ខេត្តត្បូងឃ្មុំ ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន៤នាក់ដែលធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះហើយត្រូវបានលោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវជាតិលេខ១១ ក្នុងភូមិ២៥ ឃុំព្រះធាតុ ស្រុកអូររាំឪ ។
ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះហេង សិលា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ២-ឈ្មោះផូ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ភូមិត្រពាំងឈូក ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត ៣-ឈ្មោះប៉ាង ព្រលឹង ភេទប្រុស អាយុ២១ឆ្នាំ ភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និង៤-ឈ្មោះផូ ស្រីម៉ៅ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធិ ស្រុកដងទង់ខេត្តកំពត។
សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១E-២២៤១ ជារបស់ជនរងគ្រោះ ចំណែកម៉ូតូមួយគ្រឿងម៉ាក RaptorDream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ជាមធ្យោបាយប្រព្រឹត្តិបទល្មើសក្នុងសកម្មភាពប្លន់ជារបស់ជនសង្ស័យ ។
លោកវរសេនីយ៍ត្រីសេង ម៉ិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ជនរងគ្រោះបានស្គាល់ជនសង្ស័យជាមេខ្លោងឈ្មោះ សិលា ដោយបានឈរនិយាយគ្នាលេងធម្មតា ត្រង់ឡូត៍កៅស៊ូ០៣A ភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ហើយជនសង្ស័យម្នាក់នេះបានទូរស័ព្ទហៅបក្ខពួក២នាក់ទៀតជិះម៉ូតូ១គ្រឿងមកដល់ រួចក៏វាយលើជនរងគ្រោះយ៉ាងចាស់ដៃ បន្ទាប់មកក្រុមជនសង្ស័យយកម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC125 ដែលជារបស់ជនរងគ្រោះជិះគេចខ្លួនចេញទៅបាត់នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២កញ្ញា ២០១៨ ។
លោកអធិការរងប្រាប់បន្តថា ក្រុមជនសង្ស័យមួយក្រុមនេះមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Raptor Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចំណែកជនសង្ស័យម្នាក់ទៀតជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះបើកគេចតាមចំការកៅស៊ូទៅដល់ព្រំប្រទល់ស្រុកកោះសូទិន ខេត្តកំពង់ចាម តែដោយសារខ្លាចសមត្ថកិច្ចស្ទាក់នៅខាងមុខ ក៏នាំគ្នាជិះត្រឡប់មកក្រោយវិញ លុះមកដល់ត្រង់ចំណុចភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក៏ត្រូវបានកម្លាំសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានទាំ៤នាក់ដោយដកហូតបានម៉ូតូ២គ្រឿងតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមេក្លោងឈ្មោះសិលា កាលពីមុនធ្លាប់រស់នៅភូមិស្រុកកើតហេតុខាងលើ ក្រោយមកបានយកប្រពន្ធនៅខេត្តកំពត និងរស់នៅខេត្តព្រះសីហនុ ព្រមទាំងខេត្តផ្សេងទៀតផងដែរ។ នៅថ្ងៃកើតហេតុខាងលើ ក្រុមជនសង្ស័យទាំងនេះបានរៀបចំគម្រោងដើម្បីប្លន់ម៉ូតូនៅកន្លែងស្ងាត់ក្នុងចំការកៅស៊ូ គោលបំណងដំបូងរកជួបអ្នកស្គាល់ឈ្មោះស្នា ដើម្បីប្លន់ដែរ តែបែរជាមកជួបជនរងគ្រោះខាងលើ ហើយក៏ធ្វើសកម្មភាពប្លន់ម៉ូតូតែម្តង ។
បច្ចុប្បន្ន ម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដែលជាជនរងគ្រោះវិញផងដែរ ហើយក្រុមជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅឱ្យអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ