ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ស្រព​ភាពយន្ត​ថៃ​លើក​ទី​3 ឆ្នាំ​2018 នឹង​ចាក់​បញ្ចាំងភាពយន្ត​ថៃ ៤ រឿង​មិន​គិតថ្លៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ទស្សនា​ខ្សែភាពយន្ត​ភាគ​ថៃ ស្ថានទូត​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ នឹង​រៀបចំ​មហា​ស្រព​ភាពយន្ត​ថៃ​លើក​ទី​3 ឆ្នាំ​2018 (Thai Film Festival…

​រាជធានី​ភ្នំពេញ ​៖ ក្រោយ​ពី​បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ទស្សនា​ខ្សែភាពយន្ត​ភាគ​ថៃ ស្ថានទូត​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ នឹង​រៀបចំ​មហា​ស្រព​ភាពយន្ត​ថៃ​លើក​ទី​3 ឆ្នាំ​2018 (Thai Film Festival 2018) នៅ​កម្ពុជា។

ដែល​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​13 ដល់ 16 ខែកញ្ញា ឆ្នាំ​2018 នៅ​រោង​ភាពយន្ត Major Platinum Cineplex ស្ថិត​នៅ ផ្សារ​ទំនើប Aeon Mall សែន​សុខ​។​

​លោក ជី​រ៉ា​វុ​ឍ សុ​វ​ណ្ណា​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអង្គ​រាជទូត​ថៃ នៅ​រាជ​ធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័​ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា ​កម្មវិធី Thai Film Festival 2018 ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អ្នក​ផលិត​ខ្សែភាពយន្ត និង​បណ្តា​ក្រុមហ៊ុន​ដែល​ពាក់​ព័​ន្ធ ជា​មួយ​​វិស័យ​ឧស្សាហ៍កម្ម​ភាពយន្ត​របស់​ប្រទេស​កម្ពុជា ​និង​ថៃ​។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​រៀបចំ​មហោស្រព​ភាពយន្ត​ថៃ​នេះ នឹង​មាន​រៀបចំ​កម្មវិធី  «ចាប់ដៃ​គូ​ពាណិជ្ជ​កម្ម​» រវាង​ពាណិជ្ជករ​ថៃ និង​កម្ពុជា ដែល​ជា​វេទិកា​ដ៏​សំខាន់ ក្នុង​ការ​ចែករំលែក​បទ​​ពិសោធន៍ និង​បច្ចេកទេស​នៃ​ការ​ថត និង​ការ​កាត់ត​ភាពយន្ត​ពី​អ្នកជំនាញ​ដូច​ជា ៖ អ្នក​​ផលិតភាព​យន្ត អ្នកដឹកនាំ​សម្តែង​ និង​អ្នក​ដែល​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​ភាព​យន្ត មក​ពី​ប្រទេស​ទាំង​ពីរ​។​

​លោក ជី​រ៉ា​វុ​ឍ សុ​វ​ណ្ណា​អាត បាន​បន្ត​ថា ខ្សែភាពយន្ត​ថៃ​ចំនួន​4​រឿង ដែល​នឹង​យក​មក ចាក់​​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​រោង​ភាពយន្ត Major Platinum Cineplex Hall 3 ផ្សារ​ទំនើប Aeon Mall សែន​សុខ ដែល​អាច​ផ្ទុក​ទស្សនិកជន បាន​ចំនួន 266​នាក់ ក្នុង​មួយ​​លើក​។

រឿង​ទី​1 ដែល​នឹង​ចាក់​ថ្ងៃ​ទី 13 ខែកញ្ញា ឆ្នាំ​2018 នៅ​ម៉ោង 7​ល្ងាច មាន​ចំណងជើង ថា «Memories of New Year» (​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​) ដែល​រឿង​នេះ បាន​សម្តែង​រួម​គ្នា ដោយ​តារា​សម្ដែង​មក​ពី​ប្រទេស​ចំនួន​4 ដែល​មាន​ដូច​ជា ប្រទេស​កម្ពុជា ថៃ ឡាវ និង​មីយ៉ា​ន់​ម៉ា​។

រឿង​ទី​២ «Premika Parab» (​ខារ៉ាអូខេ​មរណៈ​) ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី 14 ខែ​កញ្ញា ឆ្នាំ​2018 ម៉ោង​7​ល្ងាច​។

រឿង​ទី​3 «Siam square» (​ខ្មោច​ស្រី​ចាំ​អគារ​) ចាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី 15 ខែ​កញ្ញា ឆ្នាំ​2018 ម៉ោង 12​ថ្ងៃត្រង់​។

និង​រឿង​ទី​4  «Som Pak Sian (E-Sarn Love Story)» (​រដឺន​ខក​ស្នេហ៍​) ចាក់​បញ្ចាំង ជូន​ទស្សនា នៅ​ថ្ងៃ​ទី 16 ខែកញ្ញា ឆ្នាំ​2018 ម៉ោង 12​ថ្ងៃត្រង់​។​

​សូម​ជំរាប​ជូន​ថា ក្នុង​ថ្ងៃ​បើ​សម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ថៃ​លើក​ទី​3 នេះ នឹង​មាន តារា​​កិត្តិយស​ថៃ គឺ​លោក Chhakrit Yaemnam ដែល​ជា​តួរ​សម្តែង​ក្នុង​រឿង «Menmories of New Year» និង​កញ្ញា Kaimook ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង «Som Pak Sian» ។

ព្រមទាំង​មាន សិល្បករ សិល្ប​ការិនី មក​ពី​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​ចូលរួម​ជា​ភ្ញៀវ​​កិត្តិយស​ដែល​កម្មវិធី​សម្ពោធ​នេះ នឹង​រៀបចំ​នៅ​រោង​ភាពយន្ត Major Platinum Cineplex ថ្ងៃ​ទី 13 ខែកញ្ញា ឆ្នាំ​2018 វេលា​ម៉ោង 5​ល្ងាច ស្ថិត​នៅ​ផ្សារ​ទំនើប Aeon Mall សែន​​សុខ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ