ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មិន​អាច​រារាំង​អ៊ីរ៉​ង់​ក្នុង​ការ​នាំ​ចេញ​ប្រេង​ឡើយ

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ មេដឹកនាំ​កំពូល​នៃ​បដិវត្តន៍​អ៊ី​រ៉​ង់​លោក អា​លី​ខា​មេ​នី​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​ សីហា​ថា អ៊ី​រ៉​ង់​ពុំ់​មាន​អ្វី​ភ័យ​ខ្លាច​នោះ​ឡើយ​ ចំពោះ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ​ដែល​ចូល​ជា​ធរមាន​នា​ស​ប្ដា​ហ៍​នេះ​។ លោក​ខា​មេ​នី​…

ប្រទេស​អ៊ី​រ៉​ង់ ៖ មេដឹកនាំ​កំពូល​នៃ​បដិវត្តន៍​អ៊ី​រ៉​ង់​លោក អា​លី​ខា​មេ​នី​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​ សីហា​ថា អ៊ី​រ៉​ង់​ពុំ់​មាន​អ្វី​ភ័យ​ខ្លាច​នោះ​ឡើយ​ ចំពោះ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ​ដែល​ចូល​ជា​ធរមាន​នា​ស​ប្ដា​ហ៍​នេះ​។ លោក​ខា​មេ​នី​ បាន​អះអាង​ថា ទាក់ទិន​ដល់​សភាពការណ៍​របស់​យើង ចូរ​កុំ​មានការ​បារម្ភ​អី​ទាំងអស់​។ ​គ្មាន​នរណា​មួយ​អាច​ធ្វើ​អ្វី​យើង​បាន​ទេ​។

មុន​នេះ​បន្តិច​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ ​លោក ​MOHAMMAD JAVAD ZARIF ក៏​គូស​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​នឹង​ពុំ​អាច​រារាំង​អ៊ី​រ៉​ង់​ក្នុង​ការ​នាំ​ប្រេង​ចេញ​បាន​ឡើយ​។

អាជ្ញាធរ​អា​មេ​រិ​ក​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​បាន​​ថ្លែង​ថា ខ្លួន​នឹង​កាត់​បន្ថយ​ដល់​លេខ​សូន្យ​ការ​នាំ​ប្រេង​ចេញ​របស់​អ៊ី​រ៉​ង់ ដើម្បី​គាបសង្កត់​ប្រទេស​នោះ ឲ្យ​បញ្ចប់​កម្ម​វិធី​នុយក្លេអ៊ែរ​ និង​បាលី​ស្ទិ​ក​ ហើយ​ឈប់​ធ្វើ​អន្តរាគមន៍​ចូល​ក្នុង​បណ្ដា​ជម្លោះ​តំបន់​នៅ​ស៊ីរី ​និង​នៅ​អ៊ី​រ៉ា​ក់​។

លោក ​MOHAMMAD JAVAD ZARIF ​ថ្លែង​ថា ប្រសិនបើ​អា​មេ​រិ​ក​ចង់​ប្រកាន់​គំនិត​បែប​នេះ​ដែល​ទៅ​មិន​រួច នោះ​គេ​ក៏​ទទួល​រង​បណ្ដា​ផលវិបាក​នានា​ដែរ​។​ អា​មេ​រិ​ក​កុំ​គិត​ថា​ អ៊ីរ៉ង់​​មិន​អាច​នាំ​ប្រេង​ចេញ​បាន​ឲ្យ​សោះ​។

កាលពី​ថ្ងៃ​ទី​៨ ​សីហា​ រដ្ឋមន្ត្រី​ថាមពល​តួ​ក​គី​លោក​ FATIH DONMEZ​ ថ្លែង​ថា តួ​ក​គី​នឹង​បន្ត​ទិញ​ឧស្ម័ន​ធម្មជាតិ​ពី​អ៊ី​រ៉​ង់ យោង​ទៅ​តាម​កុងត្រា​មាន​រយៈពេល​យូរ​មួយ​។​ ទោះជា​ក្រុម​ហ៊ុន​ប្រេង​តួ​ក​គី​ TUPRAS​ កាត់​បន្ថយ​ការ​ទិញ​ប្រេង​អ៊ីរ៉​ង់ ក៏​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ពី​ចេតនា​របស់​ក្រុង​អង់កា​រ៉ា​បន្ត​ទិ​ញឧ​ស្ម័ន​ពី​អ៊ី​រ៉​ង់ ​ហើយ​គូសបញ្ជាក់​ថា គណៈប្រតិភូ​តួ​ក​គី​មួយ​ស្ថិត​នៅ​ក្រុង​វ៉ា​ស៊ិន​តោន ដើម្បី​ប៉ុនប៉ង​លុប​ចោល​ទំនាស់​ទាំងឡាយ​រវាង​សហ​រដ្ឋ​អាមេ​រិក ​និង​តួ​ក​គី ​ព្រមទាំង​ពិភាក្សា​លើ​សំណុំរឿង​ដាក់​ទណ្ឌកម្ម​អ៊ី​រ៉​ង់​ផង​ដែរ​។

ចំណែក​ចិន​ និង​អា​ល្លឺ​ម៉​ង់ ​កាលពី​ថ្ងៃ​ទី​៨​ សីហា​ បានការ​ពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​​ពួក​គេ​ជាមួយ​អ៊ី​រ៉​ង់ ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​លោក​ដូ​ណា​ល់​ត្រាំ ហាម​ឃាត់​សកម្មភាពរ​កស៊ី​ជាមួយ​អា​មេ​រិ​ក ចំពោះ​បណ្ដា​សហគ្រាស​ណា​ដែល​នៅ​តែ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​។​

ការ​ប្រកាន់​ជំហរ​នោះ​របស់​ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​ប៊ែ​រ​ឡាំង​​ កើត​មាន​ខណៈ​ប្រទេស​មួយ​ចំនួន​កំពុង​មាន​កំហឹង ដែល​សហគ្រាស​ទាំងឡាយ​របស់​ពួក​គេ​អាច​រង​ទណ្ឌកម្ម​ បើ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​។

រីឯ​ក្រសួងការបរទេស​ចិន​អះអាង​នា​ថ្ងៃ​ទី​៨ ​សីហា​ថា ទំនាក់ទំនង​រវាង​ចិន​ និង​អ៊ី​រ៉​ង់​ គឺ​សេរី មាន​តម្លាភាព​ និង​ស្របច្បាប់​។​ ហើយ​​ចិន​ប្រឆាំង​ជា​និច្ច​ចំពោះ​បណ្ដា​ទណ្ឌកម្ម​ជា​ឯក​តោភាគី​។​ ចំណែក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អ៊ី​រ៉​ង់ មាន​តម្លា​ភាព​គួរ​ជាទី​ពេញចិត្ត ស្មើភាព​ និង​ស្របច្បាប់ រួច​ពុំ​ផ្ទុយ​នឹង​ដំណោះស្រាយ​ណាមួយ​របស់​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឡើយ​។​ បណ្ដា​សិទ្ធិ​ស្របច្បាប់​របស់​ចិន​ត្រូវ​តែ​ការពារ​។

ចិន​ជា​ម៉ូយ​ប្រេង​សំខាន់​របស់​អ៊ី​រ៉​ង់ ដោយ​ទិញ​ប្រេងកាត​ប្រមាណ​ជា​៦៥០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​ពី​ក្រុង​តេ​ហេ​រ៉​ង់ ពោលគឺ​​ប្រមាណ​ជា​៧%​ នៃ​ការ​នាំ​ចូល​ប្រេង​សរុប​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ