វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ។ បើតាមពាក្យ«ឧណ្ណា» (មានន័យថា«ប្រជុំចិញ្ចើម») + «លោម» (មានន័យថា «រោម»)បញ្ចូលគ្នាមានន័យ «រោមប្រជុំចិញ្ចើម» ។
នៅក្នុងវត្តឧណ្ណាលោម មានចេតិយដាក់តម្កល់«ព្រះឧណ្ណាលោម»របស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។
យោងតាមគេហទំព័រ«៥០០០ឆ្នាំ»បរិយាយថា តើវត្តណាដែលកើតមានដំបូងគេក្នុងរាជធានីភ្នំពេញ ? ប្រហែលជាវត្ត«ភ្នំដូនពេញ»ហើយមើលទៅ ប៉ុន្តែតាមពិតគឺមិនមែនទេ ព្រោះចេតិយបុរាណមួយក្រោយវិហារវត្ត«ឧណ្ណាលោម» ប្រហែលជាមានអាយុកាលមុនវត្ត«ភ្នំដូនពេញ»ទៅទៀត ហើយមនុស្សម្នាហៅចេតិយនេះថា «ចេតិយឧណ្ណាលោម»។ ព្រះវិន័យធម៌សំ ចាន់ ព្រះជន្ម៥០ព្រះវស្សា បានឲ្យដឹងថា ចេតិយនេះមាននៅក្នុងវត្តឧណ្ណាលោមជាយូរយារណាស់មកហើយ ។
នេះបើយោងតាមការស្រាវជ្រាវរបស់ព្រះអង្គ តាមរយៈឯកសារ ចាស់ៗជាច្រើនដែលបន្សល់ទុកពីព្រះសង្ឃ មុនៗ ជាពិសេសសម្តេចព្រះសង្ឃរាជជួន ណាត ដែលជាស្ថាបនិកវចនានុក្រមខ្មែរ ។ ព្រះអង្គសំ ចាន់ មានសង្ឃដីកាថា ៖ «ចេតិយឧណ្ណាលោមមាននៅទីនេះមុនវត្តនេះបានកសាងឡើងមកម្ល៉េះ ។ សម្តេចព្រះសង្ឃរាជជួន ណាត មិនបានបញ្ជាក់ពិស្តារថា តើវាមានតាំងសតវត្សរ៍ណានោះទេ ប៉ុន្តែព្រះអង្គគ្រាន់តែសន្និដ្ឋានថា វាអាចមានតាំងពីព្រះពុទ្ធសាសនាមកដល់ប្រទេសកម្ពុជាលើកដំបូងម្ល៉េះ»។
សៀវភៅដែលជាស្នាព្រះហស្ដរបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលត្រូវបានចែកជូនដល់ពុទ្ធសាសនិកជនពេលវិហារថ្មីមួយត្រូវបានសម្ពោធក្នុងវត្តឧណ្ណាលោម ក្នុងឆ្នាំ១៩៣៦ បានពិពណ៌នាថា ស្តេចព្រះបរមរាជាពញាយ៉ាត បានប្តូរទីតាំងព្រះរាជវាំងពីទួលបាសាណ ក្នុងខេត្តកំពង់ចាម មកទីក្រុងភ្នំពេញក្នុងឆ្នាំ១៤៣៤ ហើយព្រះអង្គបានសាងសង់វិហារព្រះពុទ្ធសាសនាចំនួន៧ ដែលក្នុងនោះរួមមាន វត្តឧណ្ណាលោម ដែលអារាមទាំងអស់ត្រូវបានបញ្ចុះសីមាទាំងអស់ក្នុងឆ្នាំ១៤៤២ ក្រោមស្នាព្រះហស្តព្រះបាទសម្តេចពញាយ៉ាត មួយផងក្នុងទីក្រុងថ្មីនេះ ។
ព្រះអង្គសំ ចាន់ មានសង្ឃដីកាថា៖ «ឈ្មោះវត្តឧណ្ណាលោមនេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោម ដែលមានមុននឹងចាប់កកើតវត្តនេះមកម្ល៉េះ ។ ចេតិយនេះខុសគ្នាពីចេតិយទាំងអស់ក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ។ ក្រោយមកទៀតព្រះសង្ឃបានកសាងជញ្ជាំងដោយលាបពណ៌មាស តែក៏បានបន្សល់ទុកចន្លោះក្បែរជ្រុង នីមួយៗ ដែលយើងរាល់គ្នាអាចនៅមើលថ្មបុរាណនេះឃើញ»។ ផ្នែកខាងក្នុងចេតិយឧណ្ណាលោមនេះវិញ មានព្រះពុទ្ធរូប៤អង្គដាក់តម្កល់តាមជ្រុង នីមួយៗ និងមានព្រះពុទ្ធរូបអង្គធំមួយអង្គទៀតតម្កល់នៅចំកណ្តាល ដែលទម្រង់ព្រះភ័ក្ត្រ នីមួយៗ គឺស្រដៀងគ្នានឹងព្រះពុទ្ធរូបនៅប្រាសាទអង្គរវត្តដែរ ។ ពាក្យថាឧណ្ណាលោមគឺជាពាក្យបាលី មានន័យថា «រោមប្រជុំចិញ្ចើម» គឺរោមដែលដុះពីគល់ចិញ្ចើមទាំងពីរស្ថិតត្រង់លើក្តោងច្រមុះ ។មនុស្សគ្រប់គ្នា ហៅចេតិយនេះថា ចេតិយឧណ្ណាលោម ពីព្រោះក្នុងចេតិយនេះ មានបញ្ចុះឧណ្ណាលោម ឬរោមប្រជុំចិញ្ចើម ។
ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «នៅខាងក្នុងចេតិយមានតម្កល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គនោះបានច្បាស់លាស់ទេ ។ រោមប្រជុំចិញ្ចើមទាំងនោះលាក់នៅខាងក្នុងនោះ តែមិនងាយរកឃើញនោះទេ ។ ពុទ្ធបរិស័ទគោរពបូជាដល់ចេតិយ ដែលបច្ចុប្បន្ននេះបានរុំព័ទ្ធទៅដោយកុដិជាច្រើននេះណាស់ ។ ពេលដែលពួកគេចង់ប្រារព្ធពិធីបុណ្យណាមួយនៅក្នុងវត្ត ពួកគេប្រាកដជានឹងត្រូវរៀបចំលេងភ្លេងពិណពាទ្យដើម្បីថ្វាយ ដល់ចេតិយនេះមិនខាន ។ ជួនពេលខ្លះក៏មានពុទ្ធបរិស័ទមួយចំនួនបានមកបន់ស្រន់នៅទីនេះផង ។ គេជឿថានៅច្រកចូលចេតិយនេះមានបារមីដែលអាចនាំព្រះសង្ឃទៅកាន់ភ្នំនានាបាន ។ ពេលដែលព្រះសង្ឃចង់ធ្វើសមាធិ ព្រះតេជគុណទាំងនោះគ្រាន់តែនិមន្តចូលក្នុងចេតិយនេះនឹងផុសចេញនៅព្រៃស្ងាត់ ឬក៏ភ្នំនានា»។វត្តឧណ្ណាលោម គឺជាវត្តដែលគណៈសង្ឃព្រឹទ្ធាចារ្យ ក្នុងប្រទេសកម្ពុជានិយមគង់ អាស្រ័យនៅ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។
ព្រះអង្គសំ ចាន់ ដែលនិមន្តទៅគង់នៅក្នុងវត្តឧណ្ណាលោមក្នុងឆ្នាំ១៩៩៣ បានឮថា មានកុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបបខ្មែរក្រហម ។ ចំណែកសៀវភៅវិញត្រូវរាយប៉ាយគ្រប់ទីកន្លែងលើដី ប៉ុន្តែចេតិយឧណ្ណាលោមនេះ មិនត្រូវបាននរណាប៉ះពាល់ ដូចកុដិដទៃនោះទេ ។
បន្ទាប់ពីវត្តអារាមមួយនេះត្រូវបានគេធ្វើឲ្យរស់រានមានជីវិតមកវិញ ក្រោយសង្គ្រាម វត្តនេះនៅតែដើរតួយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដដែល ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជាផង និងជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និងនិស្សិតជាង៦០០នាក់ផង ដែលកំពុងតែស្នាក់ និងគង់នៅដើម្បីស្វែងរកការរៀនសូត្រក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ