តាមប្រភពពី Shanghaiist បានឲ្យដឹងថា បុគ្គលិកនៅក្រុមហ៊ុនជួសជុលមួយកន្លែងក្នុងក្រុង Guizhou ខេត្ត Zunyi ត្រូវបានថ្នាក់ដឹកនាំបង្ខំឲ្យទទួលការពិន័យយ៉ាងសាហាវឃោរឃៅ ។ នេះគឺអាចហៅបានថា ពិតជាកន្លែងការងារដ៏គម្រក់បំផុតមែន។
វីឌីអូមួយ ត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គមចិន ដែលបង្ហាញពីសកម្មភាពរបស់បុគ្គលិកក្រុមហ៊ុនកំពុងផឹកទឹកនោម ដោយសារតែមិនបានលក់គ្រប់គោលដៅកំណត់។ នេះមិនមែនជាការពិន័យតែមួយទេ ក្រុមហ៊ុននេះ នៅមានការពិន័យផ្សេងៗទៀត ដែលពិតជាលើសខ្លាំងមែនទែន។
ក្នុងនោះមានដូចជា កោរសក់ ផឹកទឹកបង្គន់ ផឹកទឹកខ្មេះ លក់ស្រោមអនាម័យតាមផ្លូវ ញ៉ាំវ៉ាសាប៊ិ និងញ៉ាំកន្លាត។ ដូចជាអ្វីដែលគេបានឃើញនៅក្នុងវីឌីអូ ប្រធានក្រុមម្នាក់ត្រូវបង្ខំឲ្យទទួលទានកន្លាតបីក្បាល។
ឆ្ងល់ណាស់! បើគេធ្វើបាបម្លឹងហើយ ម្តេចក៏មិនឈប់ធ្វើការ? តាមការពិត គឺមកពីក្រុមហ៊ុននេះមិនបានបើកប្រាក់ខែឱ្យពីរខែហើយ ដែលធ្វើឲ្យបុគ្គលិកមិនហ៊ានឈប់ពេលនេះ ព្រោះសង្ឃឹមថា ក្រុមហ៊ុននឹងសងលុយប្រាក់ខែទាំងអស់។
ក្រោយពីវីឌីអូនេះ ត្រូវបានផ្សព្វផ្សាយរួចមក ប៉ូលិសបានធ្វើការចាប់ខ្លួននាយកក្រុមហ៊ុន៣នាក់ ដែល២នាក់ក្នុងចំណោមនោះ បានកាត់ឱ្យជាប់ពន្ធនាគារ១០ថ្ងៃ និងម្នាក់ទៀត៥ថ្ងៃ៕
ចែករំលែកព័តមាននេះ