ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីប្រវត្តិ​ភ្នំ​នីមួយ​ៗ​លើ​ភ្នំ​ឈើ​កាច់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ។ ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់…

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ។

ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់ ដែល​មាន​ភ្នំ​ដែល​មហាជន​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺ​ភ្នំ​ឈើ​កាច់ ហើយ​ភ្នំ​នេះ​ក៏​មាន​ជាប់​ទាក់ទិន​ទៅ​និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ក៏​ដូច​ជា រឿងព្រេង​ជា​ច្រើន​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា ភ្នំ​ឈើ​កាច់​នេះ​ជា​កម្រង​ជួរ​ភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់​នៃ​ស្រុក​បាភ្នំ​កម្រង​ជួរ​ភ្នំ​នេះ​មាន​ភ្នំ​ទាំង​តូច ទាំង​ធំ សរុប​ចំនួន​១៤​ភ្នំ ស្ថិត​នៅ​ក្បែ​ៗ​គ្នា និង​មានឈ្មោះ​រៀង​ៗ​ខ្លួន​ដែល​ចាស់ទុំ​ពី​មុន​ដាក់​ឲ្យ​ទៅ​តាម​រូបសណ្ឋាន​របស់​វា​ដូច​ជា ភ្នំ​សំពៅ ភ្នំ​បាញ់​ចារ ភ្នំ​តូច ភ្នំ​ធំ ភ្នំ​ល្អាង ភ្នំ​អ្នកតា​ទូល​ឈ្នាង ភ្នំ​យាយ​ទូល​កញ្ច្រែង ភ្នំ​គុក​ប្រជៀវ ភ្នំ​កំ​ផ្លុ​ក ភ្នំ​ស្លឹកគ្រៃ ភ្នំ​ថ្ម​បាញ់ ភ្នំ​ថ្ម​សរ ភ្នំ​យាយ​មេសរ និង​ភ្នំ​កំពូល​ឈើ​កាច់ ។

បើ​តាម​ការ​រៀបរាប់​របស់​ចាស់ព្រឹទ្ធាចារ្យ​ដែល​រស់នៅ​ក្នុង​តំបន់​ភ្នំ​ឈើ​កាច់​នេះ​បាន​ឲ្យ​ដឹង​ថា ភ្នំ​មួយ​ចំនួន​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នេះ​មាន​ភ្នំ​មួយ​ចំនួន​មានរឿង​រ៉ាវ​ទាក់ទង​ទៅ​នឹង​រឿងព្រេង​និទាន​ដូច​ជា ភ្នំ​សំពៅ​ដែល​នៅ​ក្បែ​វត្ត​វិហារ​ធំ ឬ​វិហារ​គុក ដូនតា​ពី​សម័យ​មុន​បាន​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សំពៅ ព្រោះ​ទីតាំង​នោះ​មានរឿង​ព្រេង​និទាន​ដំណាល​ថា មាន​សំពៅ​ធំ​១​គ្រឿង​បាន​បើក​មក​លិច​បាត់​នៅ​ត្រង់​ទីតាំង​នោះ​តែ​មិនដឹង​ពិត ឬ​មិន​ពិត​នោះ​ទេ លឺ​តែ​ចាស់​ៗ​ដំណាល​ត​ៗ​គ្នា​មក​ទើប​នាំ​គ្នា​ហៅ​ភ្នំ​នោះ​ថា ភ្នំ​សំពៅ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ភ្នំ​អ្នកតា​ទូល​ឈ្នាង នៅ​លើ​កំពូលភ្នំ​នេះ​មាន​ដុំ​ថ្ម​១​ផ្ទាំង​ធំ ដែល​មាន​រាង​ដូច​ឈ្នាង និង​មាន​ដុំ​ថ្ម​១​ដុំ​ទៀត នៅ​ទូល​ពីក្រោម​ដែល​គេ​មើលទៅ​មិន​សម​អាច​បន្តុប​ជាប់​គ្នា​សោះ ព្រោះ​ថ្ម​ខាងលើ​មាន​ទំហំ​ធំ ឯ​ថ្ម​ខាងក្រោម​តូច​ខុស​គ្នា​ឆ្ងាយ តែ​បែរជា​អាច​ទ្រ​ថ្ម​ខាងលើ​ជាប់ ទោះបីជា​ប្រឈម​និង​ភ្លៀង​ខ្យល់​បោកបក់​មក​រាប់រយ​ឆ្នាំ​ហើយ​ក៏​ដោយ ។ ភ្នំ​នេះ​ចាស់​ៗ​បាន​ដំណាល​ត​ៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​ខេត្ត​បាភ្នំ ( ឈ្មោះ​ខេត្តព្រៃវែង​សម័យ​មុន ក្រោយមក​ដូរ​ជា​ខេត្តព្រៃវែង​វិញ​) បាន​វាយ​សម្លាប់​ម្តាយ​របស់​ខ្លួន​ដោយសារ​តែ​ឃើញ​បាយ​ដែល​ម្តាយ​យក​មក​ឲ្យ​ហូប​តិច​ពេក លុះ​ពេល​វាយ​ម្តាយ​ស្លាប់​ហើយ​ហូប​បាយ​នោះ​មិនអស់​ទើប​ភ្ញាក់ខ្លួន​ស្តាយស្រណោះ​អាណិតម្តាយ ហើយ​បាន​ដាក់​អង្ករ​ក្នុង​ឈ្នាង​ដើរ​រក​ដូរ​ម្តាយ ពី​អ្នកស្រុក តែ​គ្មាន​អ្នក​ណា​ដូរ​ឲ្យ​រហូត​ចុង​ក្រោយ​ក៏​ដើរមក​ដួល​ស្លាប់​នៅ​លើ​ភ្នំ​នេះ​កើត​ទៅ​ជា​ដុំ​ថ្ម​២​ដុំ ខាងក្រោម​តូច​ទូល​ដុំ​ថ្ម​ផ្ទាំង​ធំ​នៅ​ខាងលើ​ដូច​ជា បុរស​ទូល​ឈ្នាង​ដើរ​រក​ម្តាយ​ទើប​ចាស់​ៗ​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា អ្នកតា​ទូល​ឈ្នាង​រហូត​ដល់​សព្វថ្ងៃ ។

ចំណែក​ភ្នំ​ល្អាង​វិញ​ភ្នំ​នេះ​មាន​ល្អាង​ដ៏​ធំ​មួយ​នៅ​ចង្កេះភ្នំ​ហើយ​មាន​ជម្រៅ​ជ្រៅ​ចុះ​ទៅ​ក្រោម ងងឹត​សូន្យឈឹង​ប្រៀប​ដូច​ជា រូងភ្នំ​ដ៏​វែង​មួយ​ចាស់​ៗ​បាន​ដំណាល​ប្រាប់ត​ៗ​គ្នា​ថា នៅ​ក្នុង​រូង​នេះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់នៅ ហើយ​ធ្លាប់​មាន​អ្នក​សច្ចំ អ្នករៀន​មន្តអាគម​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ ហើយ​បាន​ទៅ​ផុស​ឡើង​មក​លើ​វិញ​នៅ​ភ្នំ​ជើង​អណ្តែង​ឯ​ខេត្តស្វាយរៀង​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ដី​ប្រទេស​វៀតណាម​ឯណោះ តែ​ទោះជា​យ៉ាងណា​រាប់​សិប​ឆ្នាំ​មកនេះ​មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ​ទៀត​ទេ​ព្រោះ វា​ប្រថុយ និង​គ្រោះថ្នាក់​ខ្លាំង​មិនដឹង​ថា ក្នុង​នោះ​ពេល​នេះ​មាន​សត្វ​សាហាវ និង​កត្តា​គ្រោះថ្នាក់​អ្វីខ្លះ ។ រីឯ​ភ្នំ​យាយ​ទូល​កញ្ច្រែង​មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​រូប​រាងដូចជា កញ្ច្រែង និង​មានរឿង​ព្រេង​និទាន​ដូច​ជា ភ្នំ​អ្នកតា​ទូល​ឈ្នាង​ដែរ ប៉ុន្តែ​ដោយសារ តែ​មិន​មាន​អ្នក​យក​មក​និយាយ ទើប​យូរ​ៗ​ទៅ​អ្នកស្រុក​ភ្លេច​រឿងនិទាន​នេះ​អស់​នៅ​សល់​តែ​ឈ្មោះ​រហូត​ដល់​សព្វថ្ងៃ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នោះ​មាន​ភ្នំ​មួយ​ដែល​អ្នកស្រុក​មាន​ជំនឿ​ថា​ជា​ភ្នំ​មាន​បារមី​ស័ក្ដិសិទ្ធិ ហើយ​តែងតែ​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​សែនព្រេន​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​ឲ្យ​ឈ្មោះ​ថា បុណ្យ​ឡើងអ្នកតា​នោះ គឺ​ភ្នំ​យាយ​មេសរ ។ ភ្នំ​នេះ​មានរឿង​ព្រេង​និទាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ចាស់​ៗ​បាន​ដំណាល​ថា កាលសម័យ​នគរ​ភ្នំ​ស្តេច​ខ្មែរ​បាន​បញ្ជូន​មេទ័ព​ម្នាក់​ឈ្មោះ​គី​រី​ផល​ឲ្យ​ទៅ​រៀន​ក្បួន​យុទ្ធសាស្ត្រ​ធ្វើសឹក​សង្គ្រាម និង​មន្ត​វិជ្ជា​សិ​ល៌្ប​សាស្ត្រ​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​បុរស​ខ្មែរ​ម្នាក់​ទៀត ដែល​ខ្លាំងពូកែ​នៅ​ក្នុង​នគរ ។

នៅ​នគរ​ក្រិ​ចក​ម្លោះ​គី​រី​ផល​បាន​ជួប និង​នារី​ម្នាក់​ឈ្មោះ មេ​.​សរ ដែល​ជា​មេទ័ព​ប្រទេស​ក្រិ​ច ហើយ​ក្រោយ​ពី​រៀន​ចប់​ស្តេច​ប្រទេស​ក្រិ​ច​បាន​រៀប​ការ​ឲ្យ​អ្នក​ទាំង​២​តែ​មិន​ឲ្យ​គី​រី​ផល​ត្រឡប់​មក​នគរ​ភ្នំ​វិញ​ទេ ។ ចំណែក​គី​រី​ផល ពេល​ដែល​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​ឈ្មោះ គី​រី​ជោ​ត ហើយ​ក្រោយមក​គី​រី​ផល​បានលឺ​ដំណឹង​ថា នគរ​ភ្នំ​កំពុង​មាន​ចម្បាំង​ជាមួយ​នគរ​ចំប៉ា​ក៏​រត់គេច​ខ្លួន​ត្រឡប់​មក​នគរ​វិញ​តែ​ម្នាក់ឯង ហើយ​រឿង​នេះ​បានដឹង​ដល់​ស្តេច​ក្រិ​ច​មានការ​ខឹងសម្បា​ជា​ខ្លាំង​ក៏​បញ្ជា​ឲ្យ​គេ​តាម​មក​កាត់​ក្បាល​គី​រី​ផល​ដាក់​ហឹប​យក​ទៅ​វិញ ។ រីឯ​ប្រពន្ធ​គី​រី​ផល និង​កូនប្រុស​ក៏​តាម​មក​ដែរ តែ​យឺត​ពេល​ទៅ​ហើយ​ព្រោះ​គី​រី​ផល​បាន​ព្រម​ឲ្យ​គេ​កាត់​ក្បាល ដើម្បី​ជា​ថ្នូរ​មិន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​ក្រិ​ច ពេល​ឃើញ​សព​ប្តី​អត់​ក្បាល​នាង​មេសរ​ក៏​កាត់​ក្បាល​កូន​ដំរី​យក​មក​ភ្ជាប់ និង​ដងខ្លួន​ប្តី​ធ្វើ​ឲ្យ​ប្តី​រស់​ឡើង​វិញ តែ​និយាយ​មិនកើត ព្រោះ​ដំរី​មិន​ចេះ​និយាយ ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក​ទាំង​៣​នាក់​ឳ​ពុក​ម្តាយកូន​ក៏​បាន​ស្លាប់​អស់​ព្រះរាជា​នគរ​ភ្នំ​ក៏​បាន​ចាត់​ឲ្យ​គេ​សាងសង់​ប្រាសាទ​មួយ​តម្កល់​រូបសំណាក​អ្នក​ទាំង​៣​នៅ​លើ​ទីទួល​ដ៏​ខ្ពស់​នេះ​សម្រាប់​ធ្វើបុណ្យ​រំលឹក​គុណ​អ្នក​ទាំង​៣ ហើយ​ចំណេរ​ក្រោយ​ៗ​មក​អ្នកស្រុក​ក៏​នាំ​គ្នា​ហៅ​រូបសំណាក​នោះ​ថា អ្នកតា​មេសរ និង​នាំ​គ្នា​ធ្វើបុណ្យ​សែនព្រេន​គោរព​បូជា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំណែក​ភ្នំ​ថ្ម​បាញ់ គឺជា​ទីតាំង​ដែល​បារាំង​វាយ​យក​ថ្ម ក្នុង​សម័យ​ដែល​ជនជាតិ​បារាំង​គ្រប់គ្រង​ទឹកដី​កម្ពុជា ហើយ​គេ​ក៏​បន្ត​យក​ថ្ម​នៅ​ទីតាំង​នេះ​រហូត​ដល់​សព្វថ្ងៃ ។ រីឯ​ភ្នំ​កំ​ផ្លុ​ក​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត​ទីតាំង​នេះ គឺជា​រណ្តៅ​ពិឃាដ​ដែល​ពួក​ខ្មែរក្រហម​បាន​យក​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​ពាន់​នាក់​មក​សម្លាប់​កប់​ក្នុង​រណ្តៅ​នៅ​តំបន់​នេះ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ភ្នំ​ទាំង​១៤​ភ្នំ​នេះ​មាន​ភ្នំ​ចំនួន​៣ ហើយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ក្រុម និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៧​កំពុង​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ គឺ​ភ្នំ​កំ​ផ្លុ​ក ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ដោយ​ភ្នំ​ស្លឹកគ្រៃ និង​ភ្នំ​ថ្ម​បាញ់​គេ​កំពុង​បាញ់​យក​ថ្ម ។ ចំណែក​ភ្នំ​កំ​ផ្លុ​ក​គេ​យក​ធ្វើ​ជា​ការដ្ឋាន​កិន​ថ្ម​សម្រាប់​ដឹក​យក​ទៅ​លក់ ។ ឯខាង​មន្ត្រី​ជំនាញ​រ៉ែ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រសួង​រ៉ែ និង​ថាមពល​ក៏​ដូច​ជា រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ តែ​នៅ​លើ​ភ្នំ​ទាំង​៣​នេះ​ទេ គឺ​មិន​អនុញ្ញាតិ​ឲ្យ​បន្ត​ទៅ​ធ្វើ​លើ​ភ្នំ​ផ្សេង​ៗ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ