ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ឡើង​ជន់​លិច​ហូរ​កាត់​ផ្លូវ បាន​ក្លាយ ជា​កន្លែង​លំហែកាយ​ក្រុម​យុវជន​-យុវនារី​

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្ពាន​ព្រែក​តា​ខ្វាន់ ស្ថិត​នៅភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​រដូវ​ទឹកទន្លេ​ឡើង​ជន់​លិច​ហូរ​កាត់​ផ្លូវ បាន​ក្លាយទៅជា​កន្លែង​លំហែកាយ​របស់​ក្រុម​យុវជន​យុវនារី​នាំ​គ្នា​មក​លេង​យ៉ាង​សប្បាយ ។ ជាមួយ​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ស្ពាន​ព្រែក​តា​ខ្វាន់ ស្ថិត​នៅភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​រដូវ​ទឹកទន្លេ​ឡើង​ជន់​លិច​ហូរ​កាត់​ផ្លូវ បាន​ក្លាយទៅជា​កន្លែង​លំហែកាយ​របស់​ក្រុម​យុវជន​យុវនារី​នាំ​គ្នា​មក​លេង​យ៉ាង​សប្បាយ ។ ជាមួយ​នេះ អាជ្ញាធរ​ក៏​បាន​ដាស់តឿន​អ្នក​ដែល​ទៅ​លេង ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​កុំឱ្យ​រង​គ្រោះ​លង់ទឹក ព្រោះថា​ទឹក​ហូរ​កួច​ត្របាញ់​គួរ​ឱ្យ​ខ្លាច ។

យុវតី​ម្នាក់​ឈ្មោះ ហួ​ន កញ្ញា អាយុ​១៨​ឆ្នាំរៀន​នៅ​វិទ្យាល័យ​ដីដុះ ក្រុង​កំពង់ចាម និយាយ ថា នៅ​ម៉ោង​ទំនេរ​ពី​ការ​សិក្សា​នៅ​សាលារៀន រូប​នាង​និង​មិត្តភក្តិ​ជា ច្រើន​នាក់​ទៀត​មាន​គ្នា​ប្រមាណ​១០​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង​មក​លេង​នៅ​ព្រែក​តា​ខ្វាន់ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយសារ​មានទឹក​ទន្លេមេគង្គ​ឡើង​មក​លិច​ហូរ​កាត់​ផ្លូវ ។ នៅ​ពេល​មក​ដល់​នាង បាន​ដើរ​កាត់​ពីលើ​ស្ពានបេតុង​ដែល​មានទឹក​ហូរ​លិច​លើ​ស្មងជើង ។ ទិដ្ឋភាព​ដែល​មើលទៅ​ឃើញ​តែ​ផ្ទៃ​ទឹក ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ជ្រះថ្លា ហើយ​អ្វី​ដែល​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ហាក់បីដូចជា​បាន​រសាយ​អស់​ដែរ ។

ពួក​នាង​នាំ​គ្នា​មក​កាន់​ទី​នេះ​មិនមែន​មក​ងូតទឹក​លេង​ទេ គឺ​គ្រាន់តែ​ដើរមក​មើល​និង​ថត​យក​រូបភាព​ទុកជា​អនុស្សាវរីយ៍ ព្រមទាំង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​ទៅ​ដល់​មិត្តភក្តិ​ផ្សេង​ៗ​ទៀត​ឱ្យ​បានឃើញ ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ពួក​នាង​នាំ​គ្នា​មក​លេង​បន្ទាប់​ពី​ឆ្នាំ​កន្លង​ទៅ ។ លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​សិស្សសាលា​នាំ​គ្នា​មក​លេង​នៅ​ចំណុច​ស្ពាន​ព្រែក​តា​ខ្វាន់ ដែល​មានទឹក​ទន្លេមេគង្គ​ហូរ​កាត់​លើ​ផ្លូវ​បេតុង និង​មើលទៅ​ទំនងជា​មិន​ចេះ​ហែល​ទឹក​ទៀត ។

ខណៈ​រូប​លោក​ដើរ​ពិនិត្យ​មើល​ស្ថានភាព​ទឹកទន្លេ ដើម្បី​រាយការណ៍​ទៅ​លោក​អភិបាលស្រុក ហើយ​បាន​ឃើញ​ក៏​ហៅ​មក​សួរនាំ និង​ឱ្យ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ចៀសវាង​លង់ទឹក​ទន្លេ ព្រោះថា​ទឹក​ហូរ​កួច​ត្របាញ់​ខ្លាំង ។ ប្រសិនណាបើ​ធ្វេសប្រហែស​ធ្លាក់​ចូល​ទឹក​នោះ នឹង​ហូរ​នាំ​យក​មនុស្ស​ទៅ​ផ្នែក​ខាងក្រោម​និង​មិន​អាច​ហែល​ទឹក​ឡើង​មក​ផ្នែក​ខាងលើ​វិញ​បាន​ទេ ព្រោះ​អី​ទឹក​ហូរ​ខ្លាំង ។លោក​មេឃុំ​ទន្លេ​បិទ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​មនុស្ស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ត្រង់​ស្ពាន​ព្រែក​តា​ខ្វាន់​នេះ ៕

អត្ថបទសរសេរ ដោយ