន​កើន​ឡើងជា​បន្ត
បន្ទាប់ »​។

លោក​បញ្ជាក់​បន្ថែម​ថា ទន្ទឹម​នឹង​ប្រាក់ខែ​គោល​កម្មករ កម្មការិនី បាន​កើន​ឡើងជា​បន្តបន្ទាប់​បែប​នេះ ខាង​រោងចក្រ​ក៏​បាន​បង្វែរ​ពី​ការ​ផលិត​សម្ភារ​ដែល​មាន​តម្លៃ​ទាប ទៅ​ផលិត​សម្ភារ​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​បច្ចុប្បន្ន​នេះ ខាង​ថៅកែ​រោងចក្រ​មួយ​ចំនួន បាន​ចាប់ផ្ដើម​ផលិត​នូវ​សម្ភារ​ធ្វើ​ដំណើរ​ដូច​ជា​វ៉ា​លី​ស និង​កាបូបស្ពាយ សម្រាប់​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក ជាដើម ។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​ឲ្យ​ដឹង​ថា បើ​ប្រៀប​ប្រាក់ខែ​គោល​រវាង​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ កម្ពុជា​ចង់​ខ្ពស់​ជាងគេ​បន្តិច​ហើយ ប៉ុន្តែ​ការ​ចំណាយ​ដូច​ជា​អគ្គិសនី​ជាដើម​នោះ នៅ​មាន​កម្រិត​ខ្ពស់​ជាងគេ​ទៅ​វិញ​។ ដូចនេះ បើសិនជា​រាជរដ្ឋាភិបាល​អាច​មាន​លទ្ធភាព​បញ្ចុះតម្លៃ​អគ្គិសនី​ឲ្យ​ទាប​ជាង​នេះ​បន្តិច ក៏​កាន់តែ​ល្អ ហើយ​ថៅកែ​រោងចក្រ នឹង​កាន់តែ​មាន​លទ្ធភាព​សម្រាប់​បន្ត​ឡើង​ប្រាក់ខែ​ជូន​កម្មករ​ដែរ ។ លោក​ថា ៖« វា​នឹង​ពិបាក​ណាស់​សម្រាប់​ថៅកែ​រោងចក្រ បើសិនជា​ប្រាក់ខែ​កម្មករ​នៅ​តែ​បន្ត​កើនឡើង ហើយ​បើ​គ្មាន​ការ​សម្របសម្រួល​ណាមួយ​សមរម្យ​សម្រាប់​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​បាន​ផល​ចំណេញ​មក​វិញ​នោះ​ទេ វា​នឹង​អាច​ប្រឈម​នឹង​ការ​បិទ​រោងចក្រ​កាត់​តែ​ច្រើន​ផង​ដែរ » ។ លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ រោងចក្រ​នៅ​កម្ពុជា មាន​បើក​មាន​បិទ ហើយ​ការ​បើក​បិទ នេះ នៅ​មាន​ភាព​ស៊ីចង្វាក់​គ្នា​នៅឡើយ មាន​ន័យ​ថា​បិទ​និង​បើក​គឺ​ប្រហាក់ប្រហែល​គ្នា ឬ​អាច​បើក​ច្រើន​ជាង​បិទ​បន្ត​បន្តួច »​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​កន្លង​មក​ថា វិស័យ​កាត់ដេរ​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ ហើយ​វិស័យ​នេះ​នៅ​តែ​ជា​ចន្ទល់​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ត្រូវការ​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​វិស័យ​នេះ ។ លោក​បន្ត​ថា ៖« ការ​ធ្វើ​ពិពិធ​កម្ម​របស់​វិស័យ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន ហើយ​នៅ​ពេល​រោងចក្រ​កាត់ដេរ​មាន​កាន់តែ​ច្រើន​ធ្វើការ​ផលិត​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់ នឹង​ធ្វើ​ឲ្យ​ចំណូល​ពី​វិស័យ​នេះ​មាន​កំណើន​ខ្ពស់ »​។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​៤.៤២៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាទី​ផ្សារ​ធំ និង​សំខាន់​សម្រាប់​ផលិតផល​វាយនភ័ណ្ឌ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ