ប្រជា​កសិករ​សប្បាយ​ពេល​ប្រមូល​ផល​ស្រូវ តែ​ខ្វះ​ទីផ្សារ​តម្លៃ​តាម​មាត់​ឈ្មួញ


ខេត្តស្វាយរៀង ៖ ទីផ្សារ​ស្រូវ​អង្ករ​ជា​ដង្ហើមរស់​របស់​កសិករ ដូច្នេះ​ប្រជា​កសិករ​ពឹង​លើ​ក្រសួង​មន្ទីរ​ដែល​មានការ​ពាក់ព័ន្ធ សូម​មេត្តា​បន្ត​សិក្សា​ស្វែងរក​ទីផ្សារ​នាំ​ស្រូវ​អង្ករ​ចេញ​ឲ្យ​បាន​ច្បាស់ ដើម្បី​ងាយ​ដល់​ការ​ផលិត ស្រូវ អង្ករ ឲ្យ​មាន​និរន្ត​ភាព​ខាង​តម្លៃ និង​ថ្លៃដើម​ផលិត​ទទួល​បាន​ចំណេញ​បន្ថែម​លើ​ជីវភាព​ក្នុង​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ ។

បើ​តាម​តំណាង​កសិករ​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង លោក គឹ​ម សា​ផ​ន រស់នៅ​ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ នៅ​ក្នុង​ពេល​ច្រូតកាត់​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​នេះ កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ បាន​អំពាវនាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ខេត្ត​បន្ត​សិក្សា​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ឲ្យ​បាន​ច្បាស់​បន្ថែម​ទៀត ជា​ពិសេស​នូវ​តម្លៃ​ស​ម្តៅ​ជំរុញ​ដល់​ក្រុម​កសិករ​បន្ត​ផលិត​ស្រូវ អង្ករ​ឲ្យ​មាន​និរន្ត​ភាព ស្ថិតស្ថេរ ខណៈ​ដែល​កន្លង​មក​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​បាន​រង​នូវ​ការ​បង្អាប់ បន្ទាប់​តម្លៃ​នៅ​ពេល​ដែល​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ ។ លោក​បន្ត​ថា នៅ​ដើមឆ្នាំ​នេះ​ផល​ស្រូវ​របស់​កសិករ​ទទួល​បាន​ល្អ​បង្គួរ ហើយ​តម្លៃ​ក៏​ល្អ​ជាង​ឆ្នាំ​មុន​បន្តិច​ដែរ ខណៈ​ដែល​ឆ្នាំ​មុន​មាន​តម្លៃ​តែ​៦០០​ទៅ​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​ស្រូវ​មាន​តម្លៃ​ពី​៨០០​ទៅ​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

ទន្ទឹម​តម្លៃ​ស្រូវ​ល្អ​បង្គួរ​នេះ រូប​លោក និង​គ្រួសារ​កសិករ​ផ្សេង​ៗ​ទៀត​មានការ​សប្បាយ​រីករាយ យ៉ាង​ខ្លាំង ដោយ​តម្លៃ​ស្រូវ​អង្ករ​មានការ​ឡើងថ្លៃ​បន្តិច​ក្នុង​ដើមឆ្នាំ​២០១៨​នេះ ក៏​ប៉ុន្តែ​ពេល​ប្រជា​កសិករ​ច្រូតកាត់​រួច មាន​ស្រូវ​យក​មក​លក់​ច្រើន​ឈ្មួញ​ចាប់ផ្តើម​ទម្លាក់​តម្លៃ​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយ​ខ្វះ​ទីផ្សារ ។

បើ​តាម​លោក មាឃ ឆវ​ណ្ណា​រុន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា បញ្ហា​តម្លៃ​ស្រូវ អង្ករ មន្ទីរ ក៏​ដូច​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ស្រាវជ្រាវ​រាល់​ផលិតផល​នៅ​តាម​បណ្តា​ស្រុក​ខេត្ត ដើម្បី​កំណត់​ចំនួន​ផលិតផល​ជា​មុន​ពេល​ដើរ​រក​ទីផ្សារ ពីព្រោះ​ផលិតផល​របស់​កសិករ​បច្ចុប្បន្ន មិនសូវ​មាន​ស្តង់ដា​ទើប​ការ​រក​ទីផ្សារ​របស់​មន្ទីរ និង​ក្រសួង​ពិបាក​កំណត់ និង​ហៅ​ឈ្មួញ​ឲ្យ​ចូល​មក​ទិញ តែ​ទោះជា​យ៉ាងណា​មន្ទីរ និង​ក្រសួង​នៅ​តែ​បន្ត​អប់រំ​ប្រជា​កសិករ​អ្នក​ផលិត​ស្រូវ​អង្ករ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​ទីផ្សារ តាម​រយៈ​ក្រុមការងារ​ចុះ​អប់រំ​នៅ​តាម​ស្រុក​ក្រុង​គោលដៅ​ដែរ ឲ្យ​ពួក​គាត់​ចេះ​ជ្រើសរើស​ពូជ និង​ផលិត​តាម​គោល​ការ​ធម្មជាតិ ។

លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​បញ្ជាក់​ថា ខេត្តស្វាយរៀង​នៅ​ឆ្នាំ​នេះ ដោយ​មាន​សក្កា​នុ​ពល​ធារាសាស្ត្រ តូច​ធំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គួប​ផ្សំ​ទៅ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ធម្មជាតិ និង​អំណោយ​ទឹកភ្លៀង​ពី​ដើមរដូវ​ល្អ ក្រុម​កសិករ​ដែល​មាន​ដី​ទំនាប​ក្នុងស្រុក​កំពង់​រោទ៍ ស្វាយ​ជ្រំ ក្រុង​ស្វាយ​រៀង និង​ស្រុក​ច​ន្ទ្រា​សម្រេច​បង្កបង្កើន​ផល​ស្រូវស្រាល​ដើមរដូវ​បាន​ជាង ១,០០០​ហិ​កតា ។ បច្ចុប្បន្ន​ក្រុម​កសិករ​ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ហើយដោយ​ទទួល​ទិន្នផល​ក្នុង​មួយ​ហិ​កតា ពី​៤​ទៅ​៥​តោន ឯ​តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មាន​តម្លៃ​ល្អ​ជាង​ឆ្នាំ​មុន​ពិតមែន ។  លោក​ប្រធាន​មន្ទីរ​ក៏​បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជា​កសិករ​បន្ត​បន្ថែម​ក្នុង​បង្កបង្កើន​ផលដំណាំ​តាម​គោល​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជា​កសិករ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ