ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ខ្ទេច​…​ក្រោយ GPS នាំ​ទៅ​ដល់​បន្ទប់​ជួល (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​តាមដាន GPS បាន​នាំ​ផ្លូវ​ក​ម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ទៅ​ធ្វើការ​ឆែកឆេររក​ឃើញ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួម​ជាមួយ​សម្ភារ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​មួយ​ចំនួន​ទៀត…

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​តាមដាន GPS បាន​នាំ​ផ្លូវ​ក​ម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ទៅ​ធ្វើការ​ឆែកឆេររក​ឃើញ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួម​ជាមួយ​សម្ភារ ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​មួយ​ចំនួន​ទៀត ដែល​ចោរលួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល
២​កន្លែង ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ចោរ​បានគេចខ្លួន​បាត់​នៅ​តែ​ស្ត្រី​ជា​សង្សារ​ម្នាក់​ត្រូវ​នគរ
បាល​ឃាត់ខ្លួន នាំ​យក​ទៅ​សួរនាំ​រក​អត្តសញ្ញាណ​មុខសញ្ញា​ចោរ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​បន្ទប់​អត់លេខ និង​បន្ទប់​លេខ​១១២៣ ជា​បន្ទប់​ជួល ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​២​គីឡូម៉ែត្រ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​សង្សារ​របស់​ជនសង្ស័យ​ខាងលើ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នោះ​ឈ្មោះ ជឿន សុ​ផា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ដែល​ជនសង្ស័យ​លាក់​ទុក​ម៉ូតូ​ដែល​លួច​បាន ។

ចំណែក​មូលហេតុ​ដែល​ឈាន​ដល់​ការ​ចុះ​ឆែក​ឆរ​បន្ទប់​ជួល​ទាំ​២​ខាងលើ គឺ​ដោយសារ​តែ​កាលពី​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​នោះ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DG-៥៣៨៦ ត្រូវ​បាន​ចោរលួច​កាច់​សោ​.​ក​ចេញពី​សង្កាត់​ភ្លើង​ឆេះ​រទេះ ដោយ​ម៉ូតូ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS​ទៀត​ផង ។ ក្រោយ​ពេល​ដឹង​ថា​បាត់ ម្ចាស់​ម៉ូតូ​ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ជួយ​អន្តរាគមន៍ ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​នគរបាល​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ
ហើយ​រយៈ​តាម​ប្រព័ន្ធ​តាមដាន​GPS​បាន​ចង្អុលបង្ហាញ​ទៅ​កាន់​ប្លុក​ផ្ទះ​ជួល​ខាងលើ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​គ្មាន​លេខ​មួយ នៅ​ក្នុងភូមិ​ទួល​ពង្រ ។

នៅ​ក្នុង​ការ​ឆែកឆេរ​នេះ បាន​ប្រទះ​ឃើញ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​កាច់​សោ​.​ក​ខាងលើ រួម​នឹង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​ដែល​សុទ្ធតែ​មាន​ស្នាម​គាស់​បំបែក​សោ​ទាំងអស់ រួម​ជាមួយ​ឧបករណ៍​ដាប់​លេខ​តួ លេខ​ម៉ាស៊ីន ព្រមទាំង​ផ្លា​ក​លេខ​ម៉ូតូ មួយ​ចំនួន ហើយ​មាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​សង្សារ​ជនសង្ស័យ​ជា​ចោរ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ ក៏​បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ផង​ដែរ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពេល​សាកសួរស្ត្រី​រូប​នេះ​និយាយ​ថា ម៉ូតូ​ទាំងនោះ​គឺ​សង្សារ​របស់​នាង​យក​មក​ទុក​ក្នុង​បន្ទប់​នេះ តែ​នាង​មិន​បានដឹង​ថា​សង្សារ​គឺជា​ចោរ​ឡើយ ព្រោះ​ប្រុស​ស្នេហ៍​រូប​នេះ​ប្រាប់​នាង​ថា រូបគេ​គឺជា​អ្នក​រកស៊ី​គួ​ក​ជេ​ទិញ​-​លក់​ម៉ូតូ ហើយ​នាង​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា​ជន​នោះ​កុហក​នាង​ឡើយ ។

បន្ទាប់​មក ស្ត្រី​រូប​នេះ​បាន​នាំ​នគរបាល​ប៉ុស្តិ៍ទាំង​២​ទៅ​ធ្វើការ​ឆែក​នៅ​បន្ទប់​ជួល​មួយទៀត​លេខ​១១២៣ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​គ្នា ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ព្រមទាំង​ផ្លា​ក​លេខ និង​កាត​គ្រី​មួយ​កំ​ភ្លូ​ស​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ដកហូត​បានម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១DG-៦៨៨៣ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DG-៥៣៨៦ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១HB-៤៩៦៨ និង​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១CO-០៥១០ និង​ម៉ូតូ​ធំ​ម៉ាក​MS ១​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១DM-០៩៩៦ ព្រមទាំង​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​៩​បន្ទះ កាត​គ្រី​ចំនួន​៦​សន្លឹក ដុំ​សោ​ម៉ូតូ ឧបករណ៍​សម្រាប់​ដាប់​លេខ​ម៉ូតូ រួម​នឹង​សម្ភារ និង​គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន​ទៀត ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ចោរលួច​ដែល​កំពុង​រត់គេច​ខ្លួន តែ​នៅ​មិន​ទាន់​ដឹង​ថា​សមត្ថកិច្ច​នឹង​ចាត់ការ​លើ​ស្ត្រី​ជា​សង្សារ​ជនសង្ស័យ​បែប​ណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ