រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ដែលបានបាត់មុខជាងមួយឆ្នាំ ភុំ សារ៉ាយ ដែលអ្នកណាក៏ស្គាល់ថាជាកីឡាករជើងខ្លាំងមានឈ្មោះល្បីនោះ បានវិលមកកាន់សង្វៀនប្រដាល់វិញហើយ ក្នុងនាមជាកីឡាករប្រចាំក្លិបអាជ្ញាធរជាតិអាវុធគីមី។ វត្តមានវិលវិញរបស់លោកគឺបានបំបាក់សិស្សប្អូន សឹង្ហ សាវ៉ន មកពីក្លិបសិង្ហកីឡា ឱ្យសន្លប់ក្នុងទឹកទី២ យ៉ាងគួរឱ្យញាក់សាច់ក្នុងពេលដែលថាមពល និងស្នៀតប្រដាល់របស់ជើងចាស់រូបនេះហាក់ដូចជានៅល្អដូចដើម ។
វត្តមានឡើងរេញរបស់កីឡាករល្បីឈ្មោះកាលពីអតីតកាល លោកភុំ សារ៉ាយ នៅសង្វៀន Beeline Arena ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃអាទិត្យ ទី១២ ឧសភា បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលមិនតិចឡើយ ក្នុងស្រទាប់អ្នកស្នេហាកីឡាប្រដាល់នៅទូទាំងប្រទេស ។ អ្វីដែលគេកោតសរសើរបំផុតគឺនៅពេលលោកប្រើពេលត្រឹមតែ២ទឹក ធ្វើឱ្យ សឹង្ហ សាវ៉ន សន្លប់ដែលជារឿងកម្រនឹងកើតមានចំពោះជើងខ្លាំង សឹង្ហ សាវ៉ន ។ ក្នុងទឹកទី១ កីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់សមត្ថភាពគ្នាទៅវិញទៅមកប៉ុណ្ណោះ ដោយមិនមានសកម្មភាពវាយលុកណាមួយធ្វើឱ្យមានការចាប់អារម្មណ៍នោះទេ ពោលគឺរហូតដល់ទឹកទី២ ទើបគេឃើញជើងចាស់ ភុំ សារ៉ាយ វាយសម្រុកតែម្តងបន្ទាប់ពីសិស្សប្អូន សឹង្ហ សាវ៉ន ម៉ាត់ត្រូវប៉ុន្មានដៃ និងទាត់ប៉ុន្មានជើងធ្វើឱ្យលោកក្តៅស្លឹកត្រចៀក ។ កីឡាករភុំ សារ៉ាយ មិនត្រឹមតែបញ្ចេញស្នៀតម៉ាត់ឆ្វេង ម៉ាត់ស្តាំ និងបកកែងប៉ុណ្ណោះទេ គឺសូម្បីតែទាត់លើទាត់ក្រោម និងក្បាច់លោតធាក់គួរឱ្យញាក់សាច់ផ្សេងទៀត ក៏ជើងចាស់រូបនេះយកមកប្រើវាយសង្គ្រុបលើកីឡាករសឹង្ហ សាវ៉ន នោះដែរ ។ អញ្ចឹងហើយទើបគេឃើញកីឡាករសឹង្ហ សាវ៉ន ត្រូវអាជ្ញាកណ្តាលរាប់២ដងក្នុងទឹកទី២ ខណៈដែលនៅទីបំផុតកីឡាករភុំ សារ៉ាយ ក៏ហក់ទាត់ និងវាយកែងបកបន្ថែមទៀតច្រើនស្នៀត ធ្វើឱ្យ សឹង្ហ សាវ៉ន ដួលអុកគូទ ហើយធ្លាក់ដល់ដំណាក់កាលលើកទង់ជ័យសតែម្តងនៅមុនស្នូរជួងទឹកទី២ ត្រូវបញ្ចប់ ។ វត្តមានរបស់ជើងចាស់រូបនេះពិតជាធ្វើឱ្យជើងខ្លាំងក្មេងចាស់រញ្ជួយអារម្មណ៍ ពិសេសក្នុងពេលម្នាក់ៗសុទ្ធតែមើលឃើញថា ជើងខ្លាំង សឹង្ហ សាវ៉ន ដែលអ្នកណាក៏ស្គាល់ថាជាកីឡាករវ័យក្មេងដែលមានស្នៀតគុនល្អមួយរូបដែរនោះ បែរជាស្ទុះមិនរួចត្រឹមទឹកទី២បែបនេះ ។
នៅសង្វៀននោះដែរ កីឡាករយុគ យក្សផ្លែ មកពីក្លិបអប់រំកាយខេត្តបាត់ដំបង បានវាយបំបាក់កីឡាករជា ឆៃរ៉ាក់ មកពីក្លិបខេមរិន្ទមានឫទ្ធិ ឱ្យសន្លប់ក្នុងទឹកទី៣ ។ កីឡាកររាជសីហ៍ ចាន់ឌី មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ចាញ់កីឡាករយិន បូរិន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ ដោយពិន្ទុ និងកីឡាករយ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រា ចាញ់កីឡាករហ៊ុន សោភ័ណ្ឌ មកពីក្លិបយុវកីឡាខេត្តកណ្តាល ដោយពិន្ទុ ។ ដោយឡែកនៅសង្វៀនកោះពេជ្រឯណោះវិញ គូឯក ចាន់ រតនា ក៏ធ្វើឱ្យរញ្ជួយសង្វៀនបាយ័នណាស់ដែរ ខណៈដែលគេអាចឈ្នះពិន្ទុកីឡាករពៅ ស័ក្តិសិទ្ធិ យ៉ាងគួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យអ្នកទស្សនាជក់ចិត្ត ៕
ចែករំលែកព័តមាននេះ