ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចបានត្រៀមខ្លួនជាស្រេច សម្រាប់ការទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ហើយសង្ឃឹមថា រាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនឹងជួយកសាងផ្លូវ ស្ពាន និងសាលារៀន ក្នុងភូមិ ឃុំ របស់ពួកគាត់ជាពុំខាន ។
លោក គង់ ថុន អាយុ៦៥ឆ្នាំ ជាជនពិការ និងជាអតីតកម្មកររថភ្លើង រស់នៅភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចបាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខនេះ ដោយក្នុងនោះលោកបានត្រៀមនូវ ឯកសារអត្តសញ្ញាណប័ណ្ណនិងប័ណ្ណព័ត៌មាន សម្រាប់ការទៅបោះឆ្នោត ងាយស្រួលក្នុងការរកឈ្មោះ ។ លោកបានបញ្ជាក់ថា ទោះជារដ្ឋាភិបាលថ្មីមកពីគណបក្សណាក៏ដោយ សំខាន់ឲ្យតែចេះជួយកសាងប្រទេសជាតិឲ្យរីកចម្រើន ជាពិសេសសូមជួយអភិវឌ្ឍភូមិឃុំ របស់លោកឱ្យមានការរីកចម្រើន ។
ជាមួយគ្នានេះបងស្រី សំ សារ៉េន ជាប្រជាពលរដ្ឋនៅភូមិស្ទឹងស្ងួតក៏បានឲ្យដឹងដែរថា ផ្លូវមួយខ្យែនៅក្នុងឃុំអំពិលទឹកមានការលំបាកខ្លាំងណាស់ ។ ផ្លូវនេះ គឺបើមានភ្លៀងម្តងៗ ជិះម៉ូតូកង់ដួលប្រឡាក់ខោអាវសិស្ស ហើយក្រៅពីរអិលផ្លូវនេះមានក្រឡុកច្រើនមិនអាចធ្វើដំណើរបានស្រួលឡើយ ។ ក្រៅពីនោះស្ពានឆ្លងកាត់ព្រែកមួយកន្លែងនៅភូមិស្ទឹងស្ងួតមានប្រវែងជាង១០០ម៉ែត្រក៏កំពុងជួបការលំបាកខ្លាំងណាស់ដែរ ព្រោះជាស្ពានឈើ ទ្រុឌទ្រោមខ្លាំងដែលត្រឹមបណ្តើរម៉ូតូបានតែប៉ុណ្ណោះ ។ ហេតុនេះហើយគាត់ចង់ឱ្យរាជរដ្ឋាភិបាលថ្មីសូមជួយកសាងផ្លូវមួយខ្សែជាផ្លូវក្រាលគ្រួសក្រហម ក្នុងឃុំអំពិលទឹក និងស្ពានមួយកន្លែងនៅចំណុចភូមិស្ទឹងស្ងួតនេះផង ។
ដោយឡែកលោក ហេង ចំរើន ក៏បានមានប្រសាសន៍ថា ក្រៅពីផ្លូវ និងស្ពាននៅក្នុងឃុំអំពិលទឹកដែលកំពុងជួបការលំបាកខ្លាំងនេះនៅភូមិគៀនឃ្លាំងក៏កំពុងខ្វះខាតសាលាបឋមសិក្សា១ខ្នងផងដែរ ។ សិស្សក្នុងភូមិនេះត្រូវបង្ខំចិត្តទៅរៀននៅសាលាឆ្ងាយដល់ឃុំលង្វែក ។ ក្នុងនាមលោកជាប្រជាពលរដ្ឋរស់នៅក្នុងឃុំអំពិលទឹកសំណូមពរ ដល់រាជរដ្ឋាភិបាលថ្មី សូមជួយកសាងសាលាបឋមសិក្សា១ខ្នង ក្នុងភូមិគៀនឃ្លាំង ឃុំអំពិលទឹកនេះផងដែរ ។
សូមបញ្ជាក់ថា ឃុំអំពិលទឹក គឺជាឃុំមួយនៅឆ្ងាយដាច់ស្រយាលពីផ្លូវជាតិត្រូវឆ្លងកាត់ទន្លេ២ ហើយឃុំនេះជាប់ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តកណ្តាលម្លោះហើយការធ្វើដំណើរត្រូវជួបការលំបាកដែលជាហេតុធ្វើឲ្យឃុំមួយនេះពុំសូវមានការអភិវឌ្ឍខ្លាំងក្លាដូច បណ្តាឃុំដែលមានមានផ្លូវថ្នល់ខ្វាត់ខ្វែង និងឃុំដែលជិតទីប្រជុំជនឡើយ ៕
ចែករំលែកព័តមាននេះ