រាជធានីភ្នំពេញ ៖ លោកយូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងថា«សម្តេចក្រុមព្រះបានមានសភាពធូរស្រាល តែមិនត្រូវបានទូលពីស្ថានភាពពិតអ្នកម្នាងបានមរណភាពនោះទេ ។ គណបក្សនឹងបញ្ជូនមេធាវីពិនិត្យមើលឯកសារនៅតុលាការ» ។ ការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ របស់អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។
លោកយូ ហុកគ្រីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលើកឡើងថា«យើងទទួលស្គាល់ការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចនគរបាល និងបន្តបញ្ជូនមេធាវីសិក្សាលើកសំណុំរឿងនេះនៅតុលាការ ។ ករណីចុងក្រោយនៃរឿងនេះនៅតុលាការ ការចោទប្រកាន់ជនបង្កលុះត្រាណាមានដើមបណ្តឹង ។
លោកថា ពេលនេះសម្តេចក្រុមព្រះកំពុងសម្រាកព្យាបាលដោយគ្រូពេទ្យ ហើយទ្រង់មានអាការធូរស្រាលនឹងអាចយាងមកកម្ពុជាវិញនៅពេលខាងមុខនេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានលោកយូ ហុកគ្រីបានលើកឡើងថា តាមរយៈអ្នកនៅជិតសម្តេចក្រុមព្រះនោះថា សុខភាពរបស់ទ្រង់បានស្រួលជាងមុនហើយ ។ ទ្រង់សូមអរគុណចំពោះអ្នកដែលយកចិត្តទុកដាក់ទ្រង់ទាំងអស់ ។
លោកថា ពេលដឹងខ្លួន និងមានបន្ទូលរួចនោះសម្តេចក្រុមព្រះបានសូមឲ្យពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោត និងកុំជឿតាមការញុះញ៉ង់របស់គេថា«នៅផ្ទះឈ្នះឯងនោះវាមិនអាចទៅរួចទេ ព្រោះវាជាឱកាស៥ឆ្នាំម្តង ។ នេះជាការសំដែងឆន្ទះរបស់បងប្អូន» សម្រាប់ការបោះឆ្នោតសកល ។
លោកយូ ហុកគ្រីបានលើកឡើងទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានបង្កើតគណៈកម្មការដោះស្រាយបញ្ហាដែលមានលោកផ្ទាល់លោក ប៉ោ ប៊ុនស្រ៊ី, លោក ញ៉េប ប៊ុនជិន , លោក យឹម សាវី, និងលោក វ៉ានសុផាន់ណា ។ គណៈកម្មាការនេះមានដំណើរការធម្មតាក្នុងការដឹកនាំគណបក្សឆ្ពោះទៅរកការបោះឆ្នោតឈានទៅរកការជោគជ័យ ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានលោកថ្លែងប្រាប់អ្នកសារព័ត៌មានលោកយូ ហុកគ្រីបានលើកឡើងថា ខ្ញុំមិនអាចវាយតម្លៃថាការព្យាបាលនោះចំណាយអស់ប៉ុន្មានទេ ។ តែសុខភាពទ្រង់បានធូរស្រាលច្រើន ។ ការព្យាបាលនេះក្រុមហ៊ុនធានារ៉ាបរងចំណាយច្រើន និងមានព្រះរាជប្រទានពីព្រះមហាក្សត្រ និងសម្តេចម៉ែជួយរហូតតាំងពេលគ្រោះថ្នាក់ និងដល់ពេលមន្ទីរពេទ្យថៃ ។
លោកបានលើកឡើងថា បច្ចុប្បន្នភាពរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនៅដំណើរការធម្មតាដឹកនាំដោយគណៈកម្មការ៤រូប និងលេខា១រូប ។លោកថា គ្រោះថ្នាក់មិនមែនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ តែអាចទាញសន្តានចិត្តបងប្អូននៅមូលដ្ឋានវិញទេ ។ ចំពោះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះវិញ លោកយូ ហុក គ្រី បានបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិចមិនបានចូលរួមស៊ើបអង្កេតជាមួយអាជ្ញាធរទេ ។
លោកថា«ខ្ញុំគិតថាយើងមិនបានចូលរួមស៊ើបអង្កេតទេ ដូច្នេះយើងសង្ឃឹមទៅលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃដែលមាននគរបាលដែលបានធ្វើការងារនេះ»។ លោកថា«លទ្ធផលដែលទទួលបានបឋមនេះយើងត្រូវតែទទួលយ៉ាងហោចណាស់ក៏បណ្តោះអាសន្នដែរ រហូតដល់នីតីវិធីនេះត្រូវបានចាត់ការតាមផ្លូវច្បាប់ជាធរមាន៕
ចែករំលែកព័តមាននេះ