ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​ទេ ចូល​ផ្សារ​ច្បារ​អំពៅ​ផ្អើល​ទាំង​២​លើក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​តូប​លក់​គ្រឿងអលង្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ផ្សារ​ច្បារ​អំពៅ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​តូប​លក់​គ្រឿងអលង្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ផ្សារ​ច្បារ​អំពៅ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការ​បន្លំ​យក​គ្រឿងអលង្ការ ។

ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ​ម៉ា​ន ម៉ា​ន​រី​យ៉ា​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៦A ផ្លូវជាតិ​លេខ​៥​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឡុ​ង នី​ឡេ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ ។

តាម​សម្តី​រៀបរាប់​របស់​ជន​រង​គ្រោះ​អោយ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ដើរទៅ​ទិញ​គ្រឿងអលង្ការ​នៅ​ហាង​របស់​ខ្លួន ដោយពេល​នោះ​ជនសង្ស័យ បាន​ឲ្យ​ជន​រង​គ្រោះ​យក​ខ្សែ​ក​មាស ម៉ូត​ច្រវាក់​ឆាប​១​ខ្សែ ទម្ងន់​១​តម្លឹង​មក​មើល ។

ពេល​កំពុង​មើល​នោះ​ជនសង្ស័យ​បាន​យក​ខ្សែ​.​ក​មាស​មក​ពាក់​លើ​.​ក ពេល​នោះ​ជន​រង​គ្រោះ​ភ្លេចខ្លួន ស្រាប់តែ​ជនសង្ស័យ​ក៏​បន្លំ​ដោះ​ខ្សែ​ក​កាឡៃ ដែល​ពាក់​ជាប់​លើ​.​ក​ស្រាប់​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទុក​វិញ រួច​សុំ​មើល​ខ្សែ​ក​ម៉ូត​ផ្សេង​វិញ ។

ពេល​នោះ​ជន​រង​គ្រោះ​ឆ្លើយ​ថា​ចាំ​មួយ​ភ្លែត តែ​បែរជា​ជនសង្ស័យ​ឆ្លៀតឱកាស​ដើរ​ចេញ​ទៅ​ក្រៅ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ហាក់​មានការ​សង្ស័យ​ក៏​យក​ខ្សែ​.​ក​នោះ​មក​ពិនិត្យ​មើល​ម្តងទៀត​ទើប​ដឹង​ថា​ជា​ខ្សែ​.​ក​កាឡៃ ហើយ​ក៏​បាន​នាំ​គ្រួសារ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ដើម្បី​ដាក់​ពាក្យបណ្តឹង ។

នា​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​កាមេរ៉ា​សុវត្ថិ​ភា​នៅ​ចំណុច​ផ្ទះ​កើតហេតុ ដើម្បី​កំណត់​ភិនភាគ​ជនសង្ស័យ ក្នុង​ការ​ងាយស្រួល​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ។ នាយ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ លោក​ទេព បូ​រ៉ា អោយ​ដឹង​ថា មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល​នោះ កម្លាំង​របស់​លោក​បាន​ចូល​ដើរ​ល្បាត​ក្នុង​ផ្សារ ពិសេស​ចំណុច​ទូ​លក់​គ្រឿងអលង្ការ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​អាជីវករ ក្រែង​កើត​មាននូវ​អំពើ​ប្លន់​ជាដើម ។

ពេល​កំពុង​តែ​ល្បាត​នោះ ក៏​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ដែល​បាន​បន្លំ​យក​គ្រឿងអលង្កា​កាលពី​ថ្ងៃ​ទី​២០ តុលា​កន្លង​ទៅ​នោះ សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ខណៈ​ដែល​ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​ចូល​មក​ប៉ុនប៉ង​បន្លំ​គ្រឿងអលង្ការ​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ជា​លើក​ទី​២​ម្តងទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​បន្លំ​យក​គ្រឿងអលង្ការ​នោះ​គឺ​ដោយសារ​ខ្លួន​ជំពាក់​បំណុល​គេ​ច្រើន​ពេក ហើយ​ខ្សែ​.​ក​មាស​ប្រភេទ​ច្រវាក់​ឆាប​ទម្ងន់​១​តម្លឹង​ដែល​ខ្លួន​បាន​បន្លំ​យក​នោះ គឺ​ខ្លួន​បាន​យក​ទៅ​លក់​នៅ​ផ្សារ​ទួល​សង្កែ ដោយ​លក់​បាន​ក្នុង​តម្លៃ ១៤៣០​ដុល្លារ ហើយ​លុយ​ទាំង​អស់នោះ ខ្លួន​បាន​យក​សង​គេ​អស់ហើយ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន ខ្សែ​ក​កាឡៃ​១៧​ខ្សែ​, ខ្សែដៃ​កាឡៃ​១​ខ្សែ​, ចិ​ញ្ជៀ​ន​កាឡៃ​៨​វង់​, ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស​២​គូ​, បណ្តោង​ខ្សែ​ក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស​១, ទូរស័ព្ទ​ដៃ​២​គ្រឿង ( ម៉ាក iPhone៦ ពណ៌​ទឹកមាស​, ម៉ាក iPhone៥ ពណ៌​ផ្កាឈូក ), លុយ​ដុល្លារ​២​ដុល្លារ​, លុយ​ខ្មែរ​៦០០០​រៀល​, កាបូប​ក្រវាត់​ចង្កេះ​ពណ៌​ខ្មៅ១ និង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ​១ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង​ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ