ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ស្លា.ប់​លើ​ផ្លូវ…ទាំងពលរដ្ឋ​ ទាំង​សមត្ថកិច្ច​សង្ស័យផ្សេងគ្នា​

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​លេខ​៣៣A ចំណុច​ផ្លូវ​ចូល​សាលា​ក្រុងកែប ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ខែសីហា ឆ្នាំ​២០១៨…

ខេត្ត​កែប ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ផ្លូវ​លេខ​៣៣A ចំណុច​ផ្លូវ​ចូល​សាលា​ក្រុងកែប ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ខែសីហា ឆ្នាំ​២០១៨ ។ ចំពោះ​ការ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ខាងលើ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​សង្ស័យ​ថា គឺជា​ករណី​ឃាតកម្ម​កាប់ ឬ​វាយ​សម្លាប់​គ្នា ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ករណី​នេះ​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញឹ​ម អ៊ើ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកនេសាទ​សមុទ្រ រស់នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ទាក់ទិន​នឹង​ករណី​ប្រទះ​សព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​លើ​ថ្នល់​នា​ពាក់កណ្តាល​យប់​ខាងលើ ត្រូវ​បាន​លោក​វរសេនីយ៍ឯក សូ​ង ស៊ិ​ន អធិការ​នគរបាល​ក្រុងកែប​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា​មាន​ករណី​ប្រទះ​ឃើញ​សព សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញ​នៅ​កន្លែង​កើតហេតុ​មាន​កម្ទេចកម្ទី និង​បំណែក​ម៉ូតូ​នៅ​ទីនោះ ទើប​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្តើម​ដោយសារ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​នៅ​ពេល​យប់ ហើយ​ជន​បង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ជាមួយ​នេះ​ដែរ បើ​តាម​ការ​លើក​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ថា បុរស​រង​គ្រោះ​អាច​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ម្នាក់ ហើយ​ត្រូវ​បាន​ក្រុម​ដៃដល់​ដេញ​វាយប្រហារ និង​មានការ​ប្រទាញប្រទង់​គ្នា ដោយ​ភាគី​ម្ខាង​មាន​ប្រើ​កាំបិត ឬ​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ព្រោះ​នៅ​លើ​សព​មាន​ស្នាម​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន​កន្លែង ដូច​ជា ក និង​ក្បាល​ជន​រង​គ្រោះ​មាន​ស្នាម​វាយប្រហារ​ដោយ​វត្ថុ​រឹង​អាច​ថា​ជា​ស្នាម​ដាវ ​ឬ​កាំបិត​ជាដើម​។

ប្រភព​មិន​ផ្លូវការ​មួយទៀត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ម្ចាស់​ហាង​ជា​នគរបាល ហើយ​អាច​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​អ្នក​ផឹកស៊ី​នៅ​ខ្យូ​ស​ជិត​គ្នា ហើយ​ក្រោយ​ពេល​ឈប់​ផឹក​ចេញ​មក ជន​រង​គ្រោះ​អាច​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ ហើយ​អាច​ត្រូវ​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ដេញ​កាប់​ប្រហារ ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​របួស​ ទំនងជា​មិត្តភក្តិ​ដែល​ដឹក​ជន​រង​គ្រោះ​មិន​ហ៊ាន​ឈប់​នៅ​កន្លែង​កើតហេតុ ដោយ​ខ្លាច​ជន​ដៃដល់​កាប់​ប្រហារ​ទៀត ហើយ​មិន​ហ៊ាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៀត ដោយ​ខ្លាច​ជាប់​ពាក់​ព​ន្ឋ័​ក្នុង​ហេតុការណ៍​មួយ​នេះ​។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ខេត្ត​កែប​កំពុង​ដុត​ដៃ ដុត​ជើង​បន្ត​ស្រាវជ្រាវ​ករណី​មួួយនេះ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ដើម្បី​ស្វែងរក​មុខសញ្ញា​ជន​បង្ក​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ដើម្បី​កំណ​ត់​ហេតុការណ៍​នេះ​ឲ្យ​បាន​ច្បាស់លាស់ សម្រាប់​ដោះស្រាយ​ច​ម្ង​ល់​ជូន​ពលរដ្ឋ​​នៅ​ពេល​ក្រោយ ហើយ​បើករណីខាងលើ​ពិតជា​ករណី​ឃាតកម្ម​មែន​នោះ ជន​ដៃដល់​ក៏​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ ។

បច្ចុប្បន្ន សព​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប​ដឹក​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៅ​ឯ​លំនៅ​ដ្ឋា​ន​នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ