ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ចេញ​-​ចូល​តាម​ច្រក​បា​វិត​មាន​ជិត៧០ម៉ឺន​នាក់​ក្នុង​រយៈពេល​៥​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្រកព្រំដែន​បា​វិត មិន​ត្រឹមតែ​ជា​ច្រក​សម្រាប់​នាំ​ទំនិញ​ចេញ​-​ចូល​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​ច្រក​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​តំបន់​ទេសចរណ៍​ល្បី​ៗ​នានា​ផង​ដែរ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​បា​វិត ខេត្តស្វាយរៀង បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ច្រកព្រំដែន​បា​វិត មិន​ត្រឹមតែ​ជា​ច្រក​សម្រាប់​នាំ​ទំនិញ​ចេញ​-​ចូល​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​ច្រក​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​តំបន់​ទេសចរណ៍​ល្បី​ៗ​នានា​ផង​ដែរ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​បា​វិត ខេត្តស្វាយរៀង បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ចេញ​-​ចូល​តាម​ច្រក​នេះ​មាន​ចំនួន​រហូត​ដល់​៦៨៦.៤៦៩​នាក់ ។

ក្នុង​ចំណោម​នោះ ភ្ញៀវ​ចូល​មាន​ចំនួន​៣៣៩.០៦៧​នាក់ ដោយ​ជនបរទេស​ចូល​សរុប​មាន​ចំនួន ២៥១.១៣៩​នាក់ ។ សម្រាប់​រយៈពេល​៥​ខែ​ដំបូង​នេះ​ដែរ ភ្ញៀវ​ចេញ​សរុប​មាន​ចំនួន ៣៤៧.៤០២​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​ចេញ​សរុប​មាន​ចំនួន​២៦២.១៨៩​នាក់ ។ 

បើ​តាម​លោក យ៉​ន សុភា​ជ ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ច្រក​បា​វិត បាន​ឲ្យ​ដឹង​ថា បរិមាណ​ភ្ញៀវ​ចេញ​-​ចូល​តាម​ច្រក​បា​វិត គឺ​ទៅ​តាម​រដូវ​កាល ។ ជាក់ស្ដែង រដូវវស្សា​មិនសូវ​មាន​ភ្ញៀវ​ចេញ​-​ចូល​ច្រើន​ទេ តែបើ​រដូវប្រាំង​មាន​ភ្ញៀវ​ចេញ​-​ចូល​ច្រើន ។ លោក​ថា ៖«​ចាប់ពី​ខែវិច្ឆិកា ដល់​ខែឧសភា ភ្ញៀវ​ចេញ​-​ចូល​តាម​ច្រក​បា​វិត មាន​ចំនួន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​នោះ​ប្រមាណ​ជាង​១​ពាន់​ទៅ​២​ពាន់​នាក់​ក្នុង​១​ថ្ងៃ តែ​សម្រាប់​នៅ​រដូវភ្លៀង​ធ្លាក់​ចាប់ពី​ខែមិថុនា ដល់​ខែតុលា រាង​ខ្សត់​បន្ដិច តែ​មិន​ខ្សត់​ខ្លាំង​នោះ​ទេ គឺ​អាច​ទទួល​បាន​ចំនួន​ប្រមាណ​១​ពាន់​នាក់​ដែរ​ក្នុង​១​ថ្ងៃ » ។ លោក​បន្ត​ថា កាលពីមុន ភ្ញៀវ​បរទេស​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​បា​វិត ភាគច្រើន​ជា​ជនជាតិ​វៀតណាម មាន​ទាំង​ពាណិជ្ជករ និង​ទេសចរ តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ភ្ញៀវ​បរទេស​ដែល​ចូល​មក​តាម​ច្រក​បា​វិត ភាគច្រើន​ជា​ជនជាតិ​ចិន ហើយ​ភ្ញៀវ​វៀតណាម​បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​២
វិញ ។

លោក​បន្ថែម​ថា ភ្ញៀវ​បរទេស​ដែល​ចូល​មក តាម​ច្រក​នេះ តាម​ការ​ពិនិត្យ​ឃើញ​ថា ពួក​គាត់​ស្នាក់​នៅ​កម្ពុជា​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ ទើប​ត្រឡប់​ទៅ​វិញ ហើយ​ពេល​ខ្លះ ក៏​ចេញ​ទៅ​វិញ​តាម​ច្រក​បា​វិត និង​មាន​មួយ​ចំនួន​ចេញពី​កម្ពុជា​តាម​ច្រក​ផ្សេង​ទៀត ដូច​ជា ព្រំដែន​កម្ពុជា​-​ថៃ និង​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ជាដើម ។ លោក​ថា ៖« ចំនួន​ភ្ញៀវ​បរទេស​ដែល​ចូល​មក​កាន់​កម្ពុជា​តាម​ច្រក​នេះ យើង​មិន​ទាន់​គិតដល់​ភ្ញៀវ​ដែល​ចូល​មក​១​ថ្ងៃ ដើម្បី​មក​រកស៊ី​តាម​ច្រកព្រំដែន​យើង ឬ​ក៏​ភ្ញៀវ​ដែល​ចូល​មក​លេង​នៅ​កាស៊ីណូ​នានា និង​ត្រឡប់​វិល​ល្ងាច​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ ។ ចំនួន​ភ្ញៀវ​ដែល​បាន​កត់​ក្នុង​បញ្ជី គឺ​ទាល់តែ​ភ្ញៀវ​នោះ​ចូល​មក ហើយ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោក​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ក្រុមការងារ​ប្រចាំ​នៅ​ច្រកព្រំដែន​បា​វិត តែងតែ​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ពី​តំបន់​រមណីយដ្ឋាន​ល្បី​ៗ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្ដែងកាលពី​ប៉ុន្មាន​ខែ​មុនក្រុមការងារ​បាន​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ ពី​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ទើប​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក និង​តំបន់​ល្បី​ៗ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​បាន​ទស្សនា និង​សម្រាកលំហែ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​៥​ខែ​នេះ ជនជាតិ​ខ្មែរ​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​បា​វិត មាន​ចំនួន​៨៧.២១៣​នាក់ ហើយ​ជនជាតិ​ខ្មែរ​ចូល​មក​វិញ​មាន​ចំនួន ៨៨.៥២៨​នាក់ ។ លោក យ៉​ន សុភា​ជ បាន​ឲ្យ​ដឹងផង​ដែរ​ថា ភ្ញៀវ​ខ្មែរ​ដែល​ចេញ​ទៅ​ប្រទេស​វៀតណាម ភាគច្រើន​មិនមែន​ជា​ភ្ញៀវ​ទេសចរ ឬ​ពាណិជ្ជករ​នោះ​ទេ ភាគច្រើន​ជា​អ្នក​ដែល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ