ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​នេះ​កំពុង​តែ​ដោះស្រាយ​ហើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​ការងារ​ស្វែងរក​ដំណោះស្រាយ​ស្តារ​ជួសជុល ថែទាំ​ផ្លូវថ្នល់​ដែល​ខូចខាត​ក្នុង​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប ។ ក្រោម​វត្តមាន​លោក ស៊ុន…

ខេត្តសៀមរាប ៖ កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​ការងារ​ស្វែងរក​ដំណោះស្រាយ​ស្តារ​ជួសជុល ថែទាំ​ផ្លូវថ្នល់​ដែល​ខូចខាត​ក្នុង​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប ។

ក្រោម​វត្តមាន​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដោយ​មាន​វត្តមាន​រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​១២ របស់​ខេត្តសៀមរាប​ផង​ដែរ ។ កំណាត់​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ចំនួន​១១​ខ្សែ ដែល​ខូចខាត និង​កំពុង​ទទួល​ការ​ទិទៀន​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ផ្លូវ​ខ្នែង​បែក​ចេញពី​ផ្លូវជាតិ​លេខ​៦ ចំនួន​៥២​កន្លែង​ទៀត​ត្រូវ​បាន​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​សម្រេច​ជា​គោលការណ៍​ថា នឹង​ត្រូវ​ជួសជុល​កសាង​ឱ្យទៅ​ជា​ផ្លូវ​កៅស៊ូ​ទាំងអស់ ។

បើ​តាម​សេចក្តីរាយការណ៍​របស់​លោក គឹ​ម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា ក្នុង​រដូវវស្សា​កន្លង​មក​បាន​ជួយ​ប​បញ្ហា​ប្រឈម​នានា និង​ទទួល​បាន មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ ចំពោះ​ការ​ខូចខាត​កំណាត់​ផ្លូវ​ជា​ច្រើន​បាន​រិះគន់​តាម​គ្រប់​បណ្តាញ​ព​ត៌​មាន​នានា​មក​លើ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង ឬ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ពិតមែន តែ​ការ​រិះគន់​មាន​ភាព​ត្រឹមត្រូវ​លើ​កំណាត់​ផ្លូវ​ដែល​បាន​ខូចខាត​ទ្រុឌទ្រោម​មែន តែ​ពុំ​មាន​ភាព​ច្បាស់លាស់​ទៅ​លើ​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​នៅឡើយ​ទាំងនេះ​ហើយ ដែល​ក្នុង​នាម​អ្នក​ទទួលខុសត្រូវ​បាន​ធ្វើការ​ឆ្លើយ​បកស្រាយ​ជា​ហូរហែរ​រៀង​ៗ​ខ្លួន​ប្រកបដោយ​ភាព​ទន់ភ្លន់ ស្មារតី​ទទួលខុសត្រូវ​រួម​មិន​ជះ និង​បាចទឹក​ដាក់​គ្នា ។

តាម​រយៈ​បទ​បង្ហាញ​កិច្ចប្រជុំ​បាន​កំណត់​ថា នៅ​ខេត្តសៀមរាប​មាន​ផ្លូវ​ចំនួន​១២​ខ្សែ និង​ផ្លូវ​ខ្នែង​ក្នុង​ក្រុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ចំនួន​៥២​ខ្នែង​ទៀត ដែល​ត្រូវការ​ការ​ស្តារ និង​ជួសជុល​ឡើង​វិញ​ជា​ប្រ​ញ៉ាប់​បំផុត ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ម្ចាស់​សណ្ឋាគារ​នានា​កៀងគរ​រក​វិភាគទាន​ថវិកា ដើម្បី​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ដែល​រង​ការ​ខូចខាត​នា​ពេល​កន្លង​មក ។ លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ច្បាប់​ផ្លូវថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផ្លូវថ្នល់​មួយ​ចំនួន​ត្រូវ​បាន​កសាង ថែទាំ និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មួយ​ចំនួន​ក្រោម​ការ​សាងសង់ ថែទាំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មួយ​ចំនួន​ក្រោម​ការ​កសាង​ថែទាំ និង​ជួសជុល​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ។

ដោយឡែក​ខេត្តសៀមរាប​ផ្លូវ​មួយ​ចំនួន​ជា​បន្ទុក​គ្រប់គ្រង​ថែទាំ​ជួសជុល​ដោយ​អាជ្ញាធរ​អប្សរា លើ​កំណាត់​ផ្លូវ​ណា​ដែល​ស្ថិត​ក្នុង​តំបន់​ដែល​អភិរក្ស​បេ​តិក​ភ័​ណ្ឌ​ជាតិ​ក៏​ដូច​ជា តំបន់​រណប​ផ្សេង​ៗ ។ លោក​បញ្ជាក់​ថា យើង​ជិះទូក​ជាមួយ​គ្នា គឺ​ទូក​របស់​រាជរដ្ឋាភិបាល​យើងខ្ញុំ​មិន​ដែល​ជះ​ទឹក​ដាក់​គ្នា​ទេ យើង​តែងតែ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លើក​ឡើង​ទាក់ទង​ទៅ​នឹង​ការ​ខូចខាត​ផ្លូវថ្នល់ ។ លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ច្បា​ស់ទៀ​ថា បងប្អូន​ប្រជាពលរដ្ឋ​រួម​ទាំង​អ្នក​ទេសចរណ៍​ធ្វើ​ដំណើរ​មិន​បានដឹង​ទេ​ថា ផ្លូវ​ណា​ជា​ការ​គ្រប់គ្រង​ថែទាំ​របស់​អាជ្ញាធរ​អប្សរា​ផ្លូវ​ណា​ជា​ការ​គ្រប់គ្រង​ថែទាំ​របស់​អភិវឌ្ឍ​ជនបទ ឬ​សាធារណៈការ និង​ដឹក​ជញ្ជូន​នោះ​ទេ គឺ​ពួក​គាត់​ច្រើន​តែ​យល់​ថា ជា​ផ្លូវ​ដែល​សាងសង់ គ្រប់គ្រង​ជួសជុល​ដោយ​ក្រសួង​សាធារណៈការ​ឬថា ជា​ផ្លូវ​របស់​រាជរដ្ឋាភិបាល​តែ​ម្តង ។

លោក​មាន​ប្រសាសន៍​ទៀត​ផង​ដែរ ចំពោះ​បញ្ហា​ផ្លូវ​ចំនួន​១១​ខ្សែ​នៅ​ក្នុង​ក្រុង​សៀមរាប​ប្រវែង​ប្រមាណ​ជា​១២​គ​.​ម ត្រូវ​តែ​ជួសជុល និង​ស្តារ​ជា​បន្ទាន់​ដោយសារ​ផ្លូវ​ទាំងនោះ​រង​ការ​ខូចខាត​ជា​ច្រើន​ជាមួយ​គ្នា​នោះ​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ​ក៏​ត្រូវ​រៀបចំ​ឱ្យទៅ​ជា​ផ្លូវ​កៅស៊ូ​ដែរ​ដែល​ត្រូវ​ប្រើប្រាស់​ថវិកា​ប៉ាន់​ជា​ជំហាន​ដំបូង​ប្រមាណ​ជា​១៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​គ្នា​នោះ​ក៏​មាន​ផ្លូវ​៥​ខ្សែ ជា​ផ្លូវ​គ្រួ​ស​ក្រហម ស្ថិត​ក្នុង​គម្រោង​ថែទាំ​ជួសជុល​របស់​ក្រសួង​អភិវឌ្ឍ​ណ៍​ជនបទ និង​២​ខ្សែ​ទៀត​ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ដែរ ស្ថិត​ក្នុង​គម្រោង​ថែទាំ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​ក៏​នឹង​ត្រូវ​ជួសជុល និង​ប្រែក្លាយ​ឱ្យទៅ​ជា​ផ្លូវ​កៅស៊ូ DBST មាន​ពីរ​ស្រទាប់​ស្តើង​ដែល​មាន​អាយុកាល​៥​ឆ្នាំ​តែ​ប៉ុណ្ណោះ លើស​ពី​នេះ​វា​នឹង​រង​ការ​ខូចខាត​ទៅ​វិញ​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ដោយសារ​ថវិកា​មាន​កំណត់​យើង​ធ្វើ​ជា​លក្ខណៈ​បណ្តោះអាសន្ន​យ៉ាងណា​ឱ្យ​ផ្លូវ​នេះ​ក្លាយជា ផ្លូវ​កៅស៊ូ​សិន​ថ្ងៃក្រោយ​នឹង​អភិវឌ្ឍន៍​ពី​ផ្លូវ​កៅស៊ូ​ស្តើង​ទៅ​ជា​ផ្លូវ​កៅស៊ូ​បេតុង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ