ខេត្តប៉ៃលិន ៖ បើដាក់ចិត្តទៅធ្វើការនៅប្រទេសគេហើយ កុំរំពឹងតែប្រាក់ខែ ត្រូវតែព្យាយាមចាប់ជំនាញឲ្យស្ទាត់ មិនថាការងារនោះតូច ឬធំឡើយ ដើម្បីយកមកអនុវត្ត ឬបម្រើការនៅប្រទេសយើងវិញ ។ តើបងប្អូនពលករខ្មែរយើងប៉ុន្មាននាក់ហើយដែលមានគំនិតបែបនេះ ? អឿន សល់ ជាស្ត្រីក្នុងគ្រួសារក្រីក្រម្នាក់ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ព្រោះតែជីវភាពយ៉ាប់យឺនពេក ក៏បានបែកពីប្ដីពីកូន ធ្វើចំណាកស្រុកទៅស៊ីឈ្នួលមើលថែផ្សិតនៅក្នុងកសិដ្ឋានបណ្ដុះផ្សិតមួយកន្លែងក្នុងខេត្តចាន់បូរី ប្រទេសថៃ ។
ដោយសារការមើលថែយូរខែឆ្នាំទៅ ស្ដ្រីរូបនេះក៏មានគំនិតចង់ចេះជំនាញនេះមកបង្កើតរបរនៅឯស្រុកកំណើត ព្រោះខ្លួនមិនអាចពឹងតែលើប្រាក់ខែនោះទេ ។ ក្រោយពីសម្រេចចិត្តហើយ ក៏សុំថៅកែថៃរៀនពីវិធីបណ្ដុះផ្សិត ប៉ុន្ដែត្រូវថៅកែតម្រូវឲ្យបង់ថ្លៃចំនួន៤ម៉ឺនបាត (ស្មើប្រមាណ១.២៥០ដុល្លារអាមេិក) ទើបគេបង្រៀន ។ ទោះបីយ៉ាងនេះក្ដី នាងនៅតែខិតខំរកប្រាក់ដើម្បីសម្រេចបំណងប្រាថ្នារបស់នាងហើយត្រឡប់មកបណ្ដុះផ្សិតលក់នៅឯស្រុកកំណើត ធ្វើឲ្យជីវភាពគ្រួសារនាងប្រសើរឡើងជាលំដាប់ ។
ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានកោះសន្ដិភាពថា នាងមានប្តីឈ្មោះ ទឺង ចិន អាយុ៤០ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់ ស្រី១ និងបានចាប់ផ្ដើមរបរនេះអស់រយៈពេល៦ឆ្នាំហើយ ឃើញថា លទ្ធផលជីវភាពទៅមុខយ៉ាងរលូន ។ ក្នុង១ថ្ងៃៗ បើផ្សិតអត់សូវដុះសោះ ក៏អាចរកប្រាក់ចំណូលបានពី៥ទៅ៦ម៉ឺនរៀលដែរ តែបើមានដុះច្រើនវិញ ក្នុង១ថ្ងៃៗអាចរកចំណូលបាន១៥ទៅ២០ម៉ឺនរៀល និងលើសនេះ ។ ស្ត្រីរូបនេះបន្ដថា ៖« តាមពិត របរនេះរៀនមិនច្រើនថ្ងៃទេ គ្រាន់តែគេបង្ហាញបន្ដិចបន្តួច គឺយើងអាចយកមកអនុវត្តបានហើយ » ។ អ្នកស្រីថា ៖« ដំបូងឡើយ ខ្ញុំស៊ីឈ្នួលធ្វើជាកម្មករមើលថែផ្សិតឱ្យគេនៅក្នុងខេត្តចាន់បូរី ប្រទេសថៃ តែដោយចាប់អារម្មណ៍នឹងរបរបណ្តុះផ្សិតលក់ ទើបសុំរៀនសូត្រពីថៅកែថៃម្នាក់នោះ។ ការរៀនបានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ថៅកែតម្រូវឱ្យខ្ញុំបង់ថ្លៃចំនួន៤ម៉ឺនបាត ។ ក្រោយពីចេះដឹងនូវរបៀបផ្សំគ្រឿង និងវិធីបណ្តុះផ្សិតរួចរាល់ ខ្ញុំក៏ប្រញាប់ត្រឡប់មកស្រុកវិញ ហើយចាប់ផ្តើមធ្វើភ្លាមៗតែម្តង » ។
អ្នកស្រី អឿន សល់ បញ្ជាក់ថា ៖« មុនដំបូង ខ្ញុំចាប់ផ្តើមយកគ្រឿងផ្សំមាន កន្ទក់ ម្សៅដំណើប កំបោរសហូបម្លូ រួចយកទៅលាយជាមួយស្នូលពោត ដុតភ្លើងចំហុយរយៈពេល៥ម៉ោង ហើយរក្សាទុក២យប់ ទើបច្រកក្នុងថង់ដាក់ព្យួរតែម្តង ដោយសាកល្បងត្រឹមតែ១០០ទៅ២០០ថង់ប៉ុណ្ណោះ ។ ក្នុងអំឡុងពេលនោះ ខ្ញុំពិតជាភ័យអរៗ ព្រោះមិនទាន់ដឹងថា លទ្ធផលយ៉ាងណានោះទេ ។ ក្រោយពីឃើញវាដុះល្អ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះលទ្ធផលរបស់ខ្ញុំបានសម្រេចហើយ និងចាប់ផ្ដើមបេះលក់រាយ ដោយពុំទាន់មានម៉ូយដុំនោះទេ » ។
អ្នកស្រីបន្ដថា រយៈពេល១ឬ២ឆ្នាំក្រោយមក ទីផ្សារក៏ចេះតែល្បីទៅៗ និងមានគេកុម្មង់ទិញទៅបណ្តុះលក់នៅខេត្តកំពត៥.០០០ថង់ ហើយក្រោយមកបានកើនឡើងដល់១ម៉ឺនទៅ២ម៉ឺនឯណោះ ។ ចាប់ពីពេលនោះមក ទីផ្សារផ្សិតរបស់អ្នកស្រីកាន់តែទូលំទូលាយ និងមានគេកុម្មង់ទិញសម្រាប់ផ្គត់ផ្គង់តាមភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមកាស៊ីណូព្រំដែនកម្ពុជា-ថៃ រៀងរាល់ថ្ងៃ ធ្វើឲ្យអ្នកស្រីមិនពិបាករកទីផ្សារឡើយ ។
អ្នកស្រីអះអាងថា ៖« រាល់ថ្ងៃ ខ្ញុំបេះផ្សិតលក់រាយចាប់ពី១០ទៅ២០គីឡូក្រាម ដោយ១គីឡូលក់បានប្រាក់៥.០០០រៀល ហើយនៅរដូវប្រាំងអាចលក់បានរហូតដល់ទៅ៧.០០០រៀលឯណោះ ហើយខ្ញុំបេះវាហូរហែ ធ្វើឲ្យជីវភាពរបស់ខ្ញុំមិនខ្វះមុខខ្វះក្រោយដូចមុនឡើយ ហើយទៅថ្ងៃអនាគត ខ្ញុំមានផែនការនឹងទំនុកបម្រុងការសិក្សាកូនៗឲ្យរៀនបានខ្ពង់ខ្ពស់ ព្រោះកូនស្រីច្បងរៀនថ្នាក់ទី១២ហើយ ចំណែកកូនទី២រៀនថ្នាក់ទី១០ និងកូនប្រុសពៅរៀនថ្នាក់ទី៣ » ៕
ចែករំលែកព័តមាននេះ