រាជធានីភ្នំពេញ៖ អ្នកដឹកនាំរឿងភាពយន្តភាគច្រើនមិនធ្លាប់បានទទួលការបណ្តុះបណ្តាលទេ ចាប់យកជំនាញនេះទៅតាមចំណង់ចំណូលចិត្ត ឬក៏សិក្សាឈ្វេងយល់ដោយខ្លួនឯងប៉ុណ្ណោះ។ បើទោះបីជាមិនធ្លាប់បានសិក្សាឲ្យស៊ីជម្រៅ អ្នកខ្លះបានទទួលជោគជ័យដោយសារតែមានបទពិសោធន៍ពីការដឹកនាំរឿងច្រើនឆ្នាំ ។
ជាអ្នកដឹកនាំរឿងម្នាក់លោកមុត ថារី កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា កាលពីលោកនៅប្រទេសបារាំងធ្លាប់បានសិក្សាពីលោកសាស្ត្រាចារ្យកេង វណ្ណសក្តិ លើផ្នែកប្រពៃណី វប្បធម៌ និងសាសនា ។ ដំបូងលោកមានកាមេរ៉ាតូចមួយ ហើយលោកតែងតែថតទុកជាឯកសារ ខ្លីៗ ហើយយកមកកាត់ត និងចាក់មើលខ្លួនឯង ដែលទាំងនេះគឺជាចំណង់ចំណូលចិត្តរបស់លោកតាំងពីក្មេង ។
លុះនៅដើមឆ្នាំ១៩៨៣ លោកបានវិលមកមាតុប្រទេសវិញ និងបានថតជាឯកសារមួយស្តីការរស់ឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរក្រោយរបបខ្មែរក្រហម។ ភាពយន្តឯកសារនោះលោកបានធ្វើជាហ៊្វីលកុន និងបាននាំយកទៅចាក់ផ្សាយនៅប្រទេសបារាំង បានទទួលការគាំទ្រខ្លាំងពីជនរួមជាតិខ្មែរនៅទីនោះ ។
ក្នុងអំឡុងឆ្នាំ១៩៩០ ប្រទេសជាតិមានការផ្លាស់ប្តូរនោះ លោកមុត ថារី ក៏មានបំណងចង់ផលិតកុននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលនោះលោកមិនមានសមត្ថភាពដឹកនាំឡើយ ដោយសារតែលោកមានបទពិសោធន៍តែទៅលើការថតឯកសារប៉ុណ្ណោះ ។ ប៉ុន្តែដោយសារតែចិត្តចង់លើផ្នែកនេះលោកបានបញ្ជ្រៀសខ្លួនចូលក្នុងវិស័យនេះតាមរយៈការចូលរួមសម្តែងក្នុងភាពយន្ត ដើម្បីឲ្យបានយល់ច្បាស់ពីការដឹកនាំការសម្តែង និងការប្រើប្រាស់បច្ចេកនៃការថត…។ តាំងពីពេលនោះមកលោកបានក្លាយជាអ្នកសម្តែង ជាមួយនឹងការដឹកនាំរឿងពីឪពុកក្មេករបស់លោកគឺលោកគង្គ ប៊ុនឈឿន និងជំនួយការម្នាក់ទៀតគឺលោកជា វណ្ណា ។
ក្រោយមកបន្ទាប់ពីឪពុកក្មេកលោកមានបញ្ហា ហើយចេញទៅរស់នៅប្រទេសក្រៅនោះលោកក៏បានតាំងចិត្តថា នឹងត្រូវព្យាយាមក្នុងការដឹកនាំរឿង បន្ទាប់ពីលោកទទួលបានបទពិសោធន៍ពីឪពុកក្មេកកន្លងមក ។ នៅឆ្នាំ២០០០លោកក៏បានទៅពិភាក្សាជាមួយមិត្តភក្តិរបស់លោកនៅប្រទេសបារាំង ដើម្បីផលិតកុនលើកទីមួយ គឺរឿង«ព្រះបាទត្រសក់ផ្អែម» ។ ដោយសារការអានសៀវភៅ និងបទពិសោធន៍ក្នុងការដឹកនាំរឿងនេះ លោកក៏បានក្លាយជាអ្នកដឹកនាំរឿង និងសរសេររឿងរហូតមកដល់បច្ចុប្បន្ន ។
អ្នកដឹកនាំរឿងជើងចាស់ បច្ចុប្បន្នជាម្ចាស់ផលិតកម្មមួយផងនោះ លោកជា ឈីម បានអះអាងថា បន្ទាប់ពីរបបប៉ុល ពត មក អ្នកដឹកនាំរឿងភាគច្រើនគឺមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលលើផ្នែកនេះឡើយ ប៉ុន្តែយើងចាត់ទុកទូរទស្សន៍ជាគ្រូ ។ លោករំលឹកថា ដើមឡើយលោកគ្រាន់តែជាអ្នកថតរូប និងផ្តិតរូបប៉ុណ្ណោះ ប៉ុន្តែដោយសារតែលោកមាននិស្ស័យខាងរៀបប្លង់ថត និងមានបំណងចង់ដឹកនាំកុននោះ លោកក៏បានហក់ចូលក្នុងវិស័យនេះតែម្តង ។ ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្នលោកមានស្នាដៃផលិតកុនដុំ និងរឿងភាគច្រើន ហើយមានរឿងមួយចំនួនទទួលបានការគាំទ្រពីទស្សនិកជន ។
ប្រធានសមាគមភាពយន្តកម្ពុជា និងជាចាងហ្វាងផលិតកម្មដើមត្នោតលោកឆាយ បូរ៉ា បានឲ្យដឹងដែរថា មុនលោកចាប់ផ្តើមផលិតកុន នៅឆ្នាំ១៩៨១លោកបានចូលទៅសិក្សានៅសាលាល្ខោនជាតិ ដែលសាលានោះបានបើកបង្រៀនផ្នែកនិពន្ធរឿង ដឹកនាំរឿង និងការសម្តែង ។ លុះការសិក្សានៅទីនោះអស់រយៈពេល៧ឆ្នាំ លោកក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសប៊ុលហ្ការី ក្នុងសម័យរដ្ឋកម្ពុជា ។
ប៉ុន្តែនៅប្រទេសនោះលោកមិនបានរៀនលើមុខវិជ្ជាថតកុននេះឡើយ ដោយសារត្រូវចំណាយថវិកាច្រើន សម្រាប់ថ្លៃតួ និងឧបករណ៍ក្នុងការថត ហេតុនេះលោកក៏បានប្តូរមកសិក្សាលើផ្នែកសេដ្ឋកិច្ចវិញ ។ លោកបន្ថែមថា ដោយសារតែលោកមានគ្រួសារជាអ្នកសម្តែងលោកក៏ចាប់ផ្តើមសរសេររឿងមួយគឺរឿង «ឃ្លាតទៅសែនឆ្ងាយ»។ រឿងនេះលោកផលិតឡើងមិនសម្តៅយកធ្វើអាជីវកម្មឡើយ គ្រាន់តែចង់បង្ហាញពីជីវប្រវត្តិគ្រួសាររបស់លោកដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះ ។
ប៉ុន្តែក្រោយពីខ្សែភាពយន្តមួយនេះទទួលបានជោគជ័យទាំងក្នុង និងក្រៅប្រទេសលោកក៏បានបន្តធ្វើរឿង «៣កន្លះ» ដោយបានសហការគ្នាជាមួយនឹងផលិតករមកពីប្រទេសសិង្ហបុរី ដែលខ្សែរឿងនេះនិយាយពីការជួញដូរផ្លូវភេទនៅក្នុងប្ទេសកម្ពុជា ។
លោកឆាយ បូរ៉ា បញ្ជាក់ថា ដោយសារតែមើលឃើញរោងភាពយន្ត និងបណ្តាស្ថានីយទូរទស្សន៍កកើតច្រើន លោកក៏បានបង្កើតផលិតកម្មមួយសម្រាប់ផលិតកុនដុំ និងរឿងភាគចាក់ផ្សាយតាមទូរទស្សន៍តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ។
ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកប៉ុក បូរក្ស ឲ្យដឹងថា មកដល់ពេលនេះមិនមានទិដ្ឋន័យច្បាស់លាស់ពីចំនួនផលិតករណាបានសិក្សា ឬមិនបានសិក្សាលើផ្នែកភាពយន្តឡើយ ។ ផលិតករដែលបានមកចុះឈ្មោះនៅនាយកដ្ឋានគឺភាគច្រើនមកជាតំណាងប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកផលិត និងដឹកនាំរឿងនោះគឺមានបុគ្គលផ្សេងទៀត ។
បើតាមលោកប៉ុក បូរក្ស រហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានសាលាសម្រាប់បណ្តុះបណ្តាលលើផ្នែកផលិតភាពយន្តនៅឡើយទេ ដោយផលិតករខ្លះបានទៅសិក្សាដោយឯកជននៅប្រទេសក្រៅប៉ុណ្ណោះ ។ បើទោះបីជាក្រសួងមិនទាន់មានលទ្ធភាពបង្កើតសាលាភាពយន្តក៏ដោយ ប៉ុន្តែកន្លងមកបានរៀបចំជាវគ្គសិក្សាខ្លីៗដែលមានរយៈពេល៣ខែលើមុខជំនាញការផលិតកុន និងបច្ចេស ផ្សេងៗ ៕
ចែករំលែកព័តមាននេះ