ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ទៀត​ហើយ​… តថ្លៃ​គ្នា​ត្រូវ​ហើយ បែរជា​ខាន​ស៊ី (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​បាន​កក្រើក​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់ នៅ​តាម​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ក្រោយ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ចុងខែ​កក្កដា ២០១៨ បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ជួញដូរ​ឈើ​មួយអន្លើ​។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣…

ខេត្តមណ្ឌលគិរី ៖ សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​បាន​កក្រើក​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់ នៅ​តាម​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ក្រោយ​ប្រទេស​កម្ពុជា​បាន​បញ្ចប់​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ចុងខែ​កក្កដា ២០១៨ បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ជួញដូរ​ឈើ​មួយអន្លើ​។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣ សីហា ២០១៨ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ចាប់​ឃាត់​រថយន្ត​ធុន រេ​វ ចំនួន​៣​គ្រឿង​នៅ​ចំណុច​០៦៥១៥៧៨,១៣៩២៨៤៩ ស្ថិត​នៅ​ភូមិ​ចក់​ចា​(​រណែង​)​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​ឱ្យ​ដឹង​ថា រថយន្ត​ទាំង​៣​គ្រឿង​មាន​ផ្ទុក​ឈើ​គ្រឿងផ្ទះ ប្រភេទ​ស្រឡៅ គគី ផ្ចឹក ចំនួន​១៧,៨០៣​ម៉ែត្រត្រីគុណ នៅ​លើ​រថយន្ត​ចំនួន​២​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ទៀត​ខូច​បាន​ទម្លាក់​ឈើ​ចេញ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។ ហើយ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន ១-​ឈ្មោះ ឃ្នី​ន លឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត​បូ​រី ខេត្តក្រចេះ និង​២-​ឈ្មោះ ហ៊​ត លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីកន្លែង​កំណើត​ភូមិ​ច្រវា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ។

យោង​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ប្រភព​ច្បាស់​​ការណ៍​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ សីហា ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​មកនេះ ពួក​គេ​បាន​ប្រើ​ពេល​អារជ្រៀក​ក្នុង​ព្រៃ​នៃ​ទឹកដី​ខេត្តមណ្ឌលគិរី រយៈពេល​ជាង​២០​ថ្ងៃ និង​បាន​ដឹក​មក​ដល់​ចំណុច​ជាប់ផុង​នេះ​នៅ​ថ្ងៃ​ទី​២ សីហា ត្រូវ​សមត្ថកិច្ច​ឃាត់​តែ​ម្តង​។

ក្នុង​សំ​នេ​រ​សារភាព​ដដែល​បន្ត​ថា ពេល​ចូល​ទៅ​ដឹកឈើ​ក្រុម​ខ្លួន​បាន​បង់ប្រាក់​ជូន​ដល់​ទាហាន និង​ប៉េ​អឹ​ម​នៅ​អ​ន្ទ្រ​ង​ទឹកដី​ខេត្តមណ្ឌលគិរី ដោយ​ក្នុង​ម៉ាស៊ីន​យន្ត​មួយ​គ្រឿង​ត្រូវ​បង់អស់​តម្លៃ​៥០​ម៉ឺន​រៀល ចំណែក​រថយន្ត​១​គ្រឿង​ត្រូវ​បង់​៣០០​ដុល្លារ​ក្នុង​១​ខែ​។

ក្នុង​ចម្លើយ​បញ្ជាក់​ថា សមត្ថកិច្ច​ទាំងនោះ​ថា ចាំ​មេ​មក​សិន ចាំ​សម្រួល​គ្នា លុះ​នៅ​ម៉ោង​ប្រមាណ​០៨​យប់​ថ្ងៃ​ដដែល​(​ថ្ងៃ​ទី​២ សីហា​) មេ​ក៏​មក​ដល់​បាន​ប្រាប់​ឲ្យ​ពួក​គេ​ទៅ​សម្រួល​គ្នា​ក៏​ទារប្រាក់​បី​ពាន់​ដុល្លារ នឹង​ព្រមយក​១០​លាន​រៀល ដោយសារ​តែ​តថ្លៃ​គ្នា ចំណែក​ក្រុម​មួយទៀត​ទាមទារ​ចំនួន​៤​ពាន់​ដុល្លារ តែ​តថ្លៃ​សល់​ត្រឹម​៣​ពាន់​ដុល្លារ​។ ហើយ​មួយ​ក្រុម​ផ្សេង​ទៀត​ទាមទារ​ក្រោយ​គេ​ដោយ​រថយន្ត​១​គ្រឿង​តម្លៃ​២​ពាន់​ដុល្លារ សរុប​៣​គ្រឿង​ចំនួន​៦​ពាន់​ដុល្លារ​។ ក្រោយ​ចរចា​ក៏​ព្រមយក​ត្រឹម​៥​ពាន់​ដុល្លារ ក្នុង​ចំណោម​រថយន្ត​ទាំង​៣​គ្រឿង​។

ក្រោយ​បញ្ចប់​ការ​ច​ចា​ម្ចាស់​រថយន្ត​ដឹកឈើ​បាន​ទៅ​រក​ប្រាក់ តែ​ចៃដន្យ​ក៏​មាន​អ្នក​កាសែត​​មួយ​ក្រុម​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ចំណុច​រថយន្ត​ដឹកឈើ​ជាប់ផុង​។ ឃើញ​សភាព​ការណ៍​មិន​ស្រួល​បែប​នេះ សមត្ថកិច្ច​ទាំងនោះ​ខ្សឹប​ឲ្យ​ជនសង្ស័យ​រត់គេច​ខ្លួន ព្រោះ​ពួក​គេ​ឈប់​ទទួល​ប្រាក់​ហើយ ប្រយ័ត្ន​ពួក​គេ​ចាប់​។ និយាយ​រួច​ក៏​មាន​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ឃាត់ខ្លួន​មនុស្ស​២​នាក់​យក​ទៅ​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី​៤ សីហា តែ​ម្តង គឺ​ចប់​ត្រឹម​មន្ត្រី​បរិស្ថាន​ចាប់​ទាំង​ដុល​តែ​ម្តង​។ បើ​កុំ​ចាប់​ទាន់ ឈើ​នេះ​នឹង​ធ្លាយ​ទៅ​ដល់ទី​តាំង​ឧកញ៉ា​​ឈ្មួញ​ឈើ​នៅ​ស្រុក​ស្នួល​ដែល​គាត់​អត់​ទាន់​ឈប់​ទេ​។

គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ សីហា ២០១៨ លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ទាំង​៣​គ្រឿង​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ដែន​ជម្រក ចំណែក​មនុស្ស​ទាំង​ពីរ​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​៥ សីហា ក្រោម​បទចោទប្រកាន់​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃ​ឈើ​​ដោយ​គ្មាន​ការ​អនុញ្ញាត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ