រាជធានីភ្នំពេញ ៖ ប្រសិនបើយើងធ្វើការរាប់ថយក្រោយនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨នេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ គឺប្រារព្ធធ្វើក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២២ និងថ្ងៃទី២៣ វិច្ឆិការនេះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដោយមានការ ណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ក្នុងផែនការតុបតែងកែលម្អ តាមសួនច្បារ ដងផ្លូវ និងទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆាប់ៗនេះ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលកែលម្អ តាមសួនច្បារ និងទីសាធារណៈផ្សេងៗ ឲ្យមានសោភណ័ភាព ជាពិសេសនៅតាមតំបន់ដែលត្រូវ រៀបចំព្រះរាជពិធីបុណ្យអុំទូក ណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ។
លោកបានបន្តថា មន្ត្រីជំនាញគ្រប់ផ្នែក ក្រោមឱវវាទ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកជាខ្លាំងក្នុងផែនការ តុបតែងកែលម្អ មានដូចជា ផ្នែកភ្លើងបំភ្លឺសាធារណៈត្រូវបានជុំរុញការផ្លាស់ប្តូរអំពូលភ្លើង និងដំឡើងអំពូលភ្លើងចម្រុះ នៅតាមដើមឈើរ សួនច្បារ តាមដងផ្លូវ ជាពិសេសនៅតំបន់ប្រារព្ធពិធី អុំទូកតែម្តង ផ្នែកសួនច្បារលាបកំបោរតាមគល់ឈើ លាបថ្នាំតាមការ៉ូឡា និងប័រឌារតាមចិញ្ចើមសួនច្បារ និងដាក់ពង្រាយបង្គន់អនាម័យជិត៦០០បង្គន់ ដើម្បីត្រៀមទទួលស្វាគមន៍ប្រជាពលរដ្ឋ ចូលរួម ព្រះរាជពិធីបុណ្យអុំទូក ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ។
លោក សាំ ពិសិដ្ឋ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដំឡើងរបាកាត់ទទឹងផ្លូវ អបអរសាទរបុណ្យអុំទូក ដែលត្រូវដាក់ចំនួន៤ទីតាំង គឺទី១.ដាក់នៅមហាវិថីព្រះនរោត្តមខាងជើងជាប់រង្វង់មូលវិមានឯករាជ្យ ទី២.ដាក់មហាវិថីព្រះនរោត្តមមុខនាឡិការ រមណីដ្ឋានវត្តភ្នំ ទី៣.ដាក់នៅតិរវិថីព្រះស៊ីសុវត្ថិមុខព្រះគម្លង់ និងទី៤.ដាក់នៅមហាវិថីព្រះសីហនុខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត។ លោក បន្តថា ការងារទាំងនេះ នឹងរួចរាល់នៅមុនថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង។
ចំណែកមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកតុបតែង និងចងទង់ជាតិ ឬទង់ជ្វាលា បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររបស់លោក បានដាក់បង្គោល និងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រធំៗ នៅមាត់ទន្លេមុខព្រះបរមរាជវាំង មានចំនួន៧៥។ លោក បញ្ជាក់ថា ទង់ជាតិ ទង់សាសនា និងដែលដាក់សម្រាប់ថ្ងៃអុំទូកនេះ គឺថ្ងៃធម្មតា ដាក់ទង់ជាតិតំណាងប្រទេស និងទង់បណ្តាអង្គការសហប្រជាជាតិនានា នៅតាមមាត់ទន្លេ មុខព្រះបរមរាជវាំង ប៉ុន្តែសម្រាប់ថ្ងៃបុណ្យអុំទូកត្រូវបានទង់ជាតិ ទង់សាសនាវិញ។
សូមបញ្ជាក់ថា សំរាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ អាជ្ញាធរភ្នំពេញ បានសន្និដ្ឋានថា នឹងមានប្រជាពលរដ្ឋចូលរួមទស្សនាកាន់តែកើនឡើងជាងឆ្នាំមុនៗ ពីព្រោះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ម្យ៉ាងប្រពន្ធ័គមនាគមន៍ផ្លូវថ្នល់ ត្រូវបានតភ្ជាប់ប្រទាក់ក្រឡាគ្នាក្វាត់ខ្វែង ដែលផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ