សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ហៅកាត់ថា ATIC បន្ដអំពាវនាវសុំឲ្យមានការប្រកួតប្រជែងស្មើភាពគ្នាលើវិស័យឧស្សាហកម្មថ្នាំជក់ ពោលគឺការអនុវត្តបទបញ្ញត្តិស្ដីពីការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារី និងសុងក្នុងស្ដង់ដាតែមួយពីសំណាក់ផលិតករ និងអ្នកនាំចូលចែកចាយផលិតផលថ្នាំជក់ក្នុងស្រុកទាំងអស់។
បន្ទាប់ពីផ្លាស់ប្ដូររចនាសម្ព័ន្ធ និងលើកទិសដៅថ្មីកាលពីខែមុន ATIC នៅតែបន្ដប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឲ្យវិស័យឧស្សាហកម្មថ្នាំជក់នៅកម្ពុជាអនុវត្តបានក្នុងស្ដង់ដាតែមួយ ពោលគឺពួតដៃគ្នាកម្ចាត់ចោលនូវរាល់បញ្ហាក្នុងវិស័យឧស្សាហកម្មថ្នាំជក់ ដូចជាបារីក្លែងក្លាយ បារីដែលគ្មានបោះពុម្ពសារព្រមានសុខភាពជារូបភាព និងបារីដែលគ្មានតែមប្រិ៍អាករ។
លោម ម៉ាធូ ណូម៉ាន់ ប្រធាន ATIC បានគូសបញ្ជាក់ថា «យើងគឺពិតជាមានទស្សនសុទិដ្ឋិនិយម និងសាទរភាពខ្លាំងមែនទែនចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ទៅលើរោងចក្រផលិតបារីក្នុងស្រុកមួយចំនួនដែលផលិតបារីគ្មានសារព្រមានសុខភាពជារូបភាពត្រឹមត្រូវតាមច្បាប់ និងករណីរឹបអូសផលិតផលបារី 555 ក្លែងក្លាយពីអាជីវករកាលពីថ្មីៗកន្លងទៅ ដែលទាំងនេះ គឺសុទ្ធតែជាវិធានការស្របជាមួយនឹងទិសដៅរបស់យើងក្នុងនាមជាសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា។
ទោះជាយ៉ាងនេះក្ដី យើងក៏នៅតែស្នើសុំយ៉ាងទទូចចំពោះរាជរដ្ឋាភិបាល មេត្តាមានវិធានការក្ដៅបន្ថែមទៀតចំពោះក្រុមហ៊ុនដែលបន្ដរំលោភច្បាប់ទាំងឡាយ ដើម្បីបង្កើតឲ្យបាននូវបរិយាកាសប្រកួតប្រជែងស្មើភាពគ្នាក្នុងវិស័យឧស្សាហកម្មថ្នាំជក់នៅកម្ពុជា»។
បើទោះបីជាក្នុងខ្លឹមសារនៃអនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាពជារូបភាពបានកំណត់ឲ្យមានការបោះពុម្ពសារព្រមានជារូបភាព និងអក្សរនៅលើផ្ទៃទាំងសងខាងកញ្ចប់ និងសុងបារីក្ដី តែបច្ចុប្បន្នគឺនៅតែមានក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្ដរំលោភបញ្ញត្តិនេះដដែល ដោយជាញឹកញយ គេសង្កេតឃើញមានដូចជា ក្រុមហ៊ុន វីនីតុន គ្រុប (ផលិតផលបារីម៉ាក Luxury, Angkor Meas, Cambo, Crown, Shuang Xi) និងផលិតផលបារីម៉ាកផ្សេងៗដូចជា Goldseal, Lapin, IZA, HERO និង ESSE ជាដើម។
គួរបញ្ជាក់ថា បន្ទាប់ពីការសុំលាលែងពីសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាកាលពីថ្មីៗកន្លងមកនេះរួចមក ក្រុមហ៊ុន វីនីតុន គ្រុប គឺមិនបន្ទន់ឥរិយាបថត្រឡប់មកអនុលោមច្បាប់វិញសោះឡើយ បើទោះបីជាខ្លួនបានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយអាជ្ញាធរយ៉ាងណាក្ដី ផ្ទុយមកវិញ គឺក្រុមហ៊ុន វីនីតុន បានប្រើប្រាស់ស្ទីកឃឺដែលអាចបកចេញបាន បិតទៅលើកញ្ចប់បារីម៉ាក Luxury របស់ខ្លួន ហើយចំពោះបារីម៉ាកផ្សេងដូចជា Angkor Meas, Cambo, Crown, Shuang Xi វិញ គឺក្រុមហ៊ុននេះបោះពុម្ពត្រឹមតែសារព្រមានជាអក្សរទំហំ ៣០% ប៉ុណ្ណោះ។
លោក ម៉ាធូ ណូម៉ាន់ បានគូសបញ្ជាក់ចុងក្រោយថា ATIC ដែលមានសមាសភាពមកពីក្រុមហ៊ុន PMI, Huotraco, British American Tobacco Cambodia (BATC) និង JTI (Cambodia) គឺតែងតែអនុលោមតាមបញ្ញត្តិច្បាប់ពាក់ព័ន្ធទាំងឡាយយ៉ាងខ្ជាប់ខ្ជួន។ យើងជឿជាក់ថា ស្របតាមទិសដៅរបស់យើង បូករួមនឹងគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងច្បាប់គ្រប់គ្រងថ្នាំជក់ ច្បាស់ណាស់យើងនឹងអាចបង្កើតបាននូវបរិយាកាសប្រកួតប្រជែងស្មើភាពគ្នាមួយនៅក្នុងវិស័យឧស្សាហកម្មថ្នាំជក់កម្ពុជានាពេលខាងមុខជាក់ជាមិនខាន។
ចែករំលែកព័តមាននេះ