ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​កំណើន​ជា​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាង​ថា ឆ្នាំ​នេះ កំណើន​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ហាក់​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ និង​អាច​ចាត់​ទុក​ថា​ឆ្នាំ​នេះ កំណើន​នៃ​អាជីវកម្ម​របស់​កំពង់​ផែ​កើន​ឡើងជា​ប្រវត្តិសាស្ត្រ មាន​ន័យ​ថា ពី​មុន​ៗ​មក…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាង​ថា ឆ្នាំ​នេះ កំណើន​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ហាក់​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ និង​អាច​ចាត់​ទុក​ថា​ឆ្នាំ​នេះ កំណើន​នៃ​អាជីវកម្ម​របស់​កំពង់​ផែ​កើន​ឡើងជា​ប្រវត្តិសាស្ត្រ មាន​ន័យ​ថា ពី​មុន​ៗ​មក មិន​ធ្លាប់​មាន​កំណើន​ដូច​ឆ្នាំ​នេះ​ឡើយ ។

លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ កំណើន​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រមាណ​ជាង​២២% ដែល​កំណើន​នេះ​ចាត់​ទុក​ថា​ជា​កំណើន​ខ្ពស់​មួយ និង​កម្រ​មាន​សម្រាប់​អាជីវកម្ម​របស់​កំពង់​ផែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោក​មាន​ប្រសាសន៍​ថា ៖« ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ឃើញ​ថា មាន​កំណើន​មួយ​ខ្ពស់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។ ជាក់ស្ដែង​ទំនិញ​ឆ្លងកាត់​មាន​កំណើន​រហូត​ដល់​ជាង​២២% ដែល​ធម្មតា​មាន​កំណើន​ត្រឹមតែ​ប្រមាណ​១២%​ប៉ុណ្ណោះ​»​។

លោក​បន្ត​ថា សម្រាប់​នាវា​ដែល​ចូល​ចត​នៅ​កំពង់​ផែ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ មាន​កំណើន​ប្រមាណ​៨% ក្នុង​នោះ​ចំណុះ​ផ្ទុក​បាន​កើនឡើង​រហូត​ដល់​១១% ដែល​ធ្វើ​ឲ្យ​ចំណូល​ពី​កំពង់​ផែ​នេះ​បាន​កើនឡើង​ប្រមាណ​២១,៧%​ដែរ ។ តាម​រយៈ​តួលេខ​នេះ​បាន​បញ្ជាក់​ថា នាវា​ដែល​ចូល​ចត​នៅ​កំពង់​ផែ​កាន់តែ​ធំ​ទៅ​ៗ​ហើយ និង​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក៏​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ​ផង​ដែរ ។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​មុន ទំនិញ​ចេញចូល​ដោយ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​មួយ​នេះ​មាន​មាន​ខុស​គ្នា​ឆ្ងាយ​ណាស់ ក្នុង​នោះ​ទំនិញ​នាំ​ចេញ ហាក់​មាន​បរិមាណ​តិច​ជាង​ទំនិញ​នាំ​ចូល ក៏​ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ទំនិញ​នាំ​ចេញ និង​នាំ​ចូល មាន​បរិមាណ​ប្រហាក់ប្រហែល​គ្នា ។

លោក​បន្ដ​ថា ៖« នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​មាន​កំណើន​ខ្ពស់ ហើយ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​មាន​ដូច​ជា អង្ករ សម្លៀក​បំពាក់ កៅស៊ូ ជាដើម ហើយ​នាំ​ចូល​មក​វិញ​នូវ សម្ភារ​កាត់ដេរ សំណង់ និង​មធ្យោបាយ​ផ្សេង​ៗ ដូច​ជា​យានយន្ត​ទាំង​រថយន្ត និង​ទោចក្រយានយន្ត »​។
លោក​បញ្ជាក់​ថា កំណើន​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទទួល​បាន​លទ្ធផល​បែប​នេះ បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​កំពង់​ផែ​ទឹក​ជ្រៅ​មួយ​កាលពី​ពេល​កន្លង​ទៅ​នេះ ដែល​អាច​អនុញ្ញាត​ឲ្យ​នាវា​ធំ​ៗ​ចូល​ចត ព្រមទាំង​អាច​ផ្ទុកទំនិញ​បាន​ច្រើន​ជាង​មុន​ផង​ដែរ ។

លោក​បញ្ជាក់​បន្ថែម​ថា ៖« សម្រាប់​គម្រោង​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​មក​អភិវឌ្ឍន៍​នោះ វា​នឹង​ផ្ដល់​ប្រយោជន៍​ខ្ពស់​ក្នុង​ការ​ចរាចរ​ទំនិញ​ចេញចូល និង​អាច​អនុញ្ញាត​ឲ្យ​នាវា​ធំ​ៗ​ឆ្លងកាត់​បាន​កាន់តែ​ច្រើន​។ ម្យ៉ាងទៀត ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ផ្ដល់​ផល​ចំណេញ​ច្រើន​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ហើយ​ផលប្រយោជន៍​ធំ​ដែល​បាន​ពី​កំពង់​ផែ​នេះ​ដែរ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ