ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព និង​សង្គម​ស៊ី​វិល​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​បាត់បង់ EBA

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​សហភាព​អឺរ៉ុប​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ ដែល​បង្ហាញ​ចេតនា​ចង់​ដក​ការ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ​»​ឬ​ហៅ​ថា​EBA ចេញពី​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​សហភាព​អឺរ៉ុប​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១២ កក្កដា កន្លង​ទៅ ដែល​បង្ហាញ​ចេតនា​ចង់​ដក​ការ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ​»​ឬ​ហៅ​ថា​EBA ចេញពី​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​សង្គម​ស៊ី​វិល វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន បង្ហាញ​នូវ​ក្ដី​បារម្ភ​ថា ប្រសិនបើ​មានការ​ដក​មែន​នោះ ពិតជា​មាន​ផល​ប៉ះពាល់​មក​លើ​ពលរដ្ឋ​កម្ពុជា ពិសេស​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ ខណៈ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ ។

លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ថា ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ភាគច្រើន​ជា​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ ហើយ​វិស័យ​នេះ​ដែរ ក៏​ជា​វិស័យ​ឈានមុខ​មួយ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។ លោក​ទទួលស្គាល់​ថា ៖« ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដូចនេះ​ហើយ​ទើប​សហជីព​ជាតិ​កម្ពុជា ដែល​តំណាង​ឲ្យ​កម្មករ​ជាតិ​៤០​ម៉ឺន​នាក់ បាន​ដាក់​លិខិត​ទៅ​កាន់​សហភាព​អឺរ៉ុប ឲ្យ​ពិចារណា មុន​នឹង​ដក​ចេញពីកម្ពុជា ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុង​ពឹងផ្អែក​លើ​វិស័យ​កាត់ដេរ » ។ លោក​ថា ៖« យើង​បាន​ដាក់​លិខិត​ទៅ​កាន់​សហភាព​អឺរ៉ុប​រួច​ហើយ និង​បាន​ជម្រាប​ដល់​សហភាព​អឺរ៉ុប​ពី​ស្ថានភាព​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​បាន​បង្ហាញ​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ផ្ដល់​លក្ខខណ្ឌ​ល្អ​ៗ​ជា​ច្រើន​ដល់​កម្មករ​ដូចដែល​បានឃើញ​ស្រាប់​ហើយ ដូច​ជា ប្រាក់ខែ​គោល​បាន​កើន​ឡើងជា​បន្តបន្ទាប់ រហូត​ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០១៨​នេះ ហើយ​វា​នឹង​បន្ត​ឡើង​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ។ ម្យ៉ាងទៀត របាយការណ៍​របស់​អង្គការ​ពលកម្ម​ពិភពលោក​(ILO) ក៏​បាន​ភ្ជាប់​ជាមួយ និង​ផ្ញើ​ទៅ​កាន់​សហភាព​អឺរ៉ុប​រួច​ហើយ​ដែរ ។

 លោក ព្រាប កុ​ល នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ថ្លែង​នៅ​ថ្ងៃ​ដដែល​ថា ៖« ការ​ប៉ះពាល់​នឹង​កើត​មាន​ឡើង​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ចំពោះ​ការ​ដក​EBA​នេះ ។ ជាក់ស្ដែង កម្មករ​-​កម្មការិនី​រោងចក្រ​អាច​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ ពីព្រោះ​តែ​ថៅកែ​រោងចក្រ នឹង​ដក​ការ​វិនិយោគ​ចេញពី​កម្ពុជា ដោយសារ​ការ​ផលិត​នៅ​កម្ពុជា​មិន​ចំណេញ » ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​ទៅ​កាន់​អឺរ៉ុប មាន​បរិមាណ​ច្រើន​ណាស់​ដោយ​មិន​គិត​ពន្ធ ហើយ​បើសិនជា​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​EBA​ចេញពី​កម្ពុជា​នោះ ភាគី​ជំនួញ​ទាំង​ពីរ​គឺ​អឺរ៉ុប និង​កម្ពុជា នឹង​ត្រូវ​ចំណាយ​បន្ថែម​៦០០​លាន​ដុល្លារ​ទៅ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ » ។

លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប មិនមែន​ភាគី​កម្ពុជា​ជា​អ្នក​ចំណាយ​ទេ តែ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​នាំ​ចូល ពោល​គឺជា​កាតព្វកិច្ច​របស់​ឈ្មួញ​អឺរ៉ុប​ជា​អ្នក​បង់​តែ​ម្ដង ។ ដូច្នេះ លោក​ជឿ​ថា ៖« អឺរ៉ុប​អាច​នឹង​មិន​ដក​EBA​នេះ​ចេញពី​កម្ពុជា​ទេ »​។ បន្ថែម​លើ​នេះ លោក​ឧកញ៉ា​បន្ត​ថា ៖«​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន សមាគម​រោងចក្រ​កាត់ដេរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចុះបញ្ចូល​ឲ្យ​សហគមន៍​អាស៊ី​-​អឺរ៉ុប ដែល​មាន​ប្រទេស​៥ សុទ្ធសឹងតែ​មាន​ទីផ្សារ​ធំ លើកលែង​ពន្ធ​នាំ​ចូល​ពី​កម្ពុជា នូវ​ផលិតផល​អាវ​រងា​ដែល​មាន​តម្លៃ​ខ្ពស់ ។​បើសិនជា​មានការ​លើកលែង​មែន​នោះ អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​កម្ពុជា នឹង​ទទួល​បាន​ច្រើន​បន្ថែម​ទៀត » ។ ជា​ការ​កត់សម្គាល់​ផង​ដែរ ការ​ព្រមាន​ដក​កម្ពុជា​ចេញពី​ការ​អនុគ្រោះ​ពន្ធ «​អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ (EBA)» នា​ពេល​នេះ មិនមែន​ជា​ការ​ព្រមាន​លើក​ទី​១​នោះ​ទេ ហើយ​

ប្រសិនបើ​ពិត​មានការ​ដក​មែន​នោះ កម្ពុជា​ក៏​មាន​លទ្ធភាព​រស់​ដោយ​ខ្លួនឯង​បាន​ដែរ ។
លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លើក​ឡើង​ថា ប្រសិនបើ​អឺរ៉ុប​ដក​មែន​នោះ កម្ពុជា​ក៏​មាន​លទ្ធភាព​រស់​ដោយ​ខ្លួនឯង​ដែរ ពីព្រោះ​ដូចដែល​បានឃើញ​ស្រាប់​ហើយ កម្ពុជា​កំពុង​តែ​រីក​ចម្រើន​លើ​វិស័យ​ផ្សេង​ៗ ដែល​អាច​ឲ្យ​កម្ពុជា​ប្រើប្រាស់​អស់​លទ្ធភាព ។ ណាមួយ ការ​ដក​EBA​ចេញពី​កម្ពុជា មិនមែន​មាន​ន័យ​ថា អឺរ៉ុប​ឈប់​ឲ្យ​នាំ​ចូល​ផលិតផល​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក្នុង​ន័យ​នេះ គឺ​គេ​នឹង​យកពន្ធ​នាំ​ចូល​ចំពោះ​ផលិតផល​ដែល​នាំ​ចូល​ពី​កម្ពុជា ។ ទន្ទឹម​នឹង​នេះ អ្នក​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ភាគច្រើន​មក​ពី​ចិន ដូចនេះ បើសិនជា​មានការ​ដក​ការ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​មែន​នោះ លោក​គិត​ថា វិនិយោគិន​ចិន និង​វិនិយោគិន​ដទៃ​ទៀត ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​អាច​ងាក​ទៅ​រក​ការ​ផលិត​នូវ​ផលិតផល​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ខណៈ​បច្ចុប្បន្ន កម្ពុជា​ក៏​បាន​ងាក​ទៅ​បណ្ដើរ​ៗ​ហើយ​ផង​ដែរ ។

ដោយឡែក មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​កាលពី​ចុងខែ​មីនា​ថា EBA​របស់​អឺរ៉ុប​មក​លើ​កម្ពុជា មិនយូរ​មិនឆាប់ គេ​នឹង​ដក​ចេញ​ហើយ គេ​នឹង​មិន​ទុក​រហូត​នោះ​ទេ ។ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖« បើ​តាម​ខ្ញុំ​ព្យាករ EBA នេះ នឹង​ត្រូវ​គេ​ដក​នៅ​ឆ្នាំ​២០២៣ យ៉ាង​យូរ ព្រោះ​គេ​នឹង​មិន​ទុក​រហូត​ទេ ។ ម្យ៉ាងទៀត កម្ពុជា​យើង​ក៏​ជិត​រួច​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែរ ដូចនេះ បើសិនជា​រួច​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច គេ​នឹង​ដក​ចេញ​ទៅ​ឲ្យ​ប្រទេស​ណា​ដែល​មានការ​អភិវឌ្ឍ​តិច​ជាង​កម្ពុជា » ។ លោក​បញ្ជាក់​ថា កម្ពុជា​បាន​ងាក​ទៅ​បណ្ដើរ​ៗ​ហើយ គឺ​ទៅ​រក​ការ​ផលិត​នូវ​ផលិតផល​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ហើយ​វិស័យ​ផ្សេង​ៗ​ទៀត ក៏​ឃើញ​ថា មាន​កំណើន​ខ្ពស់​ដែរ ហើយ​បើ​តាម​ការ​ព្យាករ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់ ឬ​ហៅ​ថា​ប្រទេស​អភិវឌ្ឍន៍ ។

គួរ​បញ្ជាក់​ថា សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដក​ប្រទេស​កម្ពុជា​ចេញពី​គ្រោង​ការណ៍​ពាណិជ្ជកម្ម រួច​កាតព្វកិច្ច​ពន្ធ​របស់​សហភាព​អឺរ៉ុប​គឺ «​អ្វី​ៗ​ទាំងអស់ លើកលែងតែ​អាវុធ​» នេះ បាន​ធ្វើ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៃ​គណៈកម្មការ​អឺរ៉ុប និង​សេវាកម្ម​វិធានការ​ខាងក្រៅ​អឺរ៉ុប​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ដល់​១១ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​នៃ​កា​រវិ​វត្ត​គួរ​ឲ្យ​ព្រួយបារម្ភ​ថ្មី​ៗ ស្ដី​ពី​សិទ្ធិ​មនុស្ស និង​ការងារ​នៅ​កម្ពុជា » ។ សេចក្ដីថ្លែងការណ៍​នេះ​បាន​សង្កត់ធ្ងន់​ថា ៖« ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​គ្រោង​ការណ៍​ពាណិជ្ជកម្ម រួច​កាតព្វកិច្ច​ពន្ធ​របស់​សហភាព​អឺរ៉ុប​គឺជា​វិធានការ​នៃ​ជម្រើស​ចុង​ក្រោយ ប្រសិនជា​កិច្ច​ខិតខំ​ផ្សេង​ទៀត​ទាំងអស់​របស់​ខ្លួន​បរាជ័យ ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​ទាំងនេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ