ខេត្តត្បូងឃ្មុំ ៖ ដោយមើលឃើញអគារសិក្សាមួយខ្នងក្នុងឃុំមេមត់ ស្រុកមេមត់ សង់ពីឈើប្រក់ស័ង្កសីជញ្ជាំងបាំងពីបន្ទំឫស្សីធ្លុះធ្លាយមានសភាចាស់ទ្រុឌទ្រោម ហើយកំណើនសិស្សកាន់តែកើនច្រើនខ្វះកន្លែងរៀនសូត្រ ។ ទើបសប្បុរសជនជប៉ុនមានគ្នាជាង២០នាក់បានចុះមកពិនិត្យ ដោយផ្ទាល់នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៨ ដោយបានសម្រេចផ្តល់អគារសិក្សាមួយខ្នងសង់ពីបេតុងប្រក់ក្បឿងមានចំនួន០៣បន្ទប់ បានរៀនសូត្របន្តទៀតចៀសវាងកុំឲ្យក្មេងបោះបង់ចោលការសិក្សា ។
អ្នកស្រី Shibuya kae សប្បុរសជនជប៉ុនបានឲ្យដឹងថា កន្លងមកមានពេលមួយគាត់ និងសហការីបានធ្លាប់មកកាន់តំបន់នេះម្តង ហើយត្រូវបានប្រជាពលរដ្ឋក្នុងភូមិទទួលស្វាគមន៍រាក់ទាក់ និងស្និទ្ធស្នាល គ្រានោះបានធ្វើឲ្យគាត់ស្ទើរស្រក់ទឹកភ្នែកចេញមកដោយមិនដឹងខ្លួនពេលដែលបានមកឃើញផ្ទាល់សំណង់អគារសិក្សា០១ខ្នងមានចំនួន០២បន្ទប់សង់ពីឈើជញ្ជាំងធ្លុះធ្លាយ ។
អ្នកស្រី Shibuya Kae សប្បុរសជនជប៉ុនបន្តថា ក្នុងពេលដែលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញរួមនឹងលោក Kamiyama Kouhei សម្រចបង្កើតមូលនិធិមួយមានឈ្មោះថា «Smiling project » ដោយបានរៃអង្គាសថវិកាពីប្រជាជនជប៉ុនរហូតដល់បានថវិកាសម្រាប់លៃលកកសាងនូវអាគារសិក្សាមួយសង់ពីបេតុងប្រក់ក្បឿង ។ ហើយបានមកចូលរួមលើកទី២ នៅព្រឹកថ្ងៃខាងលើដោយបានរៀបចំបញ្ចុះបឋមសិលាសាងសង់ ក្រៅពីនេះក្រុមការងារបានចែកសម្ភារៈការសិក្សាដល់សិស្ស ហើយឪពុកម្តាយដែលបានមកចូលរួមក៏ទទួលបានសម្លៀកបំពាក់គ្រប់ៗគ្នា ។ នូវពេលដែលអគារសង់រួចនឹងមកម្តងទៀតចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ ហើយនឹងសន្យាផ្តល់នូវបណ្ណាល័យ០១ខ្នងទោងសម្រាប់ឲ្យក្មេងលេង ដើម្បីលើកស្ទួយដល់ការសិក្សានៅប្រទេសកម្ពុជា ។
លោកម៉ែន សំអុល មេឃុំមេមត់វិញមានប្រសាសន៍ឲ្យដឹងដែរថា តាមរយៈលោក ហ៊ន់ ស៊ាងហុង អតីត
និស្សិតនៅប្រទេសជប៉ុនរួមនឹងអ្នកស្រីម៉ីវ៉ានៃអង្កការ Globe Jungle បានទាក់ទងសប្បុរសជនជប៉ុនមកសាងសង់អគារសិក្សាខាងលើនៅភូមិឆ្ងសាលា ដែលមានប្រជាពលរដ្ឋរស់នៅចំនួន១០៧គ្រួសារ ហើយក៏ជាភូមិមួយដែលមានចម្ងាយឆ្ងាយជាង បណ្តាភូមិផ្សេងៗទៀត ហើយស្ថានភាពផ្លូវក៏ពិបាកផងដែរ ។ លោកម៉ែន សំអុល មេឃុំមេមត់បានរំលឹកថា ដោយឆ្លងកាត់នូវភ្លើងសង្គ្រាមក្នុងសម័យ លន់ ណុល និងរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្រោយមកទៀតពលរដ្ឋបានរងគ្រោះដោយអំពើប្លន់គោក្របីធ្វើឲ្យពលរដ្ឋនៅភូមិឆ្ងសាលា ជួបការលំបាកផ្នែកជីវភាព ។
កុមារា-កុមារីក្នុងភូមិមិនបានរៀនសូត្រទេ ទើបនៅឆ្នាំ២០១៤ អាជ្ញាធរបានសហការជាមួយនឹងអង្គការខេបបានកសាងអគារសិក្សាមួយខ្នងសង់ពីឈើចាស់ៗជញ្ជាំងបាំងបន្ទំឫស្សី មានកុមារចូលរៀនចាប់ពីថ្នាក់ទី១ ដល់ទី៥ មានចំនួន១២៥នាក់ គ្រូបង្រៀនវិញមានចំនួន០៤នាក់ជាគ្រូជាប់កិច្ចសន្យា ។ អគារសិក្សាថ្មីត្រូវសាងសង់នេះនឹងជាមូលដ្ឋានគ្រឹះឲ្យក្មេងបានសិក្សារូបលោកប្តេជ្ញាថែរក្សានូវអាគារដែលប្រកបដោយគុណភាពប្រើប្រាស់ឲ្យបានយូរអង្វែងទៅអនាគត ៕
ចែករំលែកព័តមាននេះ