ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ ៖ ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​ត្រូវ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ​សម្រាប់​ព្យាបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៨ នឹង​អាច​បន្ត​សម្រេច​​បាន​ប្រមាណ​៦,៩% ដូច​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​ទំហំ​សេដ្ឋកិច្ចជាតិ (​ផសស ថ្លៃ​បច្ចុប្បន្ន​) កើនឡើង​ដល់​ជាង​២៤,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៨ នឹង​អាច​បន្ត​សម្រេច​​បាន​ប្រមាណ​៦,៩% ដូច​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​ទំហំ​សេដ្ឋកិច្ចជាតិ (​ផសស ថ្លៃ​បច្ចុប្បន្ន​) កើនឡើង​ដល់​ជាង​២៤,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ខណៈ​ដែល ផ.ស.ស សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​១.៥៦៨​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​។

ជាមួយ​គ្នា​នោះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​មាន​មហិច្ឆតា និង​ប្ដេជ្ញា​ចិត្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក៏​​ដូច​ជា​ការ​យកចិត្តទុកដាក់​ជំរុញ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ផង​ដែរ ។​

សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​រាជរដ្ឋាភិបាល​បាន​វិភា​ជន៍​ថវិកាជាតិ​យ៉ាងច្រើន​សម្រាប់​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា ដែល​តាម​រយៈ​ក្រសួងសុខាភិបាល គឺ​មាន​គោលនយោបាយ​ចំនួន​​១ គឺ ៖ លើកកម្ពស់​លទ្ធផល​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​បង្កើន​ការ​បង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ ក្នុង​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព ។ ដើម្បី​សម្រេច​​គោលបំណង​គោលនយោបាយ​ខាងលើ ក្រសួង​បាន​រៀបចំ​កម្មវិធី​ចំនួន​៤ គឺ ៖

១-​សុខភាព​បន្ត​ពូជ​យុវវ័យ មាតា ទារក កុមារ និង​អាហារូបត្ថម្ភ

២-​ប្រយុទ្ធ​នឹង​ជំងឺឆ្លង

៣-​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃ​ទៀត

៤-​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល

ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០១៨ ត្រូវ​បាន​បែងចែក​ដល់​ក្រសួងសុខាភិបាល នូវ​ទឹក​ប្រាក់​​ប្រមាណ​ជាង​៤៨៥​លាន​ដុល្លារសហរដ្ឋអាមេរិក នៃ​ការ​ចំណាយ​ថវិកាជាតិ​សរុប​ឆ្នាំ​២០១៨ ប្រមាណ​ជាង​៦.០១៨​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​ច្បាប់​ថវិកា​ឆ្នាំ​២០១៨ ។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ថា ៖« ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ជំងឺ​បេះដូង​ជាដើម ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ជំងឺ​មិន​ឆ្លង ហើយ​នៅ​ក្នុង​នោះ​ដែរ ជំងឺ​បេះដូង ត្រូវ​បាន​ចាត់ទុកជា​ជំងឺ​មួយ​នៅ​ក្នុង​ជំងឺមិនឆ្លង​ធំ​ៗ ដែល​បង្ក​ផល​លំបាក​ដល់​ប្រជាជន​យើង ជា​ពិសេស វា​បណ្តាល​ឲ្យ​ពិការ​ភាព និង​ការ​ស្លាប់​ខ្ពស់​មែនទែន បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ជំងឺឆ្លង​ដទៃ​ទៀត ។ នៅ​ក្នុង​នោះ កាល​ពីមុន យើង​បារម្ភ​ខ្លាំង គឺ​ការ​ស្លាប់​ដោយសារ​ជំងឺអេដស៍ និង​ជំងឺរបេង » ។

លោក​បន្ត​ថា ៖« មួយទៀត​ដែល​ខ្ញុំ​ចង់​បញ្ជាក់​កន្លែង​នេះ គឺ​ជំងឺ​បេះដូង​មិនមែន​ជា​ជំងឺ​អ្នក​មាន​ទេ ។ ផ្ទុយ​មក​វិញ ជំងឺ​បេះដូង​កើតឡើង​នៅ​លើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ ដូច​ប្រទេស​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ ។ បើ​យើង​មើល​តួលេខ WHO ២០១៤ គឺ​ការ​ស្លាប់​​ដោយសារ​ជំងឺមិនឆ្លង​ធ្ងន់ធ្ងរ​ដូច​ជា ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល មហា​រីក​ថ្លើម និង​សួត គឺ​មាន​រហូត​ទៅ​ដល់​៥២% » ។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ភាគច្រើន​ប្រជាពលរដ្ឋ​មិនសូវ​មានការ​យល់​ដឹង​ច្បាស់​ទេ ដូច​​យើង​ដឹង​ស្រាប់​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​ធំ គឺ​កម្រ​ថា សុខ​ៗ​គាត់​មក​ពិនិត្យ​សុខភាព​ជាមួយនឹង​គ្រូពេទ្យ​ណាស់ លុះត្រាតែ​គាត់​ឈឺ​ធ្ងន់ ។បើសិនជា​គាត់​នៅ​ឈឺ​តិចតួច ក៏​គាត់​ទៅ​កន្លែង​ផ្សំ​ថ្នាំ​តិចតួច​លេប​ដែរ ហើយ​នៅ​ពេល​ណា​ឈឺ​ធ្ងន់ ទើប​គាត់​មក​ជួប​ឯកទេស​នៅ​មន្ទីរពេទ្យ​ធំ​ៗ ជាដើម ហើយ​នៅ​ក្នុង​នោះ​ដែរ អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ការពារ ប្រសើរ​ជាង​ការ​ព្យាបាល ព្រោះ​ទី​១ ៖ យើង​កាត់​បន្ថយ​នៃ​ការ​ចំណាយ​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ជំងឺខ្សោយបេះដូង​ដែល​ធំ​ជាងគេ​។

មួយវិញទៀត យើង​ផ្តល់​ការ​យល់​ដឹង​ដល់​ប្រជាជន​យើង​អំពី​ការ​ថែរក្សា​សុខភាព​របស់​គាត់ ។ ដោយសារ​សព្វ​ថ្ងៃនេះ ការ​យល់​ដឹង​របស់​ប្រជាជន​យើង​ទាក់ទង​នឹង​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម មហារីក និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត គឺ​គាត់​មានការ​យល់​ដឹង​ទាប ដោយសារ​ការ​ផ្សព្វផ្សាយ​យើង​នៅ​មាន​កម្រិត​នៅឡើយ ។ ដូច្នេះ​ហើយ​ទាមទារ​ធ្វើ​ម៉េច គឺ​ការ​អប់រំ ធ្វើ​យុទ្ធនាការ​ពន្យល់​តាម​រយៈ​សារព័ត៌មាន តាម​រយៈ​វិទ្យុ ឬ​មួយ​បណ្តាញ​សង្គម ជាដើម ។

អ្នកស្រី វី សុធា​រី មាន​វ័យ​៣៥​ឆ្នាំ រស់នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ដើម្បី​ព្យាបាល​ស្វាមី​របស់​អ្នក​នាង ដែល​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ធំ​ៗ​ជា​ច្រើន រូប​អ្នក​នាង​ផ្ទាល់​ត្រូវ​បង្ខំចិត្ត​លក់​ដី​កេរ និង​ផ្ទះ​អស់​១​ល្វែង ហើយ​ខ្ចី​លុយ​ពី​បង​ប្អូន​សាច់ញាតិ ដើម្បី​ព្យាបាល​ជំងឺ​របស់​ស្វាមី​ជា​មន្ត្រីរាជការ​មួយ​រូប ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ។

អ្នកស្រី វី សុធា​រី យល់​ស្រប​ជាមួយនឹង​ការ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មានការ​យក​ចិត្ត​ទុកដាក់​តិចតួច​ក្នុង​ការ​ធ្វើការ​ពិនិត្យ​សុខភាព ដូច​ករណី​ប្តី​របស់​អ្នកស្រី ដែល​មាន​វ័យ​៤៨ ឆ្នាំ គឺ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ដំបូង ។

ពោល​បណ្តើរ និង​រៀបចំ​សម្លៀក​បំពាក់​ឲ្យ​កូនស្រី​បណ្តើរ អ្នក​នាង វី សុធា​រី ដែល​មាន​មុខ​របរ​លក់​កង់​រថយន្ត​១​ទឹក បាន​បញ្ជាក់​ថា ៖« គាត់​មិន​ដែល​ឈឺ ឬ​មាន​សញ្ញា​ណាមួយ​ថា គាត់​កើត​ជំងឺមហារីក​ថ្លើម​នោះ​ទេ ។ គាត់​ជូន​មិត្តភក្តិ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ឆ្លៀត​ពិនិត្យ​មើល​សុខភាព​របស់​គាត់​នៅ​ពេល​នោះ ។ លទ្ធផល​នឹក​ស្មាន​​មិន​ដល់​ទេ គឺ​មាន​ដុំ​សាច់​កាច​ក្នុង​ថ្លើម ។ នៅ​ពេល​ដែល​គាត់​បានដឹង​ថា គាត់​មាន​ជំងឺ​​ធ្ងន់ធ្ងរ​មួយ​នេះ គឺ​នៅ​ដំណាក់កាល​ដំបូង ដូច្នេះ ក៏​សម្រេចចិត្ត​មិន​ទាន់​ព្យាបាល​ភ្លាម​ៗ​ទេ ដោយសារ​តែ​មិន​ចង់​យក​លុយ​សន្សំទុក​សម្រាប់​កូន​ៗ​រៀន ណាមួយ​គាត់​ថា គាត់​អត់​មាន​ធ្វើទុក្ខ​អី​ផង » ។

ដោយសារ​តែ​មិន​ទុកចិត្ត​អំពី​លទ្ធផល​នៅ​ក្រៅប្រទេស ក៏​ធ្វើការ​ពិនិត្យ​សុខភាព​ជា​ច្រើន​លើក​ជាមួយនឹង​មន្ទីរពេទ្យ​ក្នុងស្រុក លទ្ធផល​គឺ​មហារីក​ពិតមែន ។ អ្នក​នាង​បន្ត​ទៀត​ថា ពេល​នោះ គឺ​មាន​លុយ​សន្សំ​បន្តិចបន្តួច​ដើម្បី​ទុក​ឲ្យ​កូន​រៀន ហើយ​គ្រូពេទ្យ​តម្រូវ​ឲ្យ​ទទួល​​ការ​ព្យាបាល​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ជំងឺ​វិវត្តន៍​ទៅ​មុខ ។

អ្នកស្រី វី សុធា​រី ពោល​បន្ត​ថា ៖« ពេល​នោះ គឺ​មិន​ចង់​ប៉ះពាល់​លុយ​ទុក​ឲ្យ​កូន​រៀន អីចឹង ក៏​សម្រេចចិត្ត​លក់​ដី​កេរ​ខាង​ម្តាយ​ខ្ញុំ​ចែក​ឲ្យ​នៅ​ខេត្តបាត់ដំបង​សិន ។ ទម្រាំ​លក់​ដី​ដាច់ ជាង​១​ឆ្នាំ ទើប​ទៅ​ពិនិត្យ​ម្តងទៀត ស្ថានភាព​គាត់​ក៏​ឈាន​ដល់​ដំណាក់កាល​ទី​២​ទៅ​ហើយ » ។

អ្នកស្រី​បន្ត​ទៀត​ថា ៖« មិន​ខ្វល់​ថា​ត្រូវ​លក់​អ្វី​នោះ​ទេ គឺ​ត្រូវ​តែ​លក់​ហើយ បើ​យើង​ត្រូវការ​លុយ​ព្យាបាល​គាត់​នោះ គ្មាន​អ្នក​ណា​ម្នាក់​បើកភ្នែក​មើល​ស្វាមី​ឈឺ​មិន​អើពើ​នោះ​ទេ ព្រោះ​​ទ្រព្យសម្បត្តិ​យើង​អាច​រកបាន​ទៀត ។ តែ​និយាយ​តាម​ត្រង់​ទៅ គឺ​ខ្ចី​បងប្អូន​ផង លក់​ដី និង​ផ្ទះ​ផង ធ្វើ​ម៉េច រក​លុយ​ព្យាបាល​គាត់​សិន ។ ជា​រួម ខ្ញុំ​បាន​លក់​ដី និង​លក់​ឡាន​​ទំនើប​ដែល​ប្រើប្រាស់​និង​ខ្ចី​លុយ​បងប្អូន​ផង​ដែរ ។ ឥឡូវ កំពុង​តែ​រក​លុយ​ដោះ​បំណុល​ផង រក​លុយ​បន្ត​ការ​ព្យាបាល​ជំងឺ​គាត់​ផង » ។

អ្នកស្រី​បញ្ជាក់​ថា ៖« ការ​ចំណាយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ ពិតជា​អស់​ច្រើន​ណាស់ ។ តាំងពី​ព្យាបាល​មក​ប្រមាណ​ជាង​៤​ឆ្នាំ​នេះ គឺ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ទេ ព្រោះ​១​ខែ ការ​ទៅ​ចាក់​ថ្នាំ​នៅ​ក្រៅប្រទេស​ម្តង ចំណាយ​ជាង​២.០០០ ទៅ​៣.០០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ថ្លៃ​ថ្នាំ និង​ថ្លៃ​ធ្វើ​ដំណើរ​ត្រឹម​ឡានក្រុង​ផង » ។

ការ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ​សាច់ឈាម បងប្អូន មិនមែន​ជា​ករណី​ដាច់​ដោយឡែក ឬ​កើត​មាន​ចំពោះ​អ្នកស្រី វី សុធា​រី ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​បងប្អូន​ខ្មែរ​ច្រើន​​រូប​ណាស់​ដែល​ធ្លាក់ខ្លួន​ជា​កូនបំណុល​គេ ឬ​ត្រូវ​លក់​ផ្ទះសម្បែង​ដើម្បី​យក​លុយ​មក​ព្យាបាល​ជំងឺ​សាច់ញាតិ ។ ជាក់ស្តែង តារាចម្រៀង​លំដាប់​ប្រទេស​មួយ​ចំនួន​កន្លង​មក ក៏​បាន​ប្រកាស​លក់​ទ្រព្យសម្បត្តិ​ផ្សេង​ៗ និង​ផ្ទះសម្បែង ដើម្បី​យក​ប្រាក់​ទៅ​ប្រើ​ប្រាស់​នៅ​ពេល​សមាជិកគ្រួសារ ឬ​អ្នក​មានគុណ​របស់​គាត់​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ ។

គ្រួសារ​កម្ពុជា​ជា​ច្រើន​តែងតែ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​នៅ​ពេល​មេ​គ្រួសារ ឬ​សមាជិកគ្រួសារ​ជួប​បញ្ហា​សុខភាព ឬ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ ។ ដូច្នេះ ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​នីមួយ​ៗ គឺជា​រឿង​ចាំបាច់​បំផុត ។

លោក ភាព សុ​ផា ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា​នៃ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ដែល​ជា​មន្ទីរពេទ្យ​ឯកជន​មួយ​មា​នទី​តាំងនៅ​ជាយក្រុង​បាងកក ឬ​ចម្ងាយ​ប្រមាណ​ត្រឹម​២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​លោក​បម្រើ​ការ​គឺ​ផ្តោត​លើ​អតិថិជន​ជា​ជនជាតិ​ខ្មែរ ហេតុ​ដូច្នេះ​ហើយ​លោក​បាន​បញ្ជាក់​ថា ភាគច្រើន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ភាគច្រើន​មាន​ជំងឺ​បេះដូង ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មហារីក និង​ក្រពះ​ពោះវៀន ជាដើម ។

លោក ភាព សុ​ផា បញ្ជាក់​ថា ៖« ការ​ពិត​ទៅ​មាន​ច្រើន​ករណី​ណាស់ ដែល​បងប្អូន​ខ្មែរ​មួយ​​ចំនួន​ធំ​មក​ពិនិត្យ​សុខភាព​ជាមួយ​មន្ទីរពេទ្យ​របស់​យើង គឺ​រក​ឃើញ​មាន​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ដូច​ជា ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​មហារីក​សុដន់​ជា​ច្រើន​នៅ​ដំណាក់កាល​ដំបូង​ៗ ។ តែ​មួយ​ភាគ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​លក់​ដី ឬ​ផ្ទះសម្បែង​យក​ប្រាក់​មក​ព្យាបាល ហើយដោយ​សារ​តែ​ភាពយឺត​យ៉ាវ​នៃ​ការ​លក់​ផ្ទះសម្បែង ឬ​ក៏​ដីធ្លី​នេះឯង ពេល​ពួក​គាត់​ត្រឡប់​មក​ទទួល​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​របស់​ពួក​គាត់​បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣ ឬ​ក៏​យឺត​ពេល​សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ។ អីចឹង យើង​អាច​ជួយ​គាត់​ត្រឹម​ពន្យារ​អាយុជីវិត តែ​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ឡើយ » ។

ករណី​លក់​ទ្រព្យសម្បត្តិ​ក្រោម​តម្លៃ​ទីផ្សារ ឬ​ខ្ចី​បំណុល​ពី​ញាតិ មិត្តភក្តិ អ្នក​ស្គាល់ ឬ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ គឺជា​ករណី​ទូទៅ​ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខជា​មួយ ។ ដោយឡែក ថវិកា​សម្រាប់​តម្រូវការ​ភ្លាម​ៗ​ដូចនេះ អាច​រកបាន​ពី​ប្រភព​មួយទៀត ប្រសិន​បើ​ពួក​គាត់​បាន​រៀបចំ​ផែនការ​ទុកជា​មុន ។

ប្រភព​ថវិកា​នោះ គឺ​ដំណោះស្រាយ​ធានា​រ៉ាប់រង​ជីវិត ដែល​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​រយៈពេល​ប្រមាណ​៦​ឆ្នាំ​កន្លង​មកនេះ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត វិស័យ​នេះ​បាន​បន្ថែម​នូវ​ដំណោះស្រាយ​ដែល​ផ្តោត​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ខាងលើ បន្ទាប់​ពី​មានការ​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ជីវិត AIA ជា​ក្រុមហ៊ុន​ដំបូង​បង្អស់ ដែល​មានការ​ធានា​ព្យាបាល​ជំងឺ​ខាងលើ ទាំង​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក និង​នៅ​ក្រៅប្រទេស ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA បាន​ឲ្យ​ដឹង​ថា អត្ថ​ប្រយោជន៍​​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍ជា​ច្រើន​នៃ​ធានា​រ៉ាប់រង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ នោះ គឺ​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល​ស្ថានភាព​ជំងឺ រហូត​ដល់​១២ ប្រភេទ​នៃ​ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺថ្លើម និង​ជំងឺ​សួត​ពី​ដំណាក់កាល​ដំបូង រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ។

ដោយ​មានការ​ធានា​រ៉ាប់រង​លើ​ការ​ចំណាយ​ចាប់ផ្តើម​ព្យាបាល​ជំងឺ​ដំណាក់កាល​ដំបូង អ្នក​នឹង​អាច​ទទួល​បាន​ទឹក​ប្រាក់​អត្ថប្រយោជន៍សម្រាប់​ការ​ព្យាបាល ខណៈ​ពេល​អ្នក​មានឱកាស​ជា​សះស្បើយ​ច្រើន​​បំផុត ។ អ្វី​ដែល​អ្នក​គួរតែ​ផ្តោត​សំខាន់​នោះ គឺ​ការ​មើល​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ ជា​ជាង​ព្រួយបារម្ភ​អំពី​ការ​ចំណាយ​ទៅ​លើ​ការ​ព្យា​បាល​របស់​អ្នក ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ