ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជោគជ័យ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ចុងឆ្នាំ​២០១៣ រហូត​ដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការងារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដោយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​១៥.០០០​លាន​ដុល្លារ​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ។ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ចុងឆ្នាំ​២០១៣ រហូត​ដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ការងារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដោយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​១៥.០០០​លាន​ដុល្លារ​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ។

ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​សុខ​សន្តិ​ភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​ពេញលេញ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ។

ទេសចរណ៍​កម្ពុជា ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា​មាស​បៃតង ដែល​រួម​ចំណែក​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជា​ពិសេស ការពារ​បរិស្ថាន ពោល​គឺ​ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​គាំទ្រ​ដល់​ការ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ។

យោង​តាម​របាយការណ៍​សង្ខេប ស្តី​ពី​សមិទ្ធផល​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នាំ​២០១៣-២០១៧ ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ​២០១៨​កន្លង​មក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៣ ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍ មាន​ចំនួន​២.៥៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៤ ចំនួន​២.៧៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៥ ចំនួន​៣.០១២​លាន​ដុល្លារ​អា​មេ​រិក​, ឆ្នាំ​២០១៦ ចំនួន​៣.២១២​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០១៧ ចំនួន​៣.៦៣៨​លាន​ដុល្លារ​​អា​មេ​រិ​ក​។ ដូចនេះ ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ វិស័យ​ទេសចរណ៍​រក​ចំណូល​បាន​ចំនួន​១៥.១៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

របាយការណ៍​ដដែល​បញ្ជាក់​ថា រយៈពេល​៥​ឆ្នាំ​នេះ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ទេសចរណ៍​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​។ បច្ចុប្បន្ន កម្ពុជា​មាន​រមណីយ​ដ្ឋាន​ទេសចរណ៍​ចុះបញ្ជី​ផ្លូវការ​ប្រមាណ​ជាង​៣០០​កន្លែង រួម​មាន រមណីយដ្ឋាន​ទេស​ចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​១១៤​កន្លែង​, រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​២១​កន្លែង​, រមណីយដ្ឋាន​កែ​ច្នៃ​៣៣​កន្លែង​, រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​២៧​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​១៩៦​កន្លែង ។

អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​អបអរសាទរ​ការ​ដាក់​បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១១ ដែល​តម្រូវ​ឲ្យ​ក្រសួងទេសចរណ៍​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត តំបន់ឆ្នេរ​ទាំង​៤ ដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយ​» ។

ក្នុង​ន័យ​នេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ស្មារតី​ទទួលខុសត្រូវ ស័ក្តិ​សមជា «​តារា​រះ​នា​ទិសនិរតី​» ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត​លើក​ទី​១ ឆ្នាំ​២០១៨ ក្នុង​នោះ​ឆ្នេរ​សាធារណៈ ឆ្នេរ​ឯកជន ឆ្នេរ​កែ​ច្នៃ និង​កោះ នៅ​តាម​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងអស់​ត្រូវ​ចូលរួម​កាតព្វកិច្ច​ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ស្អាត ។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍​ក៏​បាន​ដាក់​ចេញ​នូវ​ស្តង់ដា​ផលិតផល​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ស្តង់ដា MICE​កម្ពុជា និង​អាស៊ាន ទេសចរណ៍​ស្តង់ដា​កម្សាន្ត​ក្នុង​ព្រៃ​ស្តង់ដា​សហគមន៍​ទេសចរណ៍​កម្ពុជា​។ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង ព្រមទាំង​បាន​ជំរុញ​ឲ្យ​ដំណើរការ​យុទ្ធនាការ «​ទេសចរ​ម្នាក់ ដើមឈើ​១​ដើម​» និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ដែល​បច្ចុប្បន្ន យើង​មាន​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​៥៦​កន្លែង ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍ និង​កំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

ម្យ៉ាងទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក្រសួងទេសចរណ៍​បាន​រៀបចំ​ឲ្យ​មាន​ប្រតិបត្តិការ​ទេសចរណ៍​ធំ​ៗ​ជា​ច្រើន​រួម​មាន ៖

១-​ពិធីបុណ្យ​អង្គ​រស​ង្គ្រា​ន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ នៅ​រមណីយដ្ឋាន​អង្គរ​, ពិធីបុណ្យ​សមុទ្រ​ចំនួន​៦​លើក នៅ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤ គឺ ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​ខេត្តកោះកុង​ចាប់តាំងពី​ឆ្នាំ​២០១១ ។

២-​ពិធីបុណ្យ​ទន្លេ​ចំនួន​៤​លើក ចាប់ពី​ឆ្នាំ​២០១៥ ដែល​លើក​ទី​១ ប្រារព្ធ​ឡើង​នៅ​ខេត្ត​ក្រចេះ​, លើក​ទី​២ ខេត្តកំពង់ចាម​, លើក​ទី​៣ ខេត្តស្ទឹងត្រែង និង​លើក​ទី​៤ ខេត្ត​កណ្តាល។

៣-​ពិធីបុណ្យ​ស្រូវ​លើក​ទី​១ ឆ្នាំ​២០១៦ នៅ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ព្រឹត្តិការណ៍​ទេសចរណ៍​ជា​ច្រើន​ទៀត​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​សិប​ម៉ឺន​នាក់​ចូល​ទស្សនា ។

គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន​៧៨១ ស្មើ​ជាង​៤​ម៉ឺន​៥​ពាន់​បន្ទប់​, ផ្ទះសំណាក់​ជាង​២.២០០ ស្មើ​ជាង​៣​ម៉ឺន​៣​ពាន់​បន្ទប់​, ភោជនីយដ្ឋាន​ជាង​២.២០០​កន្លែង​, ម៉ាស្សា​ជាង​៣០០​កន្លែង​, សេវា​កម្សាន្ត​ទេសចរណ៍​៨​កន្លែង​, ទីភ្នាក់ងារ​ទេសចរណ៍​ជាង​៦០០​កន្លែង​, ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​៣៨ និង​មគ្គុទ្ទេសក៍​ទេសចរ​ជាង​៥.២០០​នាក់ រួម​មាន មគ្គុទ្ទេសក៍​ទេសចរ​ភាសា​ចិន អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន កូរ៉េ ម៉ា​ឡេ​ស៊ី រុ​ស្ស៊ី អេ​ស្ប៉ា​ញ ថៃ និង​វៀតណាម ។

ដោយឡែក ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ជាង​២​លាន​នាក់ កើនឡើង​ជិត​១៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។

ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា​រីក​ម្រើ​ន​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក្តី ក៏​រាជរដ្ឋា​ភិបាល​នៅ​តែ​បន្ត​ខិតខំ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​ៗ, បង្កើន​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ និង​ពង្រឹង​ធនធានមនុស្ស​លើ​ជំនាញ​ទេសចរណ៍​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ ។

តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦​លាន​២​សែន​នាក់ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ និង​ប្រមាណ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ហើយ​អាច​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ​១​លាន​នាក់​ផង​ដែរ ។

ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អភិវឌ្ឍន៍​ផ្លូវថ្នល់ ស្ពាន ទឹក និង​ភ្លើង ពី​ទីក្រុង​រហូត​ដល់​ជនបទ ជា​ពិសេស កត្តា​សន្តិភាព​បាន​ផ្តល់​ទំនុកចិត្ត​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់ ។

វិស័យ​ទេសចរណ៍ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ដោយ​ផ្ទាល់ និង​ប្រយោល​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំ​ៗ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​។ មិនតែប៉ុណ្ណោះ វិស័យ​ទេសចរណ៍ ក៏​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់​មួយ​ដែរ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​រីក​ចម្រើន ។

តាម​រយៈ​វិស័យ​ទេសចរណ៍​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ និង​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌​ដ៏​ល្អ​ឯក សម​ដូច​គេ​ប្រសិទ្ធ​នាម​ថា កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ គ្មាន​ប្រទេស​ណា​មាន​ដូច​កម្ពុជា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ