ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ត្រប់វែង​កំពុង​ទទួល​បាន​ចំណូល​ខ្ពស់ ព្រោះ​មាន​ទីផ្សារ​ល្អ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រៅពី​ធ្វើស្រែ កសិករ​នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង មាន​ជ័យ ខេត្តព្រះវិហារ បាន​នាំ​គ្នា​ដាំ​ដំណាំ​រួម​ផ្សំ​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម ។…

ខេត្តព្រះវិហារ ៖ ក្រៅពី​ធ្វើស្រែ កសិករ​នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង មាន​ជ័យ ខេត្តព្រះវិហារ បាន​នាំ​គ្នា​ដាំ​ដំណាំ​រួម​ផ្សំ​ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម ។

អ្នកស្រី ខែ​ក សុខ​ឡេ​ង កសិករ​រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់​ថា បន្ទាប់​ពី​ធ្វើស្រែ​រួច អ្នកស្រី​ឆ្លៀតពេល​ទំនេរ​ដាំ​ដំណាំ​ត្រប់វែង លើ​ផ្ទៃដី​ទំហំ​៣០​អា ស្មើនឹង​៣០០០​ម៉ែត្រការ៉េ ដើម្បី​ផ្គត់ផ្គង់​លក់​លើ​ទីផ្សារ ព្រោះ​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ ឈ្មួញ​បាន​ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្តង ដោយ​មិន​ពិបាក​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ផ្សារ​នោះ​ទេ ។

អ្នកស្រី​បន្ត​ថា ៖« ដំណាំ​នេះ​ដាំ​ដុះ​ដោយ​មិនសូវ​រើស​ដី​នោះ​ទេ ។ មួយវិញទៀត​ដំណាំ​នេះ ត្រូវការ​ទឹកជា​ចាំបាច់ ដាំ​ដុះ​ក្នុង​រយៈពេល​៣​ខែ​អាច​ទទួលផល​ហើយ »​។  អ្នកស្រី​បន្ថែម​ថា ៖« ដំណាំ​ត្រប់វែង​នេះ ខ្ញុំ​ទិញ​ពូជ​ពី​ប្រទេស​ថៃ ហើយ​ការ​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ​សុទ្ធសាធ​ដើម្បី​ជំនួយ​អោយ​ដំណាំ​លូតលាស់​នោះ​ឡើយ »​។

អ្នកស្រី​ថា ៖« ក្នុង​មួយ​ថ្ងៃ អាច​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ដែល​មក​ពី​ក្រុង​ព្រះ​វិហារ និង​ខេត្ត កំពង់ធំ ចន្លោះ​ពី​៨០​ទៅ​១០០​គីឡូក្រាម ថ្ងៃ​ខ្លះ​អាច​លក់​បាន​ដល់​១៥០​គីឡូក្រាម​ឯណោះ នឹង​បាន​តម្លៃ​ចន្លោះ​ពី​១.៥០០​ទៅ​២.០០០​រៀល​ក្នុង​១​គីឡូក្រាម កាត់ថ្លៃ​កម្លាំង​ពលកម្ម​រួច ខ្ញុំ​ចំណេញ​ប្រាក់​ចន្លោះ​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល »​។

អ្នកស្រី​ក៏​បាន​អំពាវនាវ​ដល់​កសិករ​ដទៃ​ទៀត រួម​គ្នា​ដាំ​ដំណាំ​រួម​ផ្សំ និង​បន្លែ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន ចៀសវាង​ការ​ទុក​ដី​ឲ្យ​ទំនេរ​ចោល​។ មួយវិញទៀត ក៏​បាន​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​ដំណាំ​បន្លែ​ឲ្យ​ទទួល​បាន​ទីផ្សារ​ល្អ ចៀសវាង​បានការ​ហូរ​ចូល​បន្លែ​ពី​ទីផ្សារ​នាំ​ចូល​ពី​ក្រៅ ដែល​មិន​មាន​សុវត្ថិភាព ។

អ្នកស្រី ជឿន ផា​រី អ្នកស៊ីឈ្នួល​បេះ​ផ្លែ​ត្រប់​បាន​និយាយ​ថា អ្នកស្រី​មក​ស៊ីឈ្នួល​បេះ​ត្រប់​នេះ​ឃើញ​ថា មាន​ភាព​ងាយស្រួល​ដោយ​មិនសូវ​ចំណាយ​កម្លាំង​ពលកម្ម និង​ពេលវេលា​ច្រើន​ទេ ហើយ​ទទួល​បាន​កម្រៃ​ក្នុង​១​ថ្ងៃ ចន្លោះ​ពី​២៥.០០០​ទៅ​៣​ម៉ឺន​រៀល នឹង​អាច​ផ្គត់​ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួ​សារបាន ដោយ​មិន​ចាំបាច់​ចំណាកស្រុក​ចោល​គ្រួសារ​ឡើយ ។

អ្នកស្រី​និយាយ​ថា ៖« តម្លៃ​កម្លាំង​ពលកម្ម​នេះ ខ្ញុំ​អាច​ទទួលយក​បាន ព្រោះ​ថាបើ​ធៀប​នឹង​ការងារ​ផ្សេង​ក៏​មិន​លើស​ហ្នឹង​ច្រើន​ដែរ ។ ណាមួយ​ខ្ញុំ​អាច​មាន​ពេលវេលា​សម្រាប់​គ្រួសារ និង​មើលថែ​កូន ដោយ​មិន​ចាំបាច់​ឃ្លាតឆ្ងាយ​ដូច​ធ្វើ​ចំណាកស្រុក​ឡើយ »​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា មាន ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ផ្ទៃដី​ដាំ​ដំណាំ​បន្លែ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​ប្រមាណ​ជាង​១.០០០​ហិតា ដែល​ភាគច្រើន កសិករ​ដាំ​ដុះ​នៅ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​គូលែន និង​ក្រុង​ព្រះ​វិហារ ។

លោក​បន្ដ​ថា ការ​ដាំ​ដុះ​បន្លែ​នៅ​ខេត្តព្រះវិហារ​ឃើញ​ថា ទទួល​បាន​នូវ​ភោគផល​ល្អ អាច​ឲ្យ​កសិករ​រក​ចំណូល​បាន​ច្រើន ពី​ការ​ផ្គត់ផ្គង់​លក់ បន្លែ​របស់​ខ្លួន​លើ​ទីផ្សារ​ក្នុងស្រុក​កាត់​បន្ថយ​បាន ការ​នាំ​ចូល​នូវ​បន្លែ​ពី​ទីផ្សារ​ខាងក្រៅ ។ ទោះជា​យ៉ាងនេះ​ក្តី លោ​ក៏​បាន​ជំរុញ​ឲ្យ​​កសិករ​បន្ត​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្លែ​បន្ថែម​ទៀត ហើយ​មន្ទីរ​នឹង​ជួយ គាំទ្រ​ទាំង​បច្ចេក​ទេស និង​គ្រាប់ពូជ ព្រោះ​បច្ចុប្បន្ន​នេះ​ឃើញ​ថា កសិករ​ភាគច្រើន ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ពុំ​ទាន់​អាច​ដាំ​ដុះ​ជា​លក្ខណៈ​អាជីវកម្ម​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ