ថៃបោះទុន10លានដុល្លារសង់ផ្សារទំនើបBig Cនៅក្រុងប៉ោយប៉ែត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនដ៏ធំរបស់ថៃ បានសម្រេចបោះទុនប្រមាណ១០លានដុល្លារ ដើម្បីវិនិយោគសាងសង់ផ្សារទំនើបBig C នៅក្រុងប៉ោយប៉ែត ។

លោក សុខ ហ៊ាង បានបន្តថា តាមព័ត៌មានដែលលោកទទួលបានគឺផ្សារទំនើបនេះ នឹងសាងសង់រយៈពេល៩ខែប៉ុណ្ណោះ ដោយពួកគេគ្រោងសាងសង់ទាំងយប់ទាំងថ្ងៃតែម្ដង ។ ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះអ្នកវិនិយោគអន្តរជាតិមានប្រមាណ៥ម៉ឺននាក់ ដែលធ្វើឲ្យទីក្រុងនេះកាន់តែមានភាពរីកចម្រើនយ៉ាងលឿន ពិសេសវិស័យសំណង់និងអចលនទ្រព្យ ។ បច្ចុប្បន្នមានគម្រោងខុនដូជាច្រើនកំពុងសាងសង់ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះមានការផ្លាស់ប្តូរទាំងស្រុង ។
យោងតាមទិន្នន័យពីសាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអគារកម្ពស់ចាប់ពី៥ដល់ជាង២០ជាន់ចំនួន៦០អគារហើយ ។
លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែតបាន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើនលឿន ដោយសារកំណើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសបច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយកំពុងរៀបចំសាងសង់ព្រលានយន្តហោះឡើងវិញ ដែលតាមគម្រោងក្រុមហ៊ុននេះ នឹងសាងសង់ព្រលានយន្តហោះនេះនៅក្នុងរដូវប្រាំងខាងមុខនេះ ។
លោកបន្តថា ៖« ជាមួយនឹងល្បឿននៃការអភិវឌ្ឍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងកាន់តែល្អប្រសើរ ពិសេសផ្លូវក្នុងក្រុងបានធ្វើឲ្យតម្លៃដីធ្លី នៅក្នុងទីក្រុងនេះកើនឡើងយ៉ាងខ្ពស់ »។
ក្រុងប៉ោយប៉ែតជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស ។ ក្រៅពីមានច្រកទ្វារអន្តរជាតិដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនោះ ក្រុងដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃមួយនេះ ក៏នៅមានសក្ដានុពលជាច្រើនទៀតដូចជា តំបន់សេដ្ឋកិច្ចពិសេសដែលប្រមូលផ្ដុំដោយរោងចក្រ ដែលរឹងរឹតតែធ្វើឲ្យក្រុងមួយនេះកាន់តែទាក់ទាញការវិនិយោគថែមទៀត ៕
ចែករំលែកព័តមាននេះ