កាលពី៦ឆ្នាំមុន នៅពេលលោក វិន ឆ័យ កំពុងតែបង់សំណាញ់ត្រី គាត់ស្រាប់តែមានអារម្មណ៍ស្ពឹកដៃ និងជើងខាងស្តាំ ហើយក្រោយមកលោកក៏ត្រូវបានពេទ្យរកឃើញថា លោកបានកើតមានជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលដែលបានធ្វើអោយលោកពិកាដៃ និងជើងខាងស្តាំ រហូតមកដល់ពេលនេះ។
លោក វិន ឆាយ វ័យ៥២ឆ្នាំ រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មានភរិយាឈ្មោះ សាក់ ស៊ីថន វ័យ៥៦ឆ្នាំ និងមានកូន៣នាក់ (ស្រី២ ប្រុស១) ដែលជាមន្ត្រីរាជការមួយរូបនៃក្រសួងព័ត៌មានបានឲ្យដឹងថា រូបលោកបានធ្លាក់ខ្លួនពិការដៃស្តាំ និងជើងខាងស្តាំ ដោយសារតែកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ក៏ហៅថា ស្រូកតាំងពីឆ្នាំ២០១២ មកម្ល៉េះ ។
លោក វិន ឆាយ បញ្ជាក់ថា៖ «ខ្ញុំមានជំងឺលើសឈាម ប៉ុន្តែខ្ញុំច្រើនជម្នះ ខ្ញុំឥតចង់ប្រើថ្នាំពេទ្យ ថ្នាំបញ្ចុះឈាមអីនោះទេ ខ្ញុំឥតប្រើ ឥតប៉ះពាល់ថ្នាំទេ។ ដូច្នេះខ្ញុំជម្នះជាមួយនឹងជំងឺលើសឈាម ដោយការហាត់ប្រាណ ហើយតមអាហារណាដែលវាប៉ូវខ្លាំង អត់សូវញ៉ាំអាហារណាដែលប៉ះពាល់ដល់ការឡើងឈាម ប៉ុន្តែការហាត់ប្រាណ ការតមអាហារ ជួយយើងអត់បានទេ» ។
ពោលបណ្តើរព្យាយាមធ្វើចលនាដៃខាងស្តាំបណ្តើរ លោក វិន ឆាយ បានរម្លឹកទៅដល់ហេតុការណ៍មុនពេលលោកធ្លាក់ខ្លួនពិការមួយចំហៀងខ្លួនថា «មុនដំបូងគឺមានអាការៈ មួយចំនួនដូចជា ដៃ និងជើងខាងស្តាំមានអារម្មណ៍បុ័ងខ្ញាក ខ្ញាក ហើយប្រហែលជា១ ឬ២នាទីក្រោយដៃយើងចាប់ផ្តើមស្ពឹកៗ កាន់អ្វីលែងបាន ។ ពេលធ្វើទុក្ខ គឺពេលនោះកំពុងតែបង់សំណាញ់ (ចាប់ត្រី) ។ មានន័យថា ពេលបោះសំណាញ់ចូលក្នុងទឹកស្រះអត់មានបញ្ហាអីនោះទេ ។ ខណៈរៀបនឹងទាញសំណាញ់មកវិញ ដៃខាងស្តាំស្រាប់តែមានអារម្មណ៍ថា ញ័រខ្ញាកៗ អត់កម្លាំង ហើយក៏ស្ពឹកទាញសំណាញ់អត់រួចទេ គឺប្រឹងតែដៃខាងឆ្វេងទាញសំណាញ់» ។
លោកបានបន្តថា ដោយសារតែមានអារម្មណ៍មិនស្រួលក៏លីសំណាញ់ដើរមកកន្លែងធ្វើការវិញ ស្រាប់តែកូយដៃខាងស្តាំងរបស់គាត់កាន់តែឲ្យអារម្មណ៍ខ្ញាក់ ស្ពឹកៗ ហើយបោះជំហានបានត្រឹម ៤ ឬ ៥ ជំហាន ស្រាប់តែជើងខាងស្តាំធ្វើទុក្ខម្តង ខ្ញាកៗមកជើងហើយ ស្រាប់តែបោះជើងលែងរួច ។ ដល់ពេលដើរមិនរួចក៏ទម្លាក់ខ្លួនអង្គុយ នឹកគិតថាអង្គុយចុះក្រែងលោអាចធូរ ។
លោក វិន ឆាយ ពោលទាំងទឹកមុខស្រពោនថា៖ «ប៉ុន្តែមិនបានធូរនោះទេ បែរជាមានអាការៈពិបាកនិយាយ និយាយលែងលឺ គឺបានលឺត្រឹមតែ ២ ឬ ៣ ម៉ែត្រ ហើយក្រោយមកក៏និយាយលែងចេញតែម្តងទៅ» ។
ក្រោយពីត្រូវបានសាច់ញាតិ និងមិត្តភ័ក្ត្រយករូបលោកទៅមន្ទីរពេទ្យ ធ្វើការពិនិត្យ និងស្កេនខួរក្បាល ជាលទ្ធផលពេទ្យប្រាប់ថា រូបលោកមានដាច់សរសៃខួរក្បាលចំនួន២ ។ លោក វិន ឆាយបន្តទៀតថា ៖ «ជាធម្មតា អ្នកណាក៏អាចយល់បានដែរ កាលណាតែកើតជំងឺនេះហើយ គឺមិនអាចធ្វើការអីកើតទេ ទោះចង់ធ្វើក៏ធ្វើមិនកើតដែរ ។ វាពិតជាប៉ះពាល់សេដ្ឋកិច្ចគ្រួសារខ្លាំង សឹងតែនិយាយមិនចេញ ។ បើឈឺជំងឺនេះហើយគឺពិតជាពិបាកខ្លាំងណាស់ ទាំងជីវភាពគ្រួសារ ទាំងសុខភាពរាងកាយរបស់យើង ជាពិសេសវាប៉ះពាល់ផ្លូវចិត្តទៀតផង»។
ពោលបណ្តើរយកដៃម្ខាងទៀតមកប៉ះ និងដៃពិការខាងស្តាំបណ្តើរ លោក វិន ឆាយ ពន្យល់អំពីផលវិបាកដែលលោកពើបប្រទះរាល់ថ្ងៃយ៉ាងដូច្នេះថា៖ «ដូចខ្ញុំរាល់ថ្ងៃ គឺពិបាកវេទនាណាស់ ។ ពិបាកណាស់ គឺដៃនេះតែម្តង គឺវាមិនផ្តល់ការសុខស្រណុកផ្លូវចិត្តសោះតែម្តង សឹងតែកាត់ដៃមួយចំហៀងនេះចេញកុំឲ្យវាប៉ះជាមួយនឹងខ្លួន»៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ