ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះគេសង្កេតឃើញកម្មករប្រុសស្រីជាច្រើននាក់ កំពុងតែនាំគ្នាញាប់ដៃញាប់ជើងធ្វើការស៊ីឈ្នួលបេះផ្លែតាង៉ែន ហៅមៀនប៉ៃលិន ឱ្យឈ្មួញម្នាក់ដោយអ្នកខ្លះឡើងបេះក៏មានអ្នកខ្លះទៀតនាំគ្នាអង្គុយប្រឡេះស្លឹកចេញពីទង រួចច្រកដាក់ក្នុងកេះវេចខ្ចប់ ដើម្បីបញ្ជូនឡើងរថយន្តដឹកយកទៅលក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ។
តែអ្វីដែលសំខាន់នោះ គឺតម្លៃទីផ្សារតាង៉ែន ហៅមៀនប៉ៃលិនហាក់ដូចជារើបៗឡើង វិញ ធ្វើឱ្យកសិករមានសេចក្តីសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ។
ប្រភពព័ត៌មានពីកសិករម្នាក់ឈ្មោះ ចៅ ប៊ុនថេង ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា ឪពុកម្តាយរបស់គាត់បានដាំតាង៉ែន ហៅមៀនប៉ៃលិនជាង២០០ដើមនៅក្នុងចម្ការក្បែរផ្ទះរបស់ខ្លួនជាយូរឆ្នាំមកហើយក៏ទទួលបានផលផ្លែលក់ដូរឱ្យឈ្មួញជារៀងរាល់ឆ្នាំ ពុំដែលខានឡើយ ។ គាត់បន្តទៀតថា ក្នុងរយៈពេល១ឆ្នាំប្រមូលផលម្តង ហើយបន្ទាប់ពីបេះផ្លែរួចរាល់សរុបទៅបានជាង១០តោនដែរ ។ តែដោយឡែកនៅឆ្នាំ២០១៨នេះ ទិន្នផលហាក់ដូចជា មានការធ្លាក់ចុះខ្លាំងស្រាប់តែតម្លៃមានការកើនឡើងជាងឆ្នាំមុន ព្រោះកាលពីឆ្នាំ២០១៧កន្លងមក គាត់លក់ឱ្យឈ្មួញបានត្រឹមតែ១គីឡូក្រាម១៨០០រៀលប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំថ្មីនេះតម្លៃឡើងខ្ពស់ ដោយ១គីឡូក្រាម អាចលក់ឱ្យបានរហូតដល់៣០០០រៀលឯណោះ ។
ចំណែកស្ត្រីម្នាក់ឈ្មោះ ភ័ណ្ឌ អាយុ៤០ឆ្នាំ ជាឈ្មួញកណ្តាលបានឱ្យដឹងថា គាត់ចូលមកទិញផ្លែតាង៉ែនហៅ មៀនប៉ៃលិនយកទៅលក់ដូរនៅតាមផ្សារនានាតាមបណ្តាខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំ និងរហូតដល់រាជធានីភ្នំពេញឯណោះ ហើយក៏ជួលកម្មករទាំងបេះនៅលើដើម និងប្រឡេះដាក់ក្នុងកេះផងដែរ ។ គាត់បន្តទៀតថា ការជួលកម្មករឱ្យបេះផ្លែមៀនប៉ៃលិននេះគិតជាគីឡូដោយម្នាក់ៗ បេះក្នុង១គីឡូក្រាមជួលថ្លៃឈ្មួលពលកម្មចំនួន៤០០រៀល បើគាត់បេះបានច្រើនប្រាក់ក៏បានច្រើនទៅតាមនោះដែរ ។ រហូតមកដល់ពេលនេះគាត់ទើបតែជួលកម្មករបេះផ្លែតាង៉ែនបានត្រឹម២តោនប៉ុណ្ណោះ រួចឱ្យកម្មករជញ្ជូនដាក់រថយន្ត ដើម្បីត្រៀមដឹកយកទៅលក់តែម្តង ។ ចំណែកផ្លែសល់នៅលើដើមគាត់ក៏បន្តបេះនៅថ្ងៃបន្ទាប់ទៀត រហូតដល់អស់ពីមួយចម្ការទៅមួយចម្ការទៀត ។ លើសពីនេះបើសិនជាផ្លែតាង៉ែនធំល្អជាងនេះតម្លៃទីផ្សារក៏គាត់ហ៊ានទិញខ្ពស់ជាងនេះដែរ ដោយគិតទៅតាមគុណភាពរបស់វា ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះកសិករជាច្រើននាក់ហាក់ដូចជា ទ្រឹងខណ:តម្លៃទីផ្សារផ្លែតាង៉ែននៅមៀនប៉ៃលិនមានការធ្លាក់ចុះខ្លាំងទើបធ្វើឱ្យអ្នកខ្លះបែរទៅដាំដំណាំផ្សេងៗដូចជា ដំណាំពោតក្រហម ដំឡូងមី និងស្វាយកែវរមៀតជាដើម ៕
ចែករំលែកព័តមាននេះ