ខេត្តបន្ទាយមានជ័យ ៖ ទំនិញរបស់អាជីវករខ្មែរដែលជួលតូបថៃលក់នៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ជាច្រើនតូប ហើយបើគិតជាទឹកប្រាក់ប្រហែលរាប់សិបម៉ឺនដុល្លារអាមេរិក។ ហេតុការណ៍ឆាបឆេះនេះកើតឡើងកាលពីម៉ោង6ល្ងាច ថ្ងៃទី18 ខែសីហា ឆ្នាំ2018 ។
ក្រោមសម្លេងទ្រហោយំអឺងកង ហើយអាជីវករខ្មែរម្នាក់ស្លុតចិត្តរហូតកើតខ្យល់គរនៅក្នុងតូប ហើយត្រូវបានអាជ្ញាធរកម្ពុជា-ថៃដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យក្នុងស្រុកខេត្តកើតហេតុខាងលើផង។ ទីតាំងឆាបឆេះ គឺនៅចំណុចអគារអក្សរ B ផ្សារថ្មី ហើយទំនិញដែលលក់នៅទីនោះរួមមានគ្រឿងភ្លេង, គ្រឿងក្មេងលេង, ស្រោមជើង, គ្រឿងតុបតែងទូរស័ព្ទ និងកម្រាលជាដើម។
ពាក់ព័ន្ធករណីឆាបឆេះខាងលើ ត្រូវបានអាជីវករខ្មែរដែលដើរឆ្លងព្រំដែនពីថៃចេញមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននិយាយថា សាហាវជាងការឆាបឆេះកាលពីពេលមុនៗ ព្រោះអណ្តាតភ្លើងមើលទៅសន្ធោរសន្ធៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់។
រហូតមកទល់នឹងព្រឹកថ្ងៃទី19 សីហានេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះថា បណ្តាលមកពីអ្វីនៅឡើយទេ។ ចំណែកលោកសាន ស៊ានហូ អភិបាលក្រុងប្រាប់ថា ក្រោយទទួលបានព័ត៌មានលោកដឹកនាំក្រុមការងារ រួមជាមួយកងកម្លាំង ចុះដល់កន្លែងកើតហេតុដើម្បីជួយពន្លត់ និងការពារសន្តិសុខក្រែងមានជនឆ្លៀតឱកាសលួចទ្រព្យសមត្បត្តិតាមតូប។
លោកអភិបាលបន្តថា ការឆាបឆេះនេះអស់10តូបធំ តូបតូចប្រហែលជិត30តូប និងមានអ្នកលក់ប្រហែលជាង30នាក់ ព្រោះទីតាំងនោះជាអគារថ្មមានឡៅតឿតាមអគារនីមួយៗ។ ហើយប្រើរថយន្តពន្លត់អគ្គិភ័យ10គ្រឿង ទឹកប្រហែល30ឡាន ទើបរលត់ទៅវិញនៅម៉ោងជាង7យប់ថ្ងៃដដែល។ ហើយការឆាបឆេះនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ បើទោះជាអ្នកខ្លះថាជាការទុស្សេចរន្តក៏ដោយ ។
លោកអភិបាលក្រុងសំណូមពរដល់អាជីវករខ្មែរដែលលក់ដូរនៅផ្សាររុងក្លឿង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់មុនចាកចេញមកកម្ពុជាវិញ គប្បីបិទគុបភ្លើង ឬពន្លត់ទៀនធូបតាមតូបរៀងខ្លួនផង៕
ចែករំលែកព័តមាននេះ