ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​សំខាន់​ៗ​នៃ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ជុំវិញ​វិស័យ​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ក្រោម​ប្រធានបទ «​អភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​» ដែល​មាន​រយៈពេល​២​ថ្ងៃ (២០-២១…

រាជធានី​ភ្នំពេញ ៖ សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ក្រោម​ប្រធានបទ «​អភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​» ដែល​មាន​រយៈពេល​២​ថ្ងៃ (២០-២១ ខែមិថុនា ឆ្នាំ​២០១៨) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​បញ្ចប់​ហើយ​នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា កន្លង​មកនេះ ។

ឆ្លង​តាម​រយៈ​កិច្ច​ពិភាក្សា​ក្នុង​រយៈពេល​២​ថ្ងៃនេះ អង្គ​សន្និសីទ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន ជា​ពិសេស ប្រមូល​បាន​ធាតុ​ចូល​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​បង្ហាញ​ថា អង្គ​សន្និសីទ​បាន​កត់សម្គាល់​ពី​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក ដែល​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ និង​សមាសធាតុ​នៃ​អភិក្រម ការ​អប់រំ​បណ្តុះបណ្តាល​ឲ្យ​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ។ ដូច្នេះ ការ​បណ្តុះបណ្តាល​ត្រូវ​តម្រង់​ទិស​យុវជន​ឲ្យ​មាន​លទ្ធភាព​ត្រៀម​ទទួលយក​នូវ​ជំនាញ​ថ្មី​ៗ​បន្ថែម​ទៀត​នា​ពេល​បច្ចុប្បន្ន និង​អនាគត ។

លោក​រដ្ឋមន្ត្រី​បាន​បន្ដ​ថា អង្គ​សន្និសីទ​ក៏​បាន​មើលឃើញ​ពីសារ​សំខាន់​នៃ​ការ​សំយោគ​បញ្ចូល​គ្នា ដោយ​ត្រូវ​រៀបចំ​កម្មវិធី និង​ប្រព័ន្ធ​បណ្តុះបណ្តាល​ក្នុង​តំបន់​អាស៊ាន ដែល​ជា​មូលដ្ឋាន​រួម​ប្រកបដោយ​ភាព​បត់បែន ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​។ ទន្ទឹម​នឹង​នោះ ក៏​បាន​មើលឃើញ​ពី​ភាព​ចាំបាច់​នៃ​តួនាទី​របស់​ភាគី​ឯកជន ក្នុង​ការ​ចូលរួម​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ទីតាំង​អាជីវកម្ម ដើម្បី​រក្សា​មូលធន​មនុស្ស​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​របស់​ខ្លួន​ផង ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​ការ​សិក្សា​ក្នុង​ថ្នាក់​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ផង ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា អង្គ​សន្និសីទ​ក៏​បាន​កត់សម្គាល់​ពីសារ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័នរដ្ឋ​និង​ឯកជន អង្គការ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​ជំរុញ​ការ​វាយតម្លៃ និង​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ ជា​ពិសេស ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN MRA-TP) ។
ទន្ទឹម​នឹង​នោះ អង្គ​សន្និសីទ​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ​ការ​សិក្សា​ពេញ​មួយ​ជីវិត (Lifelong Learning) តាម​រយៈ​ការ​ដាក់ចុះ​នូវ​វិ​ថី​អភិវឌ្ឍ​ជំនាញ (Career Pathway) ដែល​ក្នុង​នោះ​ត្រូវ​គិតគូរ​ដល់​ការ​បណ្តុះបណ្តាល​អ្នកជំនាញ​ថ្មី និង​អ្នកជំនាញ​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន តាម​រយៈ​ការ​វាយតម្លៃ​ការ​សិក្សា​ពី​មុន​(Recognition of Prior Learning) និង​ការ​ពង្រឹងសមត្ថភាព​បន្ថែម ។ អង្គ​សន្និសីទ​បាន​កត់សម្គាល់​ពី​ភាព​ចាំបាច់​របស់​វិស័យ​ទេសចរណ៍ ក្នុង​ការ​ចូលរួម​សម្រេច​គោលដៅ​ប្រកបដោយ​និរន្តរភាព​(SDGs)​របស់​អង្គ​សហប្រជាជាតិ ជា​ពិសេស តាម​រយៈ​ការ​អប់រំ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍ ។

លោក​ថា ផ្តើម​ចេញពី​ការ​កត់សម្គាល់​ខាងលើ អង្គ​សន្និសីទ​ក៏​បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្លើយ​តប​ទៅ​នឹង​កិច្ចព្រមព្រៀង MRA-TP ព្រមទាំង​បាន​ជំរុញ​ការ​បង្កើត​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ និង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ ក៏​ដូច​ជា​បង្កើត​ឲ្យ​មាន​គោលនយោបាយ​ក្នុង​ការ​ទទួលស្គាល់​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ឯកជន​ជា​ដៃគូ ក្នុង​ការ​អនុវត្ត​កម្មវិធី​សិក្សា​អាស៊ាន (ASEAN MRA-TP) ផង​ដែរ ។

ទន្ទឹម​នឹង​នេះ អង្គ​សន្និសីទ​បាន​អបអរសាទរ​ចំពោះ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មួយ​ចំនួន​នៅ​កម្ពុជា ក្រោម​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​អនុវត្ត​នូវ​កម្មវិធី​ឥណទាន​កម្ចី​ដល់​សិស្ស​សម្រាប់​ជំនាញ​ទេសចរណ៍ (Study Loans for Tourism Skills) ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​តាម​ស្តង់ដា​អាស៊ាន នៅ​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ