ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ កម្ពុជា​បំបែក​កំណត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​ស៊ី​ហ្គា​ម​នៅ​ឥណ្ឌូ​ន​នេ​ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទទួល​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ពី Asian Games ដែល​បាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​សម្តេច​តេ​ជោ ហ៊​ុន សែន បាន​មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ទទួល​ស្វាគមន៍​ដំណើរ​និវត្តន៍​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ពី Asian Games ដែល​បាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​សម្តេច​តេ​ជោ ហ៊​ុន សែន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គា​ម​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ក្នុង​ជំនួប​នៅ​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ស្វាគមន៍ ដោយ​ផ្ទាល់​ចំពោះ​ដំណើរ និវត្តន៍​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ត្រឡប់​ពី​ការ​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​បាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិ​មា ន​សន្តិភាព រាជធានី​ភ្នំពេញ​។

ដំណើរ​និវត្តន៍​អម​ដោយ​សមិទ្ធិ​ផល​បំបែក​ឯតទគ្គ​កម្ម​ប្រវត្តិសាស្ដ្រ​៦៤​ឆ្នាំ​នេះ គឺ​មាន​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​ពិសេស ដោយ​មាន​ក្បួន​ដង្ហែរ​រថយន្ដ​អម​ដោយ​ម៉ូតូ​កិត្តិយស​៦​គ្រឿង ដើម្បី​ហែ​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ឆ្ពោះទៅ​វិមាន​សន្ដិភាព​។ មិនតែប៉ុណ្ណោះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មន្ដ្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ក៏​ត្រៀម​ទទួល​ស្វាគមន៍​ផ្ទាល់​ក្រោយ​ចុះ​ពីលើ​យន្ដហោះ​ផង​ដែរ​។

ការ​ប្រកួត​កីឡា​អាស៊ី បាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃ​ទី​០២ ខែកញ្ញា ដែល​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ កម្ពុជា​បាន​បញ្ជូន​កីឡា​១៣​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​។ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​១៣​ប្រភេទ​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​២ និង​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក ដោយ​កីឡាករ សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​១​និង​សំរឹទ្ធ​១ និង​កីឡាការិនី ខាន់ ចេ​សា ដណ្តើម​បាន​មេដាយមាស​១ លើ​វិញ្ញាសា​កីឡា​ជឺ​ជិត​ស៊ូ​។ ការ​ដណ្តើម​បាន​មេដាយមាស របស់​កីឡាករ សាលី អ៊ូ​មើ​ត និង​កញ្ញា ខាន់ ចេ​សា ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នា​ពេល​នេះ​គឺជា​ការ​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៦៤​ឆ្នាំ ចាប់តាំងពី​បាន​ចូលរួម​ប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​នា​ឆ្នាំ​១៩៥៤​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ចេញផ្សាយ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ បាន​សំដែង​នូវ​ការ​អបអរសាទរ​វីរ​កីឡាករ វីរ​កីឡាការិនី​ដែល​ទទួល​បាន​មេដាយមាស​ទាំង​ពីរ នាក់​ដោយ​បាន​ខិតខំ​ប្រឹងប្រែង​យកជ័យ​ជម្នះ​ជូន​ជាតិ​មាតុភូមិ​។ នេះ​ជា​មោទនភាព​មួយ​សម្រាប់ ប្រទេស​កម្ពុជា​ដែល​ត្រូវ​រង់ចាំ​រយៈពេល​៦៤​ឆ្នាំ ទើប​យើង​ទទួល​បាន​មេដាយមាស បន្ទាប់​ពី​ឆ្នាំ​២០១៤ យើង​បាន​មេដាយមាស​មួយ ដោយ​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី​។ សម្តេច​តេ​ជោ​ក៏​ចូលរួម​សោកស្តាយ ផង​ដែរ​ចំពោះ​អ្នក​ដែល​មិន​បាន​ទទួល​មេដាយ ហើយ​សូមកុំ​អស់សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ព្យាយាម​តស៊ូ​គង់​បាន​សម្រេច​។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​បន្ត​ផ្តល់​អនុសាសន៍ ដល់​កី​ឡករ​-​កីឡាការិនី​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត​។ សូម​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​គិត​ថា​ការ​ប្រកួត​ចាញ់​-​ឈ្នះ​គឺជា​រឿង​ធម្មតា​របស់​កីឡា ប៉ុន្តែ​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​គោរព​តាម​ច្បាប់​នៃ​ការ​ប្រកួត​របស់​គណៈកម្មការ​កីឡា ពិសេស​គឺ​ត្រូវ​តែ​ចៀសវាង​ការ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​គ្រូបង្វឹក នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ ដែល​បាន​ជួយ បណ្តុះបណ្តាល​បង្វឹក​ដល់​កីឡាករ កីឡាការិនី​យើង និង​បាន​អរគុណ​ដល់​សហព័ន្ធ​កីឡា គណៈកម្មការ​កីឡា​ជាតិ​អូ​ឡាំង​ពិ​ក​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​នេះ​ឲ្យ​មានកា​រីក​ចម្រើន​។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ជ័យ​លា​ភី​មេដាយមាស​កីឡាការិនី ខាន់ ចេ​សា ទទួល​បាន​ថវិកា​ពី​រដ្ឋ ៨០​លាន​រៀល និង​ថវិកា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ និង​គ្រូបង្វឹក​របស់​គេ​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ចំនួន​៨០​លាន​រៀល និង​ថវិកា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ​។ ចំណែកឯ​កីឡាករ សាលី អ៊ូ​មើ​ត ទទួល​បាន​ថវិកា​ពី​រដ្ឋ​ចំនួន​១០៤​លាន​រៀល និង​ថវិកា​សម្តេច​តេ​ជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ១៣.០០០​ដុល្លារ និង​គ្រូបង្វឹក​របស់​គេ​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ចំនួន​៨០​លាន​រៀល និង​ថវិកា​សម្តេច​តេ​ជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ​។ មុន​នឹង​ពិធី​បំពាក់​មេដាយ និង​ប្រគល់​ប្រាក់​រង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​កីឡាករ កីឡាការិនី និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ