ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចង់​សិក្សា​ជំនាញ​ទេសចរណ៍ អាច​ខ្ចី​លុយ​រៀន​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​ផ្ដល់​កម្ចី​ដល់​យុវជន សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដើម្បី​ផ្ដល់​កម្ចី​ដល់​យុវជន សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញ​ទេសចរណ៍ និង​សាធារណជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ កក្កដា ។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា គម្រោង​កម្ចី​នេះ គឺ​ដោយសារ​មើលឃើញ​ផលប្រយោជន៍​នៃ​វិស័យ​ទេសចរណ៍ ក្នុង​ការ​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បង្កើន​ប្រាក់​ចំណូល និង​បង្កើត​ឱកាស​ការងារ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ។ ក្រសួង​បាន​បន្ថែម​ថា វិស័យ​ទេសចរណ៍ ជា​វិស័យ​ដែល​ត្រូវការ​ធនធានមនុស្ស​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ធានា​នូវ​ការ​ផ្តល់​សេវា​មួយ​ប្រកបដោយ​គុណភាព ។ ផ្តើម​ពី​នោះ ក្រោម​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន ជា​ពិសេស​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​, សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រហូត​មក​ដល់​ពេល​នេះ មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​រៀបចំ​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ផ្តល់​កម្ចី​សិក្សា​សម្រាប់​សិស្ស និស្សិត ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​លក្ខខណ្ឌ​ដែល​មាន​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ស្នើ​សុំ​កម្ចី និង​អាច​ខ្ចី​បាន​រហូត​ដល់​៦​ទៅ​៧​ឆ្នាំ ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប ដោយ​មិន​តម្រូវ​ឲ្យ​មានទ្រព្យ​បញ្ចាំ​នោះ​ឡើយ ។

ចំណែក​ការ​ទូទាត់​សង​មាន​ច្រើន​ជម្រើស​ដូច​ជា ៖ ១-​នៅ​ក្នុងអំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់​សង​តែ​ការ​ប្រាក់​ប្រមាណ​៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ។
២-​នៅ​ក្នុងអំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់​ទឹកប្រាក់​ដើម និង​ការ​ប្រាក់​ប្រមាណ​៤៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ក្នុង​រយៈពេល​១​ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ។  ៣-​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ពេល​រក​ការងារ​ធ្វើ​បាន​ហើយ ទើប​អ្នក​ខ្ចី​បង់​សង​ក៏​បាន ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​ប្រមាណ​៤៦​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ក្នុង​រយៈពេល​១​ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ។
ដូច្នេះ យុវជន សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញ​ទេសចរណ៍ និង​សាធារណជន ទាំងអស់ អាច​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​ផ្តល់​កម្ចី​សិក្សា​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់នោះ​រួម​មាន ៖១-​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ២-​ធនាគារ​កា​ណា​ឌី​យ៉ា ក​អ ។  ៣-​ហ្វូ​តា​បា មីក្រូហិរញ្ញវត្ថុ ភី​អិ​ល​ស៊ី ។ ៤-​ហត្ថា​កសិករ លីមីត​ធី​ត ។ ៥-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ៦-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ អឹ​ម ការ CMK ។ ក្រៅពី​នោះ ក្រសួងទេសចរណ៍​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា យោង​តាម​ព័ត៌មាន​របស់ គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ផ្តល់​កម្ចី​សម្រាប់​សិស្ស និស្សិត ក្នុង​វិស័យ​ទេសចរណ៍​នេះ ក៏​មានការ​រៀបចំ​គោលនយោបាយ​ផ្តល់​កម្ចី​សិក្សា​សម្រាប់​មុខ​ជំនាញ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។
លោកស្រី សូ ផ​ន នារី អនុប្រធាន​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​គាំទ្រ​គម្រោង​ផ្តល់​ប្រាក់​កម្ចី​នេះ ហើយ​ធនាគារ​អេ​ស៊ី​លី​ដា ក៏​បាន​អនុវត្ត​នូវ​គម្រោង​កម្ចី​សិក្សា​នេះ​បាន​ចំនួន​៣៣​ឥណទាន ស្មើនឹង​ប្រមាណ​៣​ម៉ឺន​ដុល្លារ​រួច​មក​ហើយ ។

លោកស្រី​ថ្លែង​ថា ៖« ការ​ផ្តល់​កម្ចី​សិក្សា​នេះ នឹង​ផ្តល់​ឱកាស​ថ្មី​មួយទៀត​ដល់​និស្សិត​ក្រីក្រ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សិក្សា ដោយ​គ្រាន់តែ​មាន​អាណាព្យាបាល​ធានា​សម្រាប់​និស្សិត​មិន​ទាន់​មានការ​ងារ​ធ្វើ ។ សម្រាប់​អ្នកមាន​ការងារ​ធ្វើ ហើយ​ចង់​បន្ត​ការ​សិក្សា គ្រាន់តែ​មាន​គណនី​បើក​ប្រាក់ខែ​នៅ​ធនាគារ​អេ​ស៊ី​ដា ជា​ការ​ស្រេច » ។ គម្រោង​កម្ចី​ខាងលើ​នេះ ក៏​ទទួល​បាន​នូវ​ការ​អបអរសាទរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ដែល​ការ​ចូលរួម​របស់​គ្រឹះស្ថាន និង​ហិរញ្ញវត្ថុ​ឯកជន​ទាំងអស់​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​គម្រោង​កម្ចី​សម្រាប់​សិស្ស និស្សិត​នេះ ។

លោក ប៉ាក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា បច្ចុប្បន្ន វិស័យ​នេះ​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ ស្មើនឹង​១២,៣%​នៃ​ការងារ​សរុប ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ នឹង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​ជិត​១​លាន​នាក់​, ឆ្នាំ​២០២៥ ជិត​១,២​លាន​នាក់ និង​ឆ្នាំ​២០៣០ បាន​ចំនួន​២​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ