ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរសមីនកម្ពុជា លោកអាគីរ៉ានិងសហការី​បាន​ដោះលែង…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក យិ​ន ស្រ៊ា​ង អ្នកនាំពាក្យ​សាលាដំបូង​ និង​អយ្យការ​អម​សាលា​ដំបូ​ង​ខេត្ត បាន​ឲ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង ​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២១  កញ្ញា…

ខេត្តសៀមរាប ៖ លោក យិ​ន ស្រ៊ា​ង អ្នកនាំពាក្យ​សាលាដំបូង​ និង​អយ្យការ​អម​សាលា​ដំបូ​ង​ខេត្ត បាន​ឲ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង ​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២១  កញ្ញា ​ថា ជនជាប់ចោទ​៣​នាក់​ នៃ​អង្គការ​សារមន្ទីរ​មីន​កម្ពុជា និង​មូលនិធិ​សង្គ្រោះ ដែល​ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣០  សីហា ​កន្លង​ទៅ ត្រូវ​បាន​លោក ស៊ិ​ន សុ​វ​ណ្ណា​រ័​ត្ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ដោះ​លែងឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា បន្ទាប់​ពី​មាន​ឯកសារ ​សើ្ន​សុំ​ពី​លោក​មេធា​វី​ការពារ​ក្តី ។

ការ​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់ ដែលក្នុង​នោះ​មាន​ម្នាក់​ជា​វីរបុរស​មីន​កម្ពុជា​របស់​អង្គការ​សារមន្ទីរ​មីន​កម្ពុជា​និង​មូលនិធិ​សង្គ្រោះ​គឺ​លោក​អា​គី​រ៉ា បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​មួយ ។ លោក​និង​សហ ការី ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ស្រុក​បន្ទាយស្រី ហើយ​បញ្ជូន​ទៅ​សាលា ដំបូងនៅ​រសៀល​ថ្ងៃ​ដដែល ដោយ​ទទួល​រង​ការចោទប្រកាន់​ថា បាន​រក្សា​ទុក​អាវុធ​ខុសច្បាប់និង​ត្រូវ​បាន ​លោក ស៊ិ​ន សុវណ្ណ​រ័​ត្ន ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត យោង​តាម​មាត្រ​២៣​នៃ​ច្បាប់​ស្តី​ពី​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន​នេះ គឺ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ខែសីហា ឆ្នាំ​២០១៨ នៅ​សារមន្ទីរ​គ្រាប់​មីន​កម្ពុជា និង​មូលនិធិ​សង្គ្រោះ ក្នុងស្រុក​បន្ទាយស្រី មាន​អគ្គិភ័យ​ឆាបឆេះ ។
លោក​វរសេនីយ៍ទោ ន​ល់ រ៉ុ​ង នាយ​រង​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ​ថា ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ឆាបឆេះ​នៅ​ក្នុង​សារមន្ទីរ​មីន​របស់​លោក​អា​គី​រ៉ា ក្នុងស្រុក​បន្ទាយស្រី កាលពី​ថ្ងៃ​ទី​២៧ ខែសីហា​កន្លង​ទៅ ។ បុគ្គលិក​សារមន្ទីរ​មីន​កម្ពុជា​ចំនួន​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ៖

១-​ឈ្មោះ អា​គី​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំជា​ប្រធាន​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ក្នុងភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ២-​ឈ្មោះ អឿ​ន យ៉ុ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​អនុប្រធាន នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ៣-​ឈ្មោះ ហ៊ា​ញ សុ​គ​ន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុះ​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

អ្នក​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ពី​បទពាក់ព័ន្ធ​នឹង​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់ និង​បើក​សារមន្ទីរ​គ្រាប់​មីន​គ្មាន​ច្បាប់ និង​បាន​នាំ​យក​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​មន្ត្រី​អង្គការ​ស៊ី​ម៉ាក់​បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សារមន្ទីរ​មីន​កម្ពុជា​នេះ កងកម្លាំង​ស៊ី​ម៉ាក់​បាន​ដកហូត​គ្រាប់បែកដៃ​ចំនួន​៩​គ្រាប់ មីន​ប្រភេទ​៧២A​ចំនួន​១៥​គ្រាប់ គ្រាប់​កាំភ្លើងខ្លី​ចំនួន​៣២៥​គ្រាប់ ដង​គ្រាប់​បេ​ចំនួន​១ ម្ជុល​ភ្លើង​មីន​ធុន​៦៩​ចំនួន​៥​ដើម គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូក្រាម កាំភ្លើងស្វ័យប្រវត្តិ​ឆេះ​ខូច​៦​ដើម សម្បក​គ្រាប់​មីន​ចំនួន​២​កេស​ឈើ ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១ កេស​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១ កេស​ដែក​ដាក់​ខ្សែយឺត​ចំនួន​១ ស្មាច់​ដាក់​គីប​ចរន្ត​ចំនួន​១ គ្រាប់​កាំភ្លើងខ្លី​ធុន​កា​៥៩ ចំនួន​៤២​គ្រាប់ គីប​ចរន្ត​ចំ​នួ​២៩០​ដើម និង​គីប​ធម្មតា​៣០០​ដើម ។

មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេលប្រមូល​គ្រឿងផ្ទុះ​ទាំងអស់ មន្ត្រី​ស៊ី​ម៉ាក់​បាន​យក​ទៅ​កន្លែង​មាន​សុវត្ថិភាព និង​ធ្វើការ​កម្ទេច​ចោល​ផង​ដែរ ចំណែក​ទីតាំង​នោះ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ព័ត៌មាន​ជា​ច្រើន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ពី​ក្រុម​ក្មេង​កំព្រា​ចំនួន១៧​នាក់ ដែល​ធ្លាប់​រស់នៅ​ក្នុង​សារមន្ទីរ​មីន​នោះ បាន​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ជីវភាព ។ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​ថា កុមារ​កំព្រា​ទាំង​អស់នោះ​ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច ប្រគល់​ឱ្យ​អង្គការ​មួយ​ចំនួន​យក​ពួក​គេ​ទៅ​គ្រប់គ្រង ហើយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ។ អង្គការ​២​ដែល​ទទួលយក​កុមារ​កំព្រា​មាន អង្គការ​កម្ពុជា​ទទួលយក​១០​នាក់ និង​អង្គការ​សាន់​រា​៉​យ​ទទួលយក​៧​នាក់ ។

លោក អា​គី​រ៉ា មានឈ្មោះ​ដើម អឿ​ន យក្ស មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប គឺជា​កូនពៅ​ក្នុង​គ្រួសារ​កសិករ​មួយ ដែល​មាន​បងប្អូន​ចំនួន​៣​នាក់​(​ប្រុស​២​និង​ស្រី​១) ។
នា​សម័យ​ខ្មែរក្រហម អា​គី​រ៉ា ដែល​កំពុង​ស្ថិតក្នុង​វ័យ​កុមារភាព ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បម្រើ​កងទ័ព​ប្រឆាំង​នឹង​ទាហាន​វៀតណាម​។ ក្នុងអំឡុងពេល​នោះ លោក​គឺជា​អ្នក​ដែល​រួមចំណែក​ដាក់​រាយ​គ្រាប់​មីន​ជាង​៦​លាន​គ្រាប់​នៅ​ក្នុង​ប្រទេស​ខ្មែរ ។ នៅ​ពេល​ដែល​សង្គ្រាម​ផុតរលត់ អា​គី​រ៉ា បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ផ្នែក​កម្ចាត់​មីន​ពី​អង្គការសហប្រជាជាតិ ។ ពេល​ចាប់ផ្តើម​ការងារ​លោក​ប្រើ​តែ​កូនកាំបិត​និង​មែកឈើ​ប៉ុណ្ណោះ ដើម្បី​ដោះ​គ្រាប់​មីន​ទាំងនោះ ។

ចាប់ពី​ឆ្នាំ​១៩៩០​រហូត​ដល់​ឆ្នាំ​២០០៧ អា​គី​រ៉ា បាន​ស្ម័គ្រចិត្ត​ដើរ​ដោះ​មីន​ដោយ​មិន​ទារ​កម្រៃ​ចេញពី​ផ្ទៃដី​បាន​ប្រមាណ​៥​ម៉ឺន​គ្រាប់ ហើយ​ការ​ដោះ​នោះ​មិន​ស្រប​តាម​បច្ចេកទេស​ដោះ​មីនទេ​។ នៅ​ឆ្នាំ​១៩៩៧ លោក​អា​គី​រ៉ា បាន​បង្កើតសារមន្ទីរ​មីន​មួយ​ដោយ​ខ្លួនឯង ដែល​ក្រោយមក​បាន​ប្ដូរ​ទីតាំង​ទៅ​ស្រុក​បន្ទាយស្រី ដោយ​មាន​ទាំង​ចិញ្ចឹម​កុមារ​កំព្រា​ជិត​៣០​នាក់​ទៀត​ផង ។បន្ទាប់​មក នៅ​ឆ្នាំ​២០០៨ លោក​អា​គី​រ៉ា បាន​បង្កើត​អង្គការ​ដោះ​មីន​មួយ​ឈ្មោះ​ថា​អង្គការ​ដោះ​មីន​កម្ពុជា ហើយ​អង្គការ​នេះ​មានការ​គាំទ្រ​ថវិកា ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ។លោក អា​គី​រ៉ា ទទួល​បាន​ភាព​ល្បី​សុសសាយពេញ​ផ្ទៃ​ប្រទេស​ក៏​ដូច​ជា​លើ​ឆាក​អន្តរជាតិ។

ជាក់ស្តែង នៅ​ឆ្នាំ​២០១០ លោក​អា​គី​រ៉ា បាន​ជាប់​ក្នុង​បញ្ជី​វីរបុរស​ឆ្នើម​ទាំង​១០​នាក់​របស់​ទូរទស្សន៍ CNN ក្នុង​ចំណោម​បេក្ខជន​សរុប​រាប់​ពាន់​នាក់ ។ នៅ​ខែសីហា ឆ្នាំ​២០១២ លោក​បាន​ទទួល​រង្វាន់​កិត្តិយស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មាន​តម្លៃ​ជា​ទឹកប្រាក់​៤៤.០០០​ដុល្លារ ។ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៣ លោក រ៉ា​ឆាត អូ​ហ្គា​ស្ទី​ន តំណាង​មក​ពី​ក្លិប​កម្ចាត់​មីន Rotary Club of Gravenhurst របស់​កា​ណា​ដា បាន​បំពាក់រង្វាន់​ជា​មេដាយ​ស្ថាបនា​កិត្តិយស​របស់​កម្មវិធី Paul Harris Fellowship Award ជូន​អ្នកមាន​ស្នាដៃ​ល្អ គឺ​លោក អា​គី​រ៉ា ស្ថាបនិក​ភ្នាក់ងារ កម្ចាត់​មីន​ឆ្នើម​របស់​កម្ពុជា និង​ជា​អ្នក​បង្កើត​សារមន្ទីរ​មីន ដំបូង​បង្អស់​ផង​ដែរ ៕​​

 

អត្ថបទសរសេរ ដោយ