ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បើក​សិក្ខាសាលាលើកកម្ពស់​ការ​យល់​ដឹង​ដល់​វិស័យ​ឯកជន

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច  ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា…

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច  ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​បើក​សិក្ខាសាលា​លើក​កម្ពស់​​ការ​យល់​ដឹង​ស្តី​ពី​យន្តការ​សវន​កម្ម​ក្រោយ​ពេល​បញ្ចេញ​ពី​គយ (PCA) នៅ​សណ្ឋា​គារ​​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​តំណាង​វិស័យ​ឯកជន​នានា​ដូច​ជា សភាពាណិជ្ជកម្ម សមាគម​រោងចក្រ​កាត់ដេរ សមាគម​ដឹក​ជញ្ជូន ធុរជន​ជាតិ និង​អន្តរជាតិ ព្រមទាំង​មន្ត្រី​សវន​ករ​គយ​សរុប​ប្រមាណ ២០០​នាក់​។

ក្នុង​ពី​ធី​បើក​អង្គ​សិក្ខាសាលា​នា​ព្រឹក​មិ​ញ​នេះ លោក នួន ច័ន្ទ​រិ​ទ្ធ បាន​ថ្លែង​គូសបញ្ជាក់​ពី​វឌ្ឍន​ភាព និង​ទស្សនទាន​នៃ​ការ​អនុវត្ត​គោលនយោបាយ នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​​រយៈ​ការ​គ្រប់គ្រង​ហានិភ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សំខាន់​​មួយ​ចំនួន មាន​ជា​អាទិ៍ ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​គយ ការ​លើកទឹកចិត្ត​ដល់​ធុរជន​ដែល​​មាន​អនុលោម​ភាព​ខ្ពស់ ការ​កាត់​បន្ថយ​ការ​យឺតយ៉ាវ​ក្នុង​ការ​បំពេញបែបបទ​គយ និង​ការ​កាត់​បន្ថយ​របាំង​ពន្ធ និង​មិនមែន​ពន្ធ​នានា​ឲ្យ​អស់​លទ្ធភាព​។

លោក​បាន​បញ្ជាក់​ថា ការ​លើកកម្ពស់​ការ​យល់​ដឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុង​រដ្ឋបាល​គយ និង​សហគមន៍​ធុរកិច្ច​ក្នុង​ក្រប​ខណ្ឌ នៃ​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់ និង​ទំនើប​កម្ម​គយ​រយៈពេល​មធ្យម ២០១៤-២០១៨ បាន​ផ្ដល់​ផ្លែផ្កា​ជា​បន្តបន្ទាប់​លើ​កិច្ចការ​គយ ដូច​ជា ការងារ​កំណត់​តម្លៃ​គិត​ពន្ធគយ ការងារ​គ្រប់គ្រង​ហានិភ័យ​គយ និង​ការងារ​សវន​កម្ម​ក្រោយ​ពេល​បញ្ចេញ​ទំនិញ​ពី​គយ​។

វឌ្ឍនភាព​ទាំងនេះ កំពុង​ក្លាយ​ជា​​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចូលរួម​ចំណែក​លើកកម្ពស់​អនុ​លោម​​ភាព​ច្បាប់ ជា​ពិសេស​វប្បធម៌​ពន្ធដារ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ធានា​បរិស្ថាន​ធុរកិច្ច​សមធម៌​មួយ ដែល​ជា​ផ្នែក​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ នៃ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់​​ប្រសិទ្ធភាព នៃ​ការ​ទាក់ទាញ​វិនិយោគ និង​សមត្ថភាព​ប្រកួតប្រជែង​ធុរកិច្ច​នៅ​កម្ពុជា​។

ការ​កាត់​បន្ថយ​នីតិវិធី​ត្រួតពិនិត្យ​នា​មាត់ច្រក​ព្រំដែន មក​បំពេញបន្ថែម​តាម​រយៈ​យន្តការ សវន​កម្ម​ក្រោយ​ពេល​បញ្ចេញ​ទំនិញ​ពី​គយ អាច​សម្រេច​បាន​នូវ​គោលបំណង​ពីរ​ព្រម​គ្នា ក្នុង​​ការ​រក្សា​តុល្យភាព រវាង​ការ​ផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​ធានា​បាន​នូវ​អនុ​លោម​ភាព​ច្បាប់​។

លោក នួន ច័ន្ទ​រិ​ទ្ធ បាន​គូសបញ្ជាក់​ថា ស្ថិត​ក្រោម​ប្រព័ន្ធ​សវន​កម្ម​គយ​នេះ រដ្ឋបាល​គយ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ត្រួតពិនិត្យ​បញ្ជីស្នាម​គណនេយ្យ របាយការណ៍​ហិរញ្ញវត្ថុ និង​កំណត់​ត្រា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​របស់​ធុរជន​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​។ ទន្ទឹម​នេះ ធុរជន​នានា មាន​កាតព្វកិច្ច​រក្សា​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​-​នាំ​ចូល របស់​ខ្លួន​រយៈពេល ១០​ឆ្នាំ សម្រាប់​បង្ហាញ និង​ផ្តល់​ជូន​មន្ដ្រី​សវន​ករ​គយ​ពិនិត្យ​។

លោក​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហការ​គាំទ្រ​របស់​វិស័យ​ឯកជន​ជា​បន្តបន្ទាប់​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើប​កម្ម​គយ​កន្លង​មក ក៏​ដូច​ជា​ចំពោះ​តំណាង​ធុរកិច្ច​នៅ​កម្ពុជា ដែល​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ