រាជធានីភ្នំពេញ ៖ ខណៈលទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១០ កញ្ញានេះ ។
ក៏ស្រាប់តែមានសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ០៩ កញ្ញា របស់ក្រសួងអប់រំបញ្ជាក់ឲ្យដឹងថា អង្គប្រជុំក្រុមប្រឹក្សាវិន័យរបស់ក្រសួងអប់រំ ដោយមានការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ «បានសម្រេចដាក់វិន័យចំពោះបេក្ខជនដែលបានប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ហើយត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវិត្ត ចំនួន ១៧ នាក់» ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា បេក្ខជនទាំង ១៧ រូបនោះគឺមាន ករណីប្រើប្រាស់ទូរស័ព្ទ ៣ នាក់ ករណីយកសំណៅឯកសារ និងទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង ៦ នាក់ ករណីយកនាឡិកាដៃ Smart Watch ចូលក្នុងបន្ទប់ប្រឡង ១ នាក់ និងករណីរកឃើញមានសញ្ញាសម្គាល់អាគតដ្ឋាននៅលើសន្លឹកកិច្ចការបេក្ខជន ៧ នាក់។
សម្រាប់ករណីបេក្ខជនដែលបានប្រព្រឹត្តខុសឆ្គងខាងលើ បានកើតឡើងនៅតាមមណ្ឌលសំណេរមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង១នាក់ ខេត្តក្រចេះ១នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្តសៀមរាប១នាក់ ខេត្តកណ្តាល១នាក់ ខេត្តរតនគិរី ១នាក់ ខេត្តព្រះសីហនុ១នាក់ ខេត្តកំពង់ចាម១នាក់ ខេត្តបន្ទាយមានជ័យ៣នាក់ និងរាជធានីភ្នំពេញ៦ នាក់ ៕
ចែករំលែកព័តមាននេះ